ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក John BOCSKAY៖«​យើង​រីករាយ​នឹង​សន្តិភាព​ដែល​បាន​ពី​ការលះបង់​ជីវិត​របស់​ទាហាន​សម័យមុន​»
04, Apr 2018 , 5:27 pm        
រូបភាព
​សោកនាដកម្ម​បានចាប់ផ្តើម​នៅ​ថ្ងៃទី​២៥​ខែមិថុនា​ឆ្នាំ​១៩៥០​។ សង្គ្រាម​បង្ហូរឈាម​បងប្អូន​ឯង​របស់​កូរ៉េ​បានចាប់ផ្តើម​។ ប្រទេស​ចំនួន​២១​បាន​បញ្ជូន​កងទ័ព​ស​រុ​ប​១៧៥៤៤០០​នាក់​ទៅក្នុង​សមរភូមិ​ស​ង្គ្រា​ប​បងប្អូន​កូរ៉េ ហើយ​ក្នុងចំណោម​ពួកគេ​ទាំងនេះ មាន​កងទ័ព​៤០៨៩៦​នាក់​បាន​ស្លាប់​។ ថ្ងៃទី​២៧​ខែកក្កដា​ឆ្នាំ​១៩៥៣ សង្គ្រាមស៊ីវិល​បាន​ផ្អាក​។  បន្ទាប់មក រដ្ឋាភិបាល​សាធារណរដ្ឋ​កូរ៉េ​បានស្នើ​ទៅ​អង្គការសហប្រជាជាតិ​ដើម្បី​កសាង​ទី​បញ្ចុះសព​មួយ​ដើម្បី​រម្លឹក​ដល់​ជីវិត​កងទ័ព​របស់​អង្គការសហប្រជាជាតិ​ដែល​បាន​បាត់បង់​ក្នុង​សង្គ្រាម​៣​ឆ្នាំ​នោះ​។ ក្នុង​ខែវិច្ឆិកា​ឆ្នាំ​១៩៥៩ ទី​បញ្ចុះសព​របស់​អង្គការសហប្រជាជាតិ (United Nations Memorial Cemetery in Korea) ត្រូវបាន​អនុម័ត ហើយ​តាំងពី​ឆ្នាំ​១៩៧៤ គណៈកម្មាធិការ​មួយ​ដែលមាន​សមាសភាព​មក​ពី​១១​ប្រទេស ត្រូវបាន​ប្រគល់​ឲ្យ​ចាត់ចែង​ទី​បញ្ចុះសព​នេះ ដែល​ស្ថិតនៅក្នុង​ទីក្រុង​ប៊ូសាន​នៃ​សាធារណរដ្ឋ​កូរ៉េ​។



​លោក John BOCSKAY នាយក​កិច្ចការ​អន្តរជាតិ​នៃ​ទី​បញ្ចុះសព​សម្រាប់​ការចងចាំ​នៃ​អង្គ​សហប្រជាជាតិ​នៅ​សាធារណរដ្ឋ​កូរ៉េ (UNMCK) (​ក្នុង​ទីក្រុង​ប៊ូសាន​) បានផ្តល់​បទ​សម្ភាស​មួយ​ដល់​លោក លាង ដឺ​លុច អគ្គនាយក​នៃ​សារព័ត៌មាន​ថ្មីៗ ដើម្បី​និយាយ​អំពី​អត្ថន័យ និង​ចំនួន​សព​កងទ័ព​ដែល​ត្រូវបាន​បញ្ចុះ​នៅ​ទីនោះ​។​

​លោក លាង ដឺ​លុច​៖ តើ​ក្នុង​មួយឆ្នាំ UNMCK ទទួលបាន​អ្នកទស្សនា​ប៉ុន្មាន​នាក់ ហើយ​ពួកគេ​មកពី​មជ្ឈដ្ឋាន​ណាខ្លះ​?


​លោក John BOCSKAY៖ យើង​ទទួលបាន​អ្នកទស្សនា​ប្រមាណ​៣​សែន​នាក់​ក្នុង​មួយឆ្នាំ​។ ពីមួយថ្ងៃ​ទៅមួយថ្ងៃ ចំនួន​អ្នក​មក​ទស្សនា​ទីនេះ​កាន់តែ​កើនឡើង​។ ភាគច្រើន​ពួកគេ​មក​ទស្សនា​ទីនេះ​ពី​ខែមីនា​ដល់​ខែកញ្ញា​។ នៅ​រដូវរងា ចំនួន​អ្នកទស្សនា​ធ្លាក់ចុះ​។ ចំពោះ​អ្នក​មក​ទស្សនា​វិញ ពួកគេ​មកពី​ប្រភព​ផ្សេងៗ​គ្នា​។ តែ​ពលរដ្ឋ​នៅក្នុង​ក្រុង​ប៊ូសាន​តែងតែ​មក​ទីនេះ​ញឹកញាប់ ដូចជា​សិស្ស និស្សិត ទា​ហាន អ្នកទេសចរ មនុស្ស​ក្មេង​ចាស់​។ យើង​ក៏​ទទួលបាន​ទស្សនកិច្ច​របស់​បុគ្គល​សំខាន់ៗ ដូចជា​ថ្នាក់ដឹកនាំ​ក្រុង មេដឹកនាំ​យោធា យោធិន​ដែល​រស់​ពី​សង្គ្រាម ប្រមុខរដ្ឋ ប្រធាន​បេសកកម្ម​ទូត ។​ល​។​



​លោក លាង ដឺ​លុច​៖ សម្រាប់​លោក តើ​UNMCK មាន​អត្ថន័យ​យ៉ាងណា​សម្រាប់​ពិភពលោក​?

​លោក John BOCSKAY៖ ទី​បញ្ចុះសព​សម្រាប់​ការចងចាំ (UNMCK) គឺជា​ស្ថាន​ស្ងប់ស្ងាត់​សម្រាប់​ទាហាន​របស់​អង្គការសហប្រជាជាតិ​ចំនួន​២៣០០​នាក់​ដែល​បាន​បាត់​បង់ជីវិត​ក្នុង​បុព្វហេតុ​ការពារ​សន្តិភាព និង​សេរីភាព​ក្នុងដំណាក់កាល​សង្គ្រាម​កូរ៉េ​។ មនុស្ស​ជាច្រើន យល់ថា​វា​គឺជា​ទីកន្លែង​សក្ការៈ​មួយ ពីព្រោះ​ទីកន្លែង​នេះ​ត្រូវបាន​បង្កើតឡើង​ដោយ​អង្គការសហប្រជាជាតិ ដោយ​ត្រូវបាន​គ្រប់គ្រង​ដោយ​គណៈកម្មាធិការ​មួយ​ដែល​អង្គការសហប្រជាជាតិ​បានផ្តល់​អំណាច​ឲ្យ​។ ទី​បញ្ចុះសព​បែបនេះ​មានតែ​មួយ​ទេ​ក្នុង​ពិភពលោក​នេះ​។​

​លោក លាង ដឺ​លុច​៖ នៅក្នុង​សង្គ្រាម​កូរ៉េ មាន​ប្រទេស​ចំនួន​២១​ដែល​បាន​បញ្ជូន​កងទ័ព​ខ្លួន​ទៅក្នុង​សមរភូមិ​នោះ​។ ប៉ុន្តែ​តើ​ហេតុអ្វី​បានជា​មានតែ​សព​ទាហាន​មកពី​១១​ប្រទេស និង​ក្រុមការងារ​ពេទ្យ​៥​ប្រទេស​ទៀត ដែល​ត្រូវបាន​បញ្ចុះ​នៅទីនេះ​? តើ​ប្រទេស​ណា​ដែល​បាន​បាត់បង់​ទាហាន​របស់ខ្លួន​ច្រើនជាងគេ​?


​លោក John BOCSKAY៖ ប្រទេសមួយ​ចំនួន​ដូចជា សហរដ្ឋអាមេរិក កូ​ឡុំ​ប៊ី ក្រិច អេ​ត្យូ​ពី ប៊ែ​ល​ហ្ស៊ី​ក និង​ហ្វីលីពីន បានទទួល​យក​សពរ​បស់​ទាហាន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​កំណើត​វិញ​។ ប៉ុន្តែ​សព​ទាហាន​ភាគច្រើន​ត្រូវបាន​បញ្ចុះ​នៅក្នុង​ប្រទេស​កូរ៉េ​នេះ​។ គឺ​វា​អាស្រ័យទៅលើ​នយោបាយ​របស់​ប្រទេស​នីមួយៗ​។​
UNMCK មាន​ផ្នូរ​ទាហាន​ចំនួន​២៣០០​។ ចក្រភព​អង់គ្លេស​បាន​បាត់បង់​ទាហាន​របស់ខ្លួន​ច្រើនជាងគេ​គឺ​៨៨៥​នាក់​។ ប្រទេស​ន័​រវេ​បាន​បាត់បង់​ទាហាន​ខ្លួន​តិចជាងគេ គឺ​តែមួយ​នាក់​គត់​។​



​នៅក្នុង​សង្គ្រាម​កូរ៉េ​នោះ គឺ​កូរ៉េខាងត្បូង​ដែល​បាន​បាត់បង់​ជីវិត​ពលរដ្ឋ​ខ្លួន​ច្រើនជាងគេ ពោលគឺ​ទាហាន ជាង​២​សែន​បាន​ស្លាប់​ដើម្បី​ការពារ​បូរណភាព​ដែនដី​ខ្លួន និង​ជន​ស៊ីវិល​ជាង​មួយ​លាន​នាក់​បាន​ស្លាប់​។ ក្នុង​ក្របខណ្ឌ​នៃ​កងកម្លាំង​របស់​អង្គការសហប្រជាជាតិ សហរដ្ឋអាមេរិក​បាន​បាត់បង់​កងទ័ព​ច្រើនជាងគេ ពោលគឺ ៣៧០០០​នាក់​បាន​ស្លាប់ និង​បាត់​ខ្លួន​ពេល​កំពុង​បំពេញបេសកកម្ម​។ មូលហេតុ​ដែលថា គ្មាន​សព​ទាហាន​អាមេរិក​ត្រូវបាន​បញ្ចុះ​នៅទីនេះ គឺ​ដោយសារតែ​រដ្ឋាភិបាល​ស​ហ​រដ្ឋ​អាមេរិក​មា​នន​យោ​បាយ​មួយ គឺ​ត្រូវបាន​ប្រមូលយក​អដ្ឋិធាតុ​ទាហាន​ពួកគេ​ត្រឡប់​ទៅ​ប្រទេស​គេ​វិញ​។​

​លោក លាង ដឺ​លុច​៖ ក្រៅតែពី​ជា​កន្លែង​សម្រាប់​ទស្សនកិច្ច តើ​ទី​បញ្ចុះសព​សម្រាប់​ការចងចាំ​របស់​អង្គការសហប្រជាជាតិ​នេះ មាន​សកម្ម​ភាពជា​ដៃគូ​សម្រាប់​ការអប់រំ ឬ​ផ្សព្វផ្សាយ​ជាមួយ​ស្ថាប័ន​ណាមួយ​ដែរឬទេ​?

​លោក John BOCSKAY៖ ក្រៅពី​ការផ្តល់សេវា​ជា​មគ្គុទេសក៍​សម្រាប់​អ្នក​មក​ទស្សនា យើង​មិនមាន​កម្មវិធី​អប់រំ​អ្វី​ទេ​។ ប៉ុន្តែ​យើង​តែង​ទទួល​វត្តមាន​គ្រូ និង​សិស្ស​ជាច្រើន ហើយ​យើង​តែង​បានធ្វើការ​ជាមួយ​ពួកគេ​ដោយ​ផ្តល់ និង​ឆ្លើយតប​រាល់​សំណួរ​របស់​ពួកគេ​។ ជាទូទៅ យើង​ព្យាយាម​ធ្វើ​អ្វីដែល​យើង​អាច​ធ្វើបាន​ដើម្បី​ផ្សព្វផ្សាយ និង​ការ​កោតស្ញប់ស្ញែង​សម្រាប់​ការលះបង់​ជីវិត​របស់​ទាហាន​ដែល​ត្រូវបាន​បញ្ចុះ​នៅទីនេះ​។​



​លោក លាង ដឺ​លុច​៖ តើ​លោក​គិតថា​ទី​បញ្ចុះសព​របស់​អង្គការ​ហស​ប្រជាជាតិ​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​នេះ មាន​ឥទ្ធិពល​ប៉ុណ្ណា​ក្នុងការ​រម្លឹក​ប្រាប់​ពិភពលោក​ឲ្យ​ចៀសវាង​សង្គ្រាម ឬ​ជម្លោះ​ប្រដាប់អាវុធ​?

​លោក John BOCSKAY៖ បើទោះបីជា​គោលបំណង​ចំបង​របស់​ទី​បញ្ចុះសព​របស់​អង្គការសហប្រជាជាតិ​មួយ​នេះ គឺ​លើក​កិត្តិយស​ដល់​ការ​ពលី​របស់​កងទ័ព​ដែល​បាន​ស្លាប់​នៅក្នុង​សង្គ្រាម​កូរ៉េ យើង​ក៏​គិតថា​ទីនេះ​ពិតជា​និមិត្តរូប​ដ៏​មាន​អត្ថន័យ​ជ្រៅ​ដើម្បី​លើកតម្កើង​សន្តិភាព​។ នៅពេលដែល​គេ​មកដល់​ទីនេះ គេ​មិនអាច​ថា មិន​គិតដល់​ការបង់​តម្លៃ​ដ៏​ធំធេង​ទៅក្នុង​សង្គ្រាម និង​ការបាត់​បង់ជីវិត​យុវជន​ដ៏​ច្រើន​ដោយ​ពួកគេ​មិនអាច​ចៀសផុត​បាន​។​

​ដោយ​ផ្តល់​កិត្តិយស​ដល់​កងទ័ព​ទាំងនោះ យើង​មាន​អារម្មណ៍​ថា យើង​មាន​កាតព្វកិច្ច​ថា​ត្រូវធ្វើ​អ្វីមួយ​ដែល​យើង​អាច ដើម្បី​ប្រាកដប្រជា​ថា យើង និង​យុវជន​ជំនាន់​ក្រោយ​បន្ត​រីករាយ​ជាមួយ​សន្តិភាព​ដែល​បានមកពី​ការលះបង់​ជីវិត​របស់​ទាហាន​ទាំងនេះ​៕















Tag:
 UNMCK
  John BOCSKAY
  សង្គ្រាម​កូរ៉េ
© រក្សាសិទ្ធិដោយ thmeythmey.com