អន្តរជាតិ
គីម​៖ រំសាយ​អាវុធ​កូរ៉េខាងជើង​ជោគជ័យ​ផ្អែក​ទាំងស្រុង​លើ​ការបញ្ចប់​អរិភាព​រវាង​អាមេរិក​និង​កូរ៉េខាងជើង​ផ្ទាល់​
13, Jun 2018 , 5:27 pm        
រូបភាព
​ក្នុងជំនួប​ប្រវត្តិសាស្ត្រ​ត្រាំ​-​គីម នៅ​សិង្ហ​បុរី មេដឹកនាំ​កំពូល​កូរ៉េខាងជើង​ប្រាប់​មេដឹកនាំ​អាមេរិក​ថា ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​កូរ៉េខាងជើង​ពឹងផ្អែក​សំខាន់​លើ​ការបញ្ឈប់​ការ​កា​រស​ម្ងែ​ង​សាច់ដុំ​ប្រឆាំង​គ្នា​ទៀត​រវាង​អាមេរិក និង​កូរ៉េខាងជើង​ផ្ទាល់​។



 លោក គីម ជុង​អ៊ុន បាន​ឯកភាព​ក្នុងជំនួប​ជាមួយ​លោក ដូ​ណា​ល់ ត្រាំ ថា លោក​មាន​ឆន្ទៈ​ពិតប្រាកដ​ក្នុងការ​រំសាយ​អាវុធ​នុយក្លេអ៊ែរ​។ ប៉ុន្តែ​លោក​សង្កត់ធ្ងន់ថា ការរំសាយ​អាវុធ​នេះ​ជោគជ័យ​ឬ​អត់​ពឹងផ្អែក​ទាំងស្រុង​លើ​ឥរិយាបថ​របស់​អាមេរិក និង​កូរ៉េ​ផ្ទាល់​។ ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េខាងជើង KCNA បានចេញ​ផ្សាយ​នៅ​ព្រឹក​ថ្ងៃ​ពុធ​ទី ១៣ ខែមិថុនា​នេះ​។​

​តាម​កាសែត​រដ្ឋ​កូរ៉េខាងជើង​ដដែល លោក គីម ជឿជាក់ថា ការបញ្ឈប់​រាល់​សកម្ម​ភាព​បង្ហាញ​សាច់ដុំ ប្រឆាំង​គ្នា​ទៅវិញទៅមក​ជា​មូលដ្ឋានគ្រឹះ​សំខាន់បំផុត​ក្នុងការ​ឈានទៅ​សម្រេច​គោលដៅ​នេះ​។​

«​លោក គីម ជុង​អ៊ុន បាន​និយាយថា ដើម្បី​សម្រេច​សន្តិភាព និង​ស្ថិរភាព​នៅ​ឧបទ្វីប​កូរ៉េ និង​សម្រេចបាន​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​នោះ ភាគី​ទាំងពីរ​គួរ​ប្តេជ្ញាចិត្ត​ចៀសវាង​ឲ្យ​បាន​រាល់​ការប្រឆាំង​គ្នា​ទៅវិញទៅមក ដោយ​មិនមាន​ការយល់​ពីគ្នា​»​។ នេះ​ជាការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​ព័ត៌មាន KCNA​។

​ក្រោយ​មាន​ជំនួប​លើកដំបូង​នេះ គេ​សង្កេតឃើញ​មាន​សញ្ញា​វិជ្ជមាន​ច្រើន​កើតឡើង​ក្នុង​ទំនាក់ទំនង​ទ្វេភាគី​រវាង​អាមេរិក និង​កូរ៉េខាងជើង​ដែល​ធ្លាប់ជា​សត្រូវ​ស៊ីសាច់ហុតឈាម​គ្នា​រាប់​សតវត្សរ៍​នោះ​។ គេ​រំពឹងថា វា​នឹង​លែងមាន​ការផ្លាស់ប្តូ​រស​ម្តី​គំរាមកំហែង​គ្នា ឬ​ផ្លាស់ប្តូរ​គ្រាប់​មី​ស៊ី​ល​ទៀតហើយ​នៅពេល​អនាគត​។ ផ្ទុយទៅវិញ​វា​នឹង​បន្ត​មាន​ត្រឹម​ការផ្លាស់ប្តូរ​មតិយោបល់ និង ពាក្យសម្តី​រវាង​គ្នា​ប៉ុណ្ណោះ​។ 

​ក្នុងជំនួប​ម្សិលមិញ​នេះដែរ ទំនងជា​បង្ហាញ​ឆន្ទៈ​ធានា​សន្តិសុខ​កូរ៉េខាងជើង លោក ត្រាំ បានប្រកាស​បញ្ឈប់​សម​យុទ្ធ​យោធា​ជាមួយ​សម្ព័ន្ធមិត្ត​កូរ៉េខាងត្បូង ដោយ​លើក​ហេតុផល​ថា សមយុទ្ធ​នេះ​ចំណាយលុយ​ច្រើន ហើយ​វា​ក៏​ជា​សកម្មភាព​បង្ករឿង​ដូចគ្នា​។​

​ក្រៅពីនេះ លោក ត្រាំ បាន​អញ្ជើញលោក គីម ទៅ​ទស្សនកិច្ច​នៅ​អាមេរិក ខណៈដែល​លោក គីម ក៏បាន​អញ្ជើញលោក ត្រាំ ទៅ​ក្រុង​ព្យុងយ៉ាង​ដូចគ្នា​ដែរ​ក្នុងជំនួប​នេះ​។ មេដឹកនាំ​ទាំងពីរ​សុទ្ធតែ​ទទួល​លិខិតអញ្ជើញ​នេះ​ដោយ​រីករាយ​ដូចគ្នា​។

​ដោយឡែក បើតាម​សេចក្តីថ្លែងការណ៍​សិង្ហ​បុរី ចំណុច​សំខាន់​បួន​ត្រូវបាន​គូភាគី​កំណត់​ទទួលយក​។​ក្នុងចំណោម​នេះ មេដឹកនាំ​កូរ៉េខាងជើង​បាន​ប្តេជ្ញាចិត្ត​ក្នុងការ​អនុវត្ត​សេចក្តីថ្លែងការណ៍​រួម​ប៉ាន់​មុន​ចុ​ម​ដែល​ត្រូវបាន​បង្កើត​រួមគ្នា​ជាមួយ​កូរ៉េខាងត្បូង​កាលពី​ចុងខែ​មេសា​។ វា​មាន​គោលដៅ​បន្ត​ជំរុញ​ការរំសាយ​អាវុធ​នុយក្លេអ៊ែរ​ផងដែរ​។


Tag:
 គីម ជុង​អ៊ុន​
  នុយក្លេអ៊ែរ​
  កូរ៉េខាងជើង​
  ដូ​ណា​ល់ ត្រាំ
© រក្សាសិទ្ធិដោយ thmeythmey.com