ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី បញ្ជាឲ្យមន្ទីរកសិកម្ម ទប់ស្កាត់ការចែកចាយថ្នាំកម្ចាត់ស្មៅជាបណ្ដោះអាសន្ន
× ភ្នំពេញ៖ បន្ទាប់ពីក្រសួងកសិកម្មចេញលិខិតឲ្យផ្អាកនាំចូល និងចែកចាយថ្នាំកម្ចាត់ស្មៅជាបណ្ដោះអាសន្ន ម្ដងរួចមកហើយ ឥឡូវនេះរដ្ឋមន្ត្រីក្រសួងបានស្នើទៅមន្ទីរក្រោមឱវាទ ឲ្យបន្តចុះអនុវត្តកិច្ចការនេះឲ្យមានប្រសិទ្ធភាព។ វិធានការលើថ្នាំកសិកម្មកម្ចាត់ស្មៅខុសច្បាប់នេះ ធ្វើឡើងក្រោយពីមានករណីពលរដ្ឋពុលនៅខេត្តក្រចេះកន្លងមក។
លិខិតដែលចុះហត្ថលេខាដោយលោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានណែនាំឲ្យមន្ត្រីមន្ទីរកសិកម្ម ត្រូវចុះត្រួតពិនិត្យដេប៉ូលក់ដុំ លក់រាយថ្នាំកសិកម្ម ក្នុងមូលដ្ឋានរាជធានី ខេត្តសាមី ដោយត្រូវពន្យល់ទៅអាជីវករឲ្យផ្អាកផ្គត់ផ្គង់ចែកចាយថ្នាំកសិកម្មប្រភេទកម្ចាត់ស្មៅជាបណ្ដោះអាសន្ន។ លិខិតរដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី៣០ខែឧសភា បន្តថា ក្នុងករណីថ្នាំកម្ចាត់ស្មៅមានស្រាប់នៅក្នុងដេប៉ូ ឬឃ្លាំង គឺតម្រូវឲ្យអាជីវកររក្សាទុកថ្នាំកសិកម្មនោះសិន ដោយរង់ចាំមានការសម្រេចជាថ្មីពីក្រសួង។
លិខិតនេះបញ្ជាក់ថា នៅពេលចុះពិនិត្យ មិនតម្រូវឲ្យមានការដកហូត ឬផាកពិន័យអន្តរការណ៍ទៅតាមច្បាប់នោះទេ ចំពោះថ្នាំកសិកម្មកម្ចាត់ស្មៅដែលមានលិខិតអនុញ្ញាតពីក្រសួងកសិកម្ម លើកលែងតែជាថ្នាំកសិកម្មខុសច្បាប់ ដែលត្រូវអនុវត្តតាមនីតិវិធីច្បាប់។ មន្ត្រីមន្ទីរកសិកម្ម ត្រូវពន្យល់កសិករអំពីការប្រើថ្នាំកសិកម្មគ្រប់ប្រភេទ ជាពិសេសថ្នាំកម្ចាត់ស្មៅ។ នេះបើតាមលិខិតខាងលើ៕
© រក្សាសិទ្ធិដោយ thmeythmey.com