ជាតិ
មនុស្ស​៨​នាក់​ទៀត ត្រូវបាន​កោះហៅ​ទៅ​សួរ​រឿង​លោក កឹម សុខា
26, May 2018 , 12:59 pm        
រូបភាព
លោក ប៉ា ងួនទៀង និងលោកស្រី ចក់ សុភាព ស្ថិតក្នុងចំណោមមនុស្ស៨នាក់ ដែលត្រូវបានតុលាការកោះហៅទៅសួររឿងលោក កឹម សុខា។ រូបពីគណនីហ្វេសបុក Teang Pa
លោក ប៉ា ងួនទៀង និងលោកស្រី ចក់ សុភាព ស្ថិតក្នុងចំណោមមនុស្ស៨នាក់ ដែលត្រូវបានតុលាការកោះហៅទៅសួររឿងលោក កឹម សុខា។ រូបពីគណនីហ្វេសបុក Teang Pa
ដោយ: ថ្មីៗ
​មនុស្ស​៨​នាក់​ផ្សេងទៀត ត្រូវបាន​លោក គី ឫទ្ធី ចៅក្រម​ស៊ើបសួរ​នៃ​សាលាដំបូង​រាជធានី​ភ្នំពេញ ចេញ​ដីកា​បង្គាប់​ឲ្យ​ចូល​បំភ្លឺ​ក្នុងនាម​ជា​សាក្សី ក្នុង​សំណុំរឿង​របស់លោក កឹម សុខា អតីត​ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ ដែល​កំពុង​ជាប់ឃុំ​ក្រោម​ការសង្ស័យថា បាន​ប្រព្រឹត្ត​អំពើ​ក្បត់ជាតិ ព្រោះតែ​គប់គិត​ជាមួយ​បរទេស ដើម្បី​ផ្តួលរំលំ​រដ្ឋាភិបាល​។



​បើតាម​ដីកា​របស់​ចៅក្រម​ស៊ើបសួរ អ្នក​ទាំង​៨​នាក់​នោះ រួមមាន អ្នកស្រី ចក់ សុភាព ជា​នាយិកា​ប្រតិបត្តិ​នៃ​មជ្ឈមណ្ឌល​សិទ្ធិមនុស្ស​កម្ពុជា លោក ប៉ា ងួនទៀង ជា​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​កម្ពុជា ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯករាជ្យ លោក សៀ ភារ​ម្យ ជា​នាយក​ប្រតិបត្តិ​នៃ​អង្គការ​ក្រុមការងារ​ពិសេស​សិទ្ធិ​លំនៅដ្ឋាន លោក មាស គឹម​សេង ប្រធាន​សមាគម​ធាងត្នោត លោក កែវ រតនា ជាអ្នកធ្វើការ​ក្នុង​ក្រុមហ៊ុន​ឯកជន​មួយ លោក ខឿន វី​រ៉ាត់ ជា​និស្សិត និង​លោក គ្រី សុង ជា​កសិករ​។

​ដីកា បានកំណត់​ឲ្យ​អ្នក​ទាំង​៨​នាក់ ចូល​បំភ្លឺ​ក្នុង​ខែមិថុនា ឆ្នាំ​២០១៨​ដូចគ្នា ដោយ​គ្រាន់តែ​ខុស​ថ្ងៃ​ប៉ុណ្ណោះ ពោលគឺ​លោក គ្រី សុង ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​៥ លោក មាស គឹម​សេង និង​អ្នកស្រី ចក់ សុភាព ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​៧ លោក ប៉ា ងួនទៀង ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​៩ លោក សៀ ភារ​ម្យ ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១២ លោក ហេង ពិសិដ្ឋ ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១៣ លោក កែវ រតនា ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១៥ និង​លោក ខឿន វី​រ៉ាត់ ត្រូវ​បំភ្លឺ​នៅ​ថ្ងៃទី​១៣​។ ចៅក្រម​ស៊ើបសួរ បង្គាប់​យ៉ាង​ដូច្នេះ​ថា​៖«​សា​មី​ខ្លួន ត្រូវ​អញ្ជើញ​តាម​ដីកាកោះ​នេះ​ឲ្យ​ទាន់ពេលវេលា​»​។​

​បច្ចុប្បន្ន សំណុំរឿង​របស់លោក កឹម សុខា កំពុងស្ថិត​ក្នុងដំណាក់កាល​នៃ​ការ​ស៊ើបសួរ​។ កន្លងមក ចៅក្រម​ស៊ើបសួរ បាន​ទៅ​សួរ​លោក កឹម សុខា ដល់​ពន្ធនាគារ​ត្រពាំង​ផ្លុ​វ ក្នុង​ខេត្ត​ត្បូងឃ្មុំ​ចំនួន​៣​លើក​រួចមកហើយ​។

​លោក កឹម សុខា ត្រូវបាន​សមត្ថកិច្ច​ចាប់ខ្លួន​កាលពី​អំឡុង​ខែកញ្ញា ឆ្នាំ​២០១៧៕


Tag:
 កឹម សុខា
  តុលាការ
© រក្សាសិទ្ធិដោយ thmeythmey.com