អន្តរជាតិ
អាមេរិក​ប្ដេជ្ញាចិត្ត​សហការ​ជាមួយ​កូរ៉េខាងជើង​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​
09, May 2018 , 9:59 pm        
រូបភាព
លោក Mike Pompeo (រូបភាព AFP)
លោក Mike Pompeo (រូបភាព AFP)
​រដ្ឋមន្ត្រីការបរទេស​អាមេរិក Mike ប៉ុ​ម​ប៉េ​អូ  នៅ​ថ្ងៃទី​៩ ខែឧសភា កំពុង​ស្ថិតនៅ​រដ្ឋធានី​ព្យុងយ៉ាង​ដើម្បី​ជជែក​ជាមួយ​មន្ត្រី​កូរ៉េខាងជើង​ជុំវិញ​គម្រោង​ជំនួប​រវាង​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កំពូល គីម ជុង​អ៊ុន ។ ក្នុងជំនួប​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង​លោក គីម យ៉ុង​ឈុ​ល លោក ប៉ុ​ម​ប៉េ​អូ  បានប្រកាស​ជំហរ​របស់​អាមេរិក​ក្នុងការ​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​សំដៅ​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។



​ជាស​ត្រូវ​ស៊ីសាច់ហុតឈាម​អស់​ពេល​ជាច្រើន​ទសវត្សរ៍ អាមេរិក និង​កូរ៉េខាងជើង​ស្រាប់តែ​ប្រកាស​ជំហរ​ធ្វើការ​ជាមួយគ្នា​ដើម្បី​សម្រេច​ឲ្យ​បាន​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ការប្រកាស​នេះ​ធ្វើឡើង​ក្នុងជំនួប​ថ្ងៃទី​៩ ខែឧសភា រវាង​រដ្ឋមន្ត្រីការបរទេស​អាមេរិក ម៉ៃ ប៉ុ​ម​ប៉េ​អូ (Mike Pompeo) និង​លោក គីម យ៉ុង​ឈុ​ល (Kim Yong-chol) ប្រធាន​រណសិរ្ស​រួបរួម​កូរ៉េ​។ លោក ប៉ុ​ម​ប៉េ​អូ ស្ថិតក្នុង​ដំណើរ​ទស្សនកិច្ច​លើក​ទី​ពីរ​នៅ​កូរ៉េខាងជើង​ដើម្បី​រៀបចំ​ជំនួប​មេដឹកនាំ​ប្រទេស​ទាំងពីរ​។​

​ក្នុង​ការចរចា​ជាមួយ​មន្ត្រីជាន់ខ្ពស់​កូរ៉េខាងជើង លោក ប៉ុ​ម​ប៉េ​អូ  និយាយថា អាមេរិក និង​កូរ៉េខាងជើង​ធ្វើជា​សត្រូវ​រាប់​ទសវត្សរ៍​មកហើយ ហើយ​អាមេរិក​សង្ឃឹម​ក្នុង​ចិត្ត​ថា អតីត​បច្ចាមិត្ត​ទាំងពីរ​អាចធ្វើ​ការ​ជាមួយគ្នា​ដើម្បី​ដោះស្រាយ​បញ្ហា លុបបំបាត់​ការគំរាមកំហែង​ពិភពលោក​។ ប្រមុខ​ការទូត​អាមេរិក​ក៏​ចង់​ធ្វើការ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​ផ្ដល់ឱកាស​ឲ្យ​ប្រជាជន​កូរ៉េខាងជើង​ផងដែរ​។ នេះ​បើតាម​ការផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters ។​

​តប​ការលើកឡើង​របស់​មន្ត្រី​អាមេរិក លោក គីម ដែលជា​មនុស្ស​ជំនិត​របស់​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន ក៏បាន​បង្ហាញ​ក្ដី​រំពឹងថា អាមេរិក​នឹង​ដើរ​នាទី​ធំ​ក្នុងការ​បង្កើត​សន្តិភាព​នៅ​ឧបទ្វីប​កូរ៉េ​។ ភ្លាមៗ​នោះ មន្ត្រីការទូត​ជាន់ខ្ពស់​របស់​អាមេរិក​ក៏​ឆ្លើយ​វិញ​ថា អាមេរិក​ប្ដេជ្ញាចិត្ត​ក្នុងការ​សហការ​ជាមួយ​កូរ៉េខាងជើង​ដើម្បី​សម្រេច​ឲ្យ​បាន​គោលដៅ​សន្តិភាព​នេះ​។

​លោក ប៉ុ​ម​ប៉េ​អូ  និង​មន្ត្រី​កូរ៉េខាងជើង នឹង​បញ្ចប់​របៀបវារៈ​សម្រាប់​ជំនួប​លោក ត្រាំ និង​លោក គីម ដែល​គ្រោង​រៀបចំ​នៅ​ដំណាច់​ខែឧសភា ឬ​ដើមខែ​មិថុនា​ខាងមុខ​។ មេដឹកនាំ​អាមេរិក និង​កូរ៉េខាងជើង​នឹង​ជជែក​ពី​ការលុបបំបាត់​នុយក្លេអ៊ែ​រ​របស់​កូរ៉េខាងជើង ខណៈ​លោក គីម បាន​អះអាង​ហើយ​ថា ក្រុង​ព្យុងយ៉ាង​មាន​ឆន្ទៈ​ឥត​ងាករេ​ក្នុងការ​ដោះស្រាយ​បញ្ហា​នេះ ប៉ុន្តែ​ចង់​ធ្វើជា​ដំណាក់កាល​។ រីឯ​អាមេរិក​ចង់​ឲ្យ​ការរំសាយ​នុយក្លេអ៊ែរ​នេះ​តែម្ដង ដែល​មិនអាច​បក​ក្រោយ​បាន​៕


Tag:
 អាមេរិក​
  កូរ៉េខាងជើង​
  Mike ប៉ុ​ម​ប៉េ​អូ
© រក្សាសិទ្ធិដោយ thmeythmey.com