ជាតិ
ទារិកាម្នាក់ ត្រូវបានប្រទះឃើញលើគំនរសំរាម ក្នុងខណ្ឌឫស្សីកែវ
× អ្នករើសអេតចាយ បានប្រទះឃើញទារិកាទើបនឹងកើតម្នាក់ ដែលត្រូវបានរុំនឹងសារុង ហើយយកទៅចោលនៅលើគំនរសំរាម នៅមុខអគ្គិសនីទួលសង្កែ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ កាលពីយប់ ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៨។
បន្ទាប់មក ប្រជាពលរដ្ឋមួយចំនួន ក៏ឈូឆរទៅមើលទារិកានោះ។ បើតាមវីដេអូឃ្លីបមួយ ដែលបង្ហោះលើទំព័រហ្វេសប៊ុកឈ្មោះ «ព័ត៌មានបន្ទាន់ៗក្នុងសង្គម» ស្ត្រីម្នាក់ អះអាងថាចង់បានទារិកានោះទៅចិញ្ចឹម ប្រសិនបើសមត្ថកិច្ចប្រគល់ឲ្យ។ ចំណែកឯ អ្នករើសអេតចាយ ដែលជាអ្នកឃើញទារិកានោះ ក៏ចង់បានដែរ។
យ៉ាងណាក៏ដោយ សមត្ថកិច្ច សម្រេចបញ្ជូនទារិកាខាងលើ ទៅកាន់មន្ទីរពេទ្យជាមុនសិន ដោយពុំទាន់ប្រគល់ឲ្យអ្នកណាឡើយ។
អធិការខណ្ឌឫស្សីកែវ លោក ទៀង ចាន់សារ មិនទាន់អាចបញ្ជាក់បាននោះទេ ចំពោះករណីទារិកានេះ ព្រោះលោក មិនទាន់ទទួលបានព័ត៌មាននៅឡើយ។ លោក បានប្រាប់សារព័ត៌មានថ្មីៗតាមទូរសព្ទយ៉ាងដូច្នេះថា៖«ខ្ញុំអត់ទាន់ដឹងទេ ចាំខ្ញុំសួរគេសិន»៕
© រក្សាសិទ្ធិដោយ thmeythmey.com