អន្តរជាតិ
មហាយក្សចិនអំពាវនាវឲ្យអាមេរិកដកទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង ក្រោយជំនួបប្រវត្តិសាស្ត្រ
× ប៉ុន្មានម៉ោងក្រោយជំនួបរវាងមេដឹកនាំអាមេរិក និងកូរ៉េខាងជើងនៅសិង្ហបុរី ចិនដែលជាខ្នងបង្អែកកូរ៉េខាងជើងនោះបានស្វាគមន៍លទ្ធផលវិជ្ជមាន និងឆ្លៀតផ្តល់យោបល់ឲ្យអាមេរិកពិចារណាបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើង។ ក្រោយកិច្ចប្រជុំនេះទៀត ប្រមុខការទូតចិនបានអញ្ជើញសមភាគីអាមេរិកឲ្យមកទស្សនកិច្ចនៅចិន ដែលទំនងជាចង់ពិភាក្សាបន្ថែមពីកិច្ចសហប្រតិបត្តិការដោះស្រាយបញ្ហាឧបទ្វីបកូរ៉េផងដែរ។
របបដឹកនាំក្រុងប៉េកាំងហាក់ដូចជាសប្បាយចិត្តពេលដែលរបបដឹកនាំក្រុងព្យុងយ៉ាង និងក្រុងវ៉ាស៊ីនតោនជួបចរចា និងឈានដល់ឯកភាពគ្នាជំរុញការរំសាយអាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េផងនៅកិច្ចប្រជុំប្រវត្តិសាស្ត្រនៅសិង្ហបុរីថ្ងៃ ១២ មិថុនាម្សិលមិញនោះ។
ក្រោយកិច្ចប្រជុំភ្លាមៗ លោក វ៉ាង យី ដែលជារដ្ឋមន្ត្រីការបរទេសចិន និងជាទីប្រឹក្សារដ្ឋ បានស្វាគមន៍លទ្ធផលវិជ្ជមាននៃជំនួបនេះព្រោះត្រួសត្រាយផ្លូវសម្រាប់ការកំណត់នីវិធីឈានទៅរំសាយអាវុធពិតប្រាកដផង។ លោក វ៉ាង យី ក៏ឆ្លៀតឱកាសអំពាវនាវបន្ថែមឲ្យកូរ៉េខាងជើងបន្តការប្តេជ្ញាចិត្តរបស់ខ្លួនទៀតដើម្បីអាចរំសាយអាវុធបានទាំងស្រុងផងដែរ ហើយចិនត្រៀម។
ដោយឡែក ក្រសួងការបរទេសចិនឯណោះវិញ ក៏បានអំពាវនាវឲ្យរដ្ឋបាលលោក ដូណាល់ ត្រាំពិចារណាផងដែរក្នុងការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងដែលមានទាំងអម្បាលម៉ានដែរ។ ក្នុងសន្និសីទសារព័ត៌មានប្រចាំថ្ងៃ អ្នកនាំពាក្យក្រសួងការបរទេសលោក Geng Shuang បានផ្តល់យោបល់ថា ការបន្ធូរបន្ថយទណ្ឌកម្មប្រឆាំងកូរ៉េខាងជើងគួរតែត្រូវពិចារណាដែរ។
ដោយឡែក ក្រោយកិច្ចចរចានេះ ចិននឹងចាប់ផ្តើមចូលខ្លួនជួយសហការជាមួយអាមេរិកនិងដៃគូផ្សេងទៀតក្នុងតំបន់ដើម្បីឈានទៅរំសាយអាវុធនុយក្លេអ៊ែរផង។ ទីភ្នាក់ងារព័ត៌មាន Xinhua បានស្រង់សេចក្តីថ្លែងការណ៍ក្រសួងការបរទេសចិននៅថ្ងៃពុធទី ១៣ ខែមិថុនានេះថា រដ្ឋមន្ត្រីការបរទេសអាមេរិកលោក ម៉ៃ ប៉ុមប៉េអូ នឹងទៅទស្សនកិច្ចនៅចិននៅថ្ងៃព្រហស្បតិ៍ស្អែក តាមការអញ្ជើញរបស់សមភាគីចិនលោក វ៉ាង យី។ ក្រសួងនេះបញ្ជាក់ថា មន្ត្រីជាន់ខ្ពស់ទាំងពីរនឹងផ្តោះប្តូរមតិយោបល់គ្នាជុំវិញទំនាក់ទំនងទ្វេភាគី ជាពិសេសបញ្ហាតំបន់និងពិភពលោកធំៗផ្សេងទៀតផងដែរ។ ប៉ុន្តែគេដឹងច្បាស់ថា អ្នកទាំងពីរនឹងចំណាយពេលវេលាភាគច្រើនពិភាក្សាគ្នាពីបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង ក្រោយជំនួបប្រវត្តិសាស្ត្រនេះ។
តាមពិតទៅ ចិននៅតែជាភាគីសំខាន់មិនអាចខ្វះបានក្នុងការដោះស្រាយបញ្ហានុយក្លេអ៊ែរកូរ៉េខាងជើង។ ចិនដែលជាសម្ព័ន្ធមិត្ត ជាដៃគូ និងជាបងធំជួយការពារកូរ៉េខាងជើងនោះនៅមានទឹកមាត់ប្រៃ ហើយក៏អាចជំរុញឲ្យការដោះស្រាយបញ្ហានេះអាចមានប្រសិទ្ធភាពដែរ។
កន្លងមកនេះ លោក គីម ជុងអ៊ុន បានលួចស្កាត់ជួបប្រធានាធិបតីចិនលោក ស៊ី ជិនភីង ពីរដងរួចមកហើយ មុនមានជំនួបជាមួយលោក ដូណាល់ ត្រាំ នេះ។ គេដឹងច្បាស់ថា ការឈានដល់ចូលតុចរចាជាមួយអាមេរិក មេដឹកនាំកូរ៉េខាងជើងវ័យក្មេងនេះប្រហែលជាបានទទួលការប្រឹក្សាច្រើនគួរសមផងដែរជុំវិញការចរចា និងឈានទៅរំសាយអាវុធរបស់ខ្លួននោះ។
អាចថា មិនត្រឹមតែទទួលការប្រឹក្សាលើបញ្ហាការទូតនិងសន្តិសុខប៉ុណ្ណោះទេ របបដឹកនាំកូរ៉េខាងជើងដែលកំពុងឈានឆ្ពោះទៅអភិវឌ្ឍវិស័យសេដ្ឋកិច្ចស្រាប់នោះ នឹងអាចជួយជ្រោមជ្រែងកូរ៉េខាងជើងបានច្រើនដូចគ្នា។ ម្យ៉ាងការកែទម្រង់និងពិសោធន៍អភិវឌ្ឍសេដ្ឋកិច្ចចិន ប្រហែលជានឹងក្លាយជាគម្រូមួយសម្រាប់កូរ៉េខាងជើងផង ពេលខ្លួនបោះបង់អាវុធរួចរាល់នោះ។
Tag:
ចិន
ដូណាល់ ត្រាំ
គីម ជុងអ៊ុន
© រក្សាសិទ្ធិដោយ thmeythmey.com