ជាតិ
អតីតមន្ត្រី​បក្សប្រឆាំង ត្រូវបាន​អនុញ្ញាត​ឲ្យ​ជួប​អ្នក​ជាប់ឃុំ លើកលែងតែ​លោក មា​ជ សុវណ្ណារ៉ា​
04, Apr 2018 , 5:14 pm        
រូបភាព
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ រូពពីគេហទំព័ររបស់គណបក្សសង្គ្រោះជាតិ
លោក អ៊ូ ច័ន្ទរ័ត្ន អតីតតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ។ រូពពីគេហទំព័ររបស់គណបក្សសង្គ្រោះជាតិ
ដោយ: ថ្មីៗ
​បន្ទាប់ពី​ស្នើសុំ​ម្តង​ជា​ពីរដង អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​យល់ព្រម​ឲ្យ​លោក អ៊ូ ច័ន្ទ​រ័ត្ន អតីត​តំណាងរាស្ត្រ គណបក្ស​សង្គ្រោះ​ជាតិ ចូលជួប​លោក អ៊ុំ សំអាន អតីត​តំណាងរាស្ត្រ​ដូចគ្នា រួមទាំង​សកម្មជន​ជាង​១0​នាក់​ផ្សេងទៀត ដែល​កំពុង​ជាប់ឃុំ​ក្នុង​ពន្ធនាគារ​។ លោក អ៊ូ ច័ន្ទ​រ័ត្ន ប្រាប់ថា លោក និង​អតីតមន្ត្រី​បក្សប្រឆាំង​២​នាក់​ទៀត នឹង​ចូលទៅ​ជួប​អ្នក​ជាប់ឃុំ​ទាំងនោះ ក្នុង​ពន្ធនាគារ​ព្រៃ​ស នៅ​ព្រឹក​ថ្ងៃទី​៥ ខែមេសា ឆ្នាំ​២0១៨​។



​លោក អ៊ូ ច័ន្ទ​រ័ត្ន បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ តាម​ទូរ​សព្ទ​យ៉ាង​ដូច្នេះ​ថា​៖«​យើង អរគុណ​អគ្គនាយកដ្ឋាន​ពន្ធនាគា​រ ដែល​យោគយល់ និង​អនុញ្ញាត​ឲ្យ​បាន​ចូល​សួរសុខទុក្ខ​ពួកគាត់​។ យើង នឹករលឹក​ពួកគេ ក្នុងនាម​ជាស​ហការី ដែល​ធ្លាប់​ធ្វើការ​ជាមួយគ្នា​»​។

​យ៉ាងណាក៏ដោយ អគ្គនាយកដ្ឋាន​ពន្ធនាគា​រ មិន​អនុញ្ញាត​ឲ្យ​លោក អ៊ូ ច័ន្ទ​រ័ត្ន ជួប​លោក មា​ជ សុវណ្ណារ៉ា អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ នោះទេ​។ តាមរយៈ​លិខិត ដែល​ផ្ញើជូន​លោក អ៊ូ ច័ន្ទ​រ័ត្ន អគ្គនាយកដ្ឋាន​ពន្ធនាគា​រ បាន​លើក​ហេតុផល​ថា លោក មា​ជ សុវណ្ណារ៉ា បាន​ប្រព្រឹត្ត​បទល្មើស ដែលផ្ទុយពី​បទបញ្ជាផ្ទៃក្នុង​របស់​ព​ន្ធ​នាគារ​។

​កាលពី​ប៉ុន្មាន​ថ្ងៃមុន មាន​ព័ត៌មាន​លេច​ឮថា លោក មា​ជ សុវណ្ណារ៉ា បាន​លួច​ប្រើប្រាស់​ទូរ​សព្ទ​ក្នុង​ពន្ធនាគារ​។ សូម្បីតែ​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ប្រតិកម្ម​នឹង​រឿង​នេះដែរ រហូតដល់​ព្រមាន​ដក​មេ​ពន្ធ​គារ​ចេញពី​តំណែង បើ​គ្រប់គ្រង​មិនបាន​ល្អ​។

​គួររម្លឹកថា កាលពី​អំឡុង ខែតុលា ឆ្នាំ​២០១៦ លោក អ៊ុំ សំអាន ត្រូវបាន​តុលាការ កាត់ទោស​ជាប់ពន្ធនាគារ ២​ឆ្នាំ ៦​ខែ និង​ពិន័យ​ជា​ប្រាក់​៤​លាន​រៀល ពីបទ​«​ញុះញង់​នាំ​ឲ្យ​មានការ​រើសអើង និង​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជាអាទិ៍​» ទាក់ទង​នឹង​ការរិះគន់​ពី​បញ្ហា​ព្រំដែន​។ 

​រីឯ លោក មា​ជ សុវណ្ណារ៉ា រួមទាំង​សកម្មជន​បក្សប្រឆាំង​ជាង​១០​នាក់​ទៀត ត្រូវបាន​កាត់ទោស​ឲ្យ​ជាប់ពន្ធ​គារ ពី​៧​ឆ្នាំ ទៅ​២០​ឆ្នាំ​។ តុលាការ បាន​ចោទ​ពួកគេ​ថា បាន​ចូលរួម និង​ដឹកនាំ​ធ្វើ​កុបកម្ម​ប្រឆាំង​អាជ្ញាធរ​សាធារណៈ នៅក្បែរ​ទីលាន​ប្រជាធិបតេយ្យ កាលពី​ខែកក្កដា ឆ្នាំ​២០១៤៕


Tag:
 អ៊ូ ច័ន្ទ​រ័ត្ន​
© រក្សាសិទ្ធិដោយ thmeythmey.com