ជាតិ
សេដ្ឋកិច្ច
កម្ពុជា នឹងចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៥ នៅ​ខែកញ្ញា​
06, May 2018 , 10:19 pm        
រូបភាព
កម្ពុជា នឹង​ធ្វើជា​ប្រទេស​កិត្តិយស ចូលរួម​ក្នុង​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន​លើក​ទី​១៥ ឆ្នាំ​២០១៨ (The 15th China-ASEAN Expo 2018)​។ ពិព័រណ៍​នេះ ធ្វើឡើង​ពីថ្ងៃ​ទី​១២ ដល់ទី​១៥ ខែកញ្ញា នៅ​មជ្ឈមណ្ឌល​សន្និសីទ និង​ពិព័រណ៍​អន្តរជាតិ ក្នុង​ទីក្រុង​ណាន​នី​ង ខេត្ត​ក្វាង​ស៊ី ប្រទេស​ចិន​។​


​តាម​សេចក្តីជូនដំណឹង​របស់​ក្រសួងពាណិជ្ជកម្ម ប្រទេស​កម្ពុជា នឹង​រៀបចំ​កម្មវិធី​មួយចំនួន នៅក្នុង​ពិព័រណ៍​នេះ ដូចជា​រៀប​ពន្លា​ជាតិ​កម្ពុជា និង​តាំង​បង្ហាញ​ផលិតផល​ខ្មែរ​។ រៀបចំ​ដំណើរ​ទស្សនកិច្ច នៅតាម​បណ្តា​ក្រុមហ៊ុន សហគ្រាស​។ រៀបចំ​វេទិកា​ស្តីពី​ពាណិជ្ជកម្ម និង​វិនិយោគ​កម្ពុជា​-​ចិន លើក​ទី​១៣ នៅ​ថ្ងៃទី​១៣ ខែកញ្ញា ខណៈ​នៅពេល​រសៀល កម្ពុជា​ត្រូវ​រៀបចំ​វេទិកា​ធុរកិច្ច និង​វិនិយោគ ពិធី​ចុះហត្ថលេខា​លើ​អនុស្សរណៈ​យោគយល់​(MOU) និង​កម្មវិធី​ជំនួប​ពាណិជ្ជកម្ម​។ 
 
​តាម​សេចក្តីជូនដំណឹង​ដដែល ក្រសួងពាណិជ្ជកម្ម បាន​ប្រាប់​ឲ្យ​ពាណិជ្ជករ ឬ​អាជីវករ​ទាំងអស់  ដែលមាន​បំណង​ចូលរួម​ពិព័រណ៍​ពាណិជ្ជកម្ម​ចិន​-​អាស៊ាន លើក​ទី​១៥​នេះ  ប្រញាប់​ទៅ​បំពេញបែបបទ​របស់ខ្លួន នៅ​នាយកដ្ឋាន​ពិព័រណ៍​នៃ​អគ្គនាយកដ្ឋាន​ជំរុញ​ពាណិជ្ជកម្ម ក្រសួងពាណិជ្ជកម្ម ឲ្យ​បាន​មុន​ថ្ងៃទី​៥ ខែសីហា ឆ្នាំ​២០១៨៕
 

Tag:
 ​ពិព័រណ៍​
© រក្សាសិទ្ធិដោយ thmeythmey.com