ជាតិ
ក្រោយបាត់បក្សសង្គ្រោះជាតិ លោក ម៉ម សូណង់ដូ ប្រកាសកាន់ទង់ប្រជាធិបតេយ្យ ដើម្បីបន្តការតស៊ូ
× ភ្នំពេញ៖ ការឈានជើងចូលក្នុងឆាកនយោបាយសាជាថ្មីរបស់លោក ម៉ម សូណង់ដូ គឺមិនមែនដើម្បីធ្វើជាអ្នកប្រឆាំង ជំនួសឲ្យគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយនោះទេ។ ប៉ុន្តែ លោក មានបំណងលើកស្ទួយប្រជាធិបតេយ្យនិងសិទ្ធិមនុស្សនៅកម្ពុជា ក្រោយអវត្តមានគណបក្សប្រឆាំង។
លោក ម៉ម សូណង់ដូ អ្នកនយោបាយដែលមានវ័យដល់ទៅ៧៥ឆ្នាំហើយនោះ បានសម្រេចចិត្ត វិលមកកាន់តំណែងជាប្រធានគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យឡើងវិញ បន្ទាប់ពីលោក បានដើរចេញ ហើយទុកឲ្យអ្នកដទៃ ដឹកនាំជំនួសអស់មួយរយៈកន្លងមក។ លោក ម៉ម សូណង់ដូ អះអាងថា ការបាត់បង់គណបក្សសង្គ្រោះជាតិពីកម្ពុជា គឺជាហេតុផលចម្បង ដែលជំរុញឲ្យលោក វិលមកចូលឆាកនយោបាយម្តងទៀត។
លោក ម៉ម សូណង់ដូ ទំនងជាចង់បញ្ជាក់ថា លោក ត្រូវតែត្រឡប់មកតស៊ូ ដើម្បីប្រជាធិបតេយ្យនៅកម្ពុជា បន្ទាប់ពីមិនមានគណបក្សសង្គ្រោះជាតិ។ យ៉ាងណាក៏ដោយ លោក បកស្រាយថា លោក រួមទាំងគណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ គ្មានបំណងធ្វើជាគណបក្សប្រឆាំង ជំនួសគណបក្សសង្គ្រោះជាតិឡើយ។
ក្នុងបទសម្ភាសជាមួយវិទ្យុអាស៊ីសេរី នៅថ្ងៃទី១២ ខែមីនា ឆ្នាំ២0១៨ លោក ម៉ម សូណង់ដូ បាននិយាយយ៉ាងដូច្នេះថា៖«ខ្ញុំ មិនមានបំណងជំនួសគណបក្សសង្គ្រោះជាតិនោះទេ។ [ប៉ុន្តែ] អ្វីដែលខ្ញុំត្រូវតស៊ូក្នុងនាមខ្ញុំជាអ្នកប្រជាធិបតេយ្យ គឺខ្ញុំ ត្រូវកាន់ទង់ជ័យអ្នកប្រជាធិបតេយ្យតទៅទៀត»។
បន្ទាប់មក លោក ម៉ម សូណង់ដូ ក៏ថ្លែងការពារថា ការសម្រេចវិលមកកាន់ឆាកនយោបាយលើកនេះ គឺជាឆន្ទៈរបស់លោក ដោយមិនមានការជំរុញពីគណបក្សកាន់អំណាចនោះទេ។ អ្នកនយោបាយច្រើនជំនាន់រូបនេះ បានប្រាប់វិទ្យុអាស៊ីសេរីក្នុងបទសម្ភាសនោះថា៖«មិនមែនលោក ហ៊ុន សែន ឲ្យភ្លើងខៀវទេ។ ទោះជាមិនឲ្យ ក៏ខ្ញុំធ្វើដែរ។ ខ្ញុំ មានមហិច្ឆតាមួយ គឺការពារសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋ និងលទ្ធិប្រជាធិបតេយ្យសេរី ពហុបក្សនៅស្រុកខ្មែរ។ ហើយប្រជាពលរដ្ឋ គាំទ្រខ្ញុំ ឬមិនគាំទ្រ គឺជាសិទ្ធិរបស់គាត់»។
កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០១៨ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ បានធ្វើសមាជវិសាមញ្ញ ដើម្បីបើកផ្លូវឲ្យលោក ម៉ម សូណង់ដូ ទៅកាន់តំណែងជាប្រធានឡើងវិញ។ ចំណែកឯ អនុប្រធានគណបក្សពីររូបទៀត ដែលរួមមាន លោក ផាត់ ស៊ីកាន និងលោក ហាង គឹមស្រឿន ក៏ត្រូវបានជ្រើសតាំងក្នុងសមាជវិសាមញ្ញនោះដែរ។
កាលពីពាក់កណ្តាលឆ្នាំ២0១៥ គណបក្សសំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ត្រូវបានបង្កើតឡើង ដោយស្ថិតនៅក្រោមការដឹកនាំផ្ទាល់របស់លោក ម៉ម សូណង់ដូ ដែលជាស្ថាបនិក។ ប៉ុន្តែ ក្រោយការបោះឆ្នោតជ្រើសរើសសមាជិកក្រុមប្រឹក្សាឃុំ សង្កាត់ អាណតិ្តទី៤ ក្នុងឆ្នាំ២0១៧ លោក ម៉ម សូណង់ដូ ក៏បានលាឈប់ពីតំណែងប្រធានគណបក្ស ដោយសារតែមិនទទួលបានការគាំទ្រតាមការរំពឹងទុក។ ក្រោយលោកចាកចេញ តំណែងជាប្រធានគណបក្ស បានធ្លាក់ទៅលើលោកស្រី ហួន ផាន់ណារី ដែលជាអតីតជំនួយការរបស់លោក៕
© រក្សាសិទ្ធិដោយ thmeythmey.com