អន្តរជាតិ
នយោបាយអន្តរជាតិ
នាវាដឹកយន្តហោះទីពីរបស់ចិនចាប់ផ្ដើមសាកល្បងនៅលម្ហសមុទ្រ ![នាវាដឹកយន្តហោះទីពីររបស់ចិន (រូបភាព Xinhua)](https://image.thmeythmey.com/pictures/2018/05/13/czd.jpg)
នាវាដឹកយន្តហោះទីពីររបស់ចិន (រូបភាព Xinhua)
×![]()
នៅថ្ងៃទី១៣ ខែឧសភា នាវាដឹកយន្តហោះផលិតក្នុងស្រុកដំបូងគេរបស់ចិន បានចាប់ផ្ដើមការធ្វើតេស្តនៅលម្ហសមុទ្រ មុននឹងដាក់ឲ្យដំណើរការផ្លូវការ។ នាវាដឹកយន្តហោះ Type 001A ដែលជានាវាដឹកយន្តហោះទីពីររបស់ចិន នឹងជួយពង្រឹងសមត្ថភាពរបស់កងទ័ពរបស់ចិនក្នុងការធ្វើទំនើបកម្មយោធាជើងទឹក។ ចិនបានក្លាយជាសមាជិកក្រុមប្រទេសមួយចំនួនតូចដែលមាននាវាដឹកយន្តហោះធុនធ្ងន់បែបនេះបម្រើការក្នុងជួរយោធារបស់ខ្លួន។
នាវាដឹកយន្តហោះ Type 001A បានចាកចេញពីកំពង់ផែ Dalian ក្នុងខេត្ត Liaoning នៅថ្ងៃទី១៣ ខែឧសភា ក្នុងដំណើរទៅកាន់សមុទ្រដើម្បីធ្វើតេស្តសមត្ថភាព។ ប្រព័ន្ធផ្សព្វផ្សាយរដ្ឋចិន CCTV ផ្សាយថា នាវាដឹកយន្តហោះផលិតក្នុងស្រុកដំបូងគេនេះ ត្រូវបានអមដំណើរដោយនាវាយោធាតូចៗមួយចំនួនទៀត និងបានចាកចេញពីកំពង់រួចតម្រង់ទៅកាន់សមុទ្រតែម្ដង។
ក្នុងការធ្វើតេស្តសាកល្បងនេះ នាវាដឹកយន្តហោះដែលបានដាក់ដំណើរការកាលពីឆ្នាំមុន នឹងសាកល្បងម៉ាស៊ីន ប្រព័ន្ធរុញច្រានទៅមុខ ក៏ដូចជាប្រព័ន្ធនាវាចរណ៍របស់នាវានេះ។ នាវាដឹកយន្តហោះនេះ ត្រូវបានរំពឹងថា នឹងដាក់ឲ្យប្រើប្រាស់ផ្លូវការនៅឆ្នាំ២០២០ ដែលក្លាយជានាវាដឹកយន្តហោះទីពីររបស់ចិន និងចំពេលដែលចិនកំពុងពង្រីកអានុភាពយោធាជើងទឹករបស់ខ្លួនយ៉ាងឆាប់រហ័សនៅសមុទ្រចិនខាងត្បូង និងតំបន់ប៉ាស៊ីហ្វិក។
សព្វថ្ងៃនេះ ចិនក៏មាននាវាដឹកយន្តហោះមួយដែរមានឈ្មោះថា Liaoning ដែលទិញពីអ៊ុយក្រែន រួចទើបកែប្រែតាមក្រោម និងដាក់ឲ្យប្រើប្រាស់ក្នុងឆ្នាំ២០១២ ។ ប៉ុន្តែទាំងនាវាដឹកយន្តហោះ Liaoning ទាំង Type 001A មិនមែនដំណើរការដោយថាមពលនុយក្លេអ៊ែរឡើយ ប៉ុន្តែអាចផ្ទុកយន្តហោះដល់ទៅ៤០គ្រឿងឯណោះ។ នាវាទាំងពីរមានសណ្ឋានដូចគ្នា ដោយខាងមុខងើបបន្តិច ប្រើប្រាស់ប្រព័ន្ធរុញស៊េរីចាស់ដើម្បីឲ្យយន្តហោះអាចហោះបាន។
វត្តមាននាវាដឹកយន្តហោះដែលក្រសួងការពារជាតិចិនប្រកាសថា មានទម្ងន់ដល់ទៅ៥៥០០០ពាន់តោន ធ្វើឲ្យចិនស្ថិតក្នុងចំណោមប្រទេសមាននាវាច្បាំងធុនធ្ងន់ដូចជាអាមេរិក បារាំង រុស្ស៊ី អង់គ្លេស ឥណ្ឌា និងរុស្ស៊ី។ អាមេរិកជាប្រទេសដែលមាននាវាដឹកយន្តហោះច្រើនជាងគេបំផុតលើពិភពលោក ហើយដើរដោយថាមពលនុយក្លេអ៊ែរទៅទៀត ខណៈអង់គ្លេស រុស្ស៊ី បារាំង និងឥណ្ឌាមានម្នាក់មួយគ្រឿងប៉ុណ្ណោះ។
ការពង្រីកឥទ្ធិពលរបស់ចិន ធ្វើឲ្យប្រទេសមួយចំនួនដែលមានជម្លោះជាមួយចិនបារម្ភខ្លាំង។ នាពេលចុងក្រោយនេះ កងទ័ពជើងទឹកចិនបានធ្វើសមយុទ្ធទ្រង់ទ្រាយធំនៅសមុទ្រចិនខាងត្បូង និងតំបន់ក្បែកោះតៃវ៉ាន់ដោយមាននាវាដឹកយន្តហោះ និងនាវាចម្បាំងជាច្រើនគ្រឿងទៀត។ តៃវ៉ាន់ហាក់បារម្ភថា ចិនអាចប្រើកម្លាំងយោធាដើម្បីដណ្ដើមត្រួតត្រាដែនកោះនេះ ដែលចាត់ទុកជាអាណាខេត្តមិនអាចផ្ដាច់បាន ឯប្រទេសមានជម្លោះជាមួយចិននៅសមុទ្រចិនខាងត្បូងក៏មិនសូវដេកលក់ប៉ុន្មានដែរ៕
Tag:
ចិន
នាវាដឹកយន្តហោះ
© រក្សាសិទ្ធិដោយ thmeythmey.com