កីឡាជាតិ
ជាតិ
កូនគោល​បន្ថែម​សមាជិក​ប្រតិបត្តិ​ថ្មី​៥​រូប និង​ដាក់​ផែនការ​៨​ចំណុច​សម្រាប់​ឆ្នាំ​២០១៨
04, Apr 2018 , 9:26 am        
រូបភាព
ដោយ:
​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា រៀបចំ​សន្និបាត​បូកសរុប​ការងារ​ប្រចាំឆ្នាំ​២០១៧ និង​ដាក់​ទិសដៅ​អនុវត្តន៍​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២ មេសា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា​(NOCC)​។ ក្នុង​សន្និបាត​នោះ សហព័ន្ធ​បានបង្ហាញ​សមាជិក​ប្រតិបត្តិ​ថ្មី​ចំនួន​៥​រូប និង​ដាក់​ផែន​សកម្មភាព​៨​ចំណុច ដើម្បី​អភិវឌ្ឍន៍​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុជា​។

   

​ក្រោយ​សមាជិក​ប្រតិបត្តិ​៣​រូប​រួមមាន​លោក នូ អេ​លី​ដែន លោក ពៅ ពេជ្រ​មេត្តា និង​លោក ថោង សុខាំ​មុន្នី សុំ​លាឈប់ ដើម្បី​យក​ពេលវេលា​ហ្វឹកហាត់​ពង្រឹងសមត្ថភាព​ក្នុង​ក្រុម​ជម្រើសជាតិ​។ សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា បាន​បន្ថែម​សមាជិក​ថ្មី​៥​រូប ដើម្បី​ជំនួស​តំណែង​សមាជិក​ទាំងនេះ ក៏ដូចជា​ទ្រទ្រង់​ដំណើរការ​អភិវឌ្ឍន៍​វិស័យ​កីឡាវាយកូនគោល​នៅ​កម្ពុជា​។​

​ក្នុងនោះ​លោក​ឧ​ត្ត​ម​សេនីយ៍ សៅ ច័ន្ទ​តារា និង​លោក សុខ សុធី​រ៉ា ត្រូវបានតែងតាំង​ជា​អគ្គលេខាធិការរង រីឯ​លោក កែវ រស់ អគ្គ​ហិ​រញ្ញឹក និង​អ្នកស្រី តិ​ម៉ា វិ​ច្ឆ​កាល និង​លោក សុខ វណ្ណា ជា​សមាជិក ខណៈ​សមាជិក​ប្រតិបត្តិ​ដែល​សុំ​លាឈប់​ទាំងបី​មាន​តួនាទី​ជា​សមាជិក​។

«​ដោយសារ​សមាជិក​ប្រតិបត្តិ​របស់​យើង​ចំនួន​៣​រូប ដែលជា​កីឡាករ​ជម្រើសជាតិ គាត់​សុំ​សម្រាក​ពី​ការងារ ដើម្បី​យក​ពេល​ហ្វឹកហាត់​ពង្រឹងសមត្ថភាព សហព័ន្ធ​បានសម្រេច​បន្ថែម​សមាជិក​ថ្មី​៥​រូប​មក​ជំនួស​។ ការបន្ថែម​នេះ វា​ធ្វើ​ឲ្យ​យើង​មាន​កម្លាំង​កាន់តែច្រើន​ក្នុងការ​ចូលរួម​គាំទ្រ និង​លើកស្ទួយ​វិស័យ​កីឡា​កូនគោល​របស់​យើង​»​។ នេះ​ជាការ​លើកឡើង​របស់​អគ្គ​លេខាធិការ​សហព័ន្ធ លោក ជា បូរ៉ា ពេល​តំណាង​សម្តេច ទៀ បាញ់ ប្រធាន​សហព័ន្ធ ក្នុង​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៧ និង​ទិសដៅ​សម្រាប់​ឆ្នាំ​២០១៨ កាលពី​ថ្ងៃទី​២ មេសា ឆ្នាំ​២០១៨ នៅ​ទីស្នាក់ការ NOCC​។​



​ទន្ទឹមនឹងនេះ លោក ជា បូរ៉ា ជំរុញ​ឲ្យ​មន្ត្រី​សហព័ន្ធ និង​អ្នកពាក់ព័ន្ធ​ទាំងអស់ ត្រូវ​បន្ត​អនុវត្តន៍​ការងារ​ក្នុង​ដែន​សមត្ថកិច្ច​រៀងៗ​ខ្លួន​ក្នុង​ស្មារតី​យកចិត្តទុកដាក់​ជាមួយ​ទំនួល​ខុសត្រូវ​ខ្ពស់ ដើម្បី​សម្រេច​គោលដៅ​តាម​ផែនការ​យុទ្ធសាស្ត្រ​៤​ឆ្នាំ​រំកិល​របស់ NOCC​។ ការជំរុញ​នេះ ដើម្បី​បង្កើន​គុណ​ផល​កីឡាវាយកូនគោល​ឲ្យ​ឈានទៅរក​កម្រិត​ខ្ពស់​សម្រាប់​ត្រៀម​ស៊ី​ហ្គេម​ឆ្នាំ​២០២៣​ដែល​កម្ពុជា​ធ្វើជា​ម្ចាស់ផ្ទះ​។

​ដើម្បី​ជួយ​ជំរុញ​ដល់​ការអភិវឌ្ឍន៍​វិស័យ​កីឡាវាយកូនគោល​ឲ្យ​កាន់​តែមាន​ប្រសិទ្ធភាព សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​បាន​ដាក់ចេញ​ផែនការ​យុទ្ធសាស្ត្រ​ចំនួន​៨​ចំណុច​រួមមាន បើក​សាលា​បណ្តុះបណ្តាល​កីឡាវាយកូនគោល​សម្រាប់​កុមារ និង​យុវជន​, ប្រមូលផ្តុំ​យុវជន​ថ្នាល​ដើម្បី​ការហ្វឹកហាត់​, ប្រមូលផ្តុំ​កីឡាករ​កីឡាការិនី​ជម្រើសជាតិ​, បញ្ជូន​កីឡាករ​ទៅ​ហ្វឹកហាត់​នៅ​បរទេស​, ប្រកួត​ពានរង្វាន់​ថ្នាក់ដឹកនាំ​, ត្រៀម​កីឡាករ​ដើម្បី​ចូលរួម​ប្រកួត​កីឡា​ជាតិ​, ជ្រើសរើស​គ្រូបង្វឹក​កុមារ ថ្នាល និង​យុវជន និង​បណ្តុះបណ្តាល​អាជ្ញាកណ្តាល​ចៅក្រម និង​ច្បាប់​នៃ​កីឡាវាយកូនគោល​។

​សមាជិក​ប្រតិបត្តិ​របស់​សហព័ន្ធ​កីឡាវាយកូនគោល​កម្ពុជា​មាន​១១​រូប​រួមមាន សម្តេច ទៀ បាញ់ ប្រធាន​, លោក ឯក សុខ​ចាន់ អនុប្រធាន​, លោក ជា បូរ៉ា អគ្គលេខាធិការ​, លោក ស៊ឹម ស៊ូ​យុង​, លោក​ឧកញ៉ា ឆោម សំបូរ​, លោក ម៉ុ​ន សុខ​ជា​, លោក សៅ ច័ន្ទ​តារា និង​លោក សុខ សុធី​រ៉ា អគ្គលេខាធិការរង​, លោក កែវ រស់ អគ្គ​ហិ​រញ្ញឹក និង​អ្នកស្រី តិ​ម៉ា វិ​ច្ឆ​កាល និង​លោក សុខ វណ្ណា ជា​សមាជិក​៕     

Tag:
 កូនគោល​
  ជា បូរ៉ា​
© រក្សាសិទ្ធិដោយ thmeythmey.com