ជាតិ
នយោបាយជាតិ
លោក កែវ រ៉េមី៖ សិទ្ធិមនុស្សនៅកម្ពុជា ល្អណាស់ បើប្រៀបជាមួយអាមេរិក និងអឺរុប លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធមនុស្សកម្ពុជា ស្ថិតនៅក្នុងពិធីប្រារព្ធខួបលើកទី៧០នៃទិវាសិទ្ធមនុស្សអន្តរជាតិ ១០ធ្នូ នៅកោះពេជ្រ
× ភ្នំពេញ៖ ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា មានលក្ខណៈល្អប្រសើរណាស់ បើប្រៀបជាមួយសហរដ្ឋអាមេរិក អឺរ៉ុប និងប្រទេសមួយចំនួននៅតំបន់អាស៊ី រួមទាំងប្រទេសជិតខាងផងដែរ។ នេះជាការលើកឡើងរបស់លោក កែវ រ៉េមី ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា។
ក្នុងពិធីអបអរសាទរទិវាសិទ្ធិមនុស្សអន្តរជាតិលើកទី៧០ ដែលរៀបចំឡើងនៅសាលមហាស្រពកោះពេជ្រ នាព្រឹកថ្ងៃទី១០ធ្នូនេះ លោក កែវ រ៉េមី បានថ្លែងដូច្នេះថា«យើងអាចនិយាយបានថា មិនមានប្រទេសណាមួយនៅលើសាកលលោក មានការគោរពសិទ្ធិមនុស្សបានពេញលេញនោះទេ។ ខ្ញុំ បានសិក្សាស្រាវជ្រាវទាក់ទងបណ្តាប្រទេសទាំងអស់នៅជុំវិញពិភពលោក គឺមានបញ្ហាសិទ្ធិមនុស្សទាំងអស់ គ្រាន់តែបញ្ហាសិទ្ធិមនុស្សនេះ មានតិចឬច្រើន ប៉ុណ្ណោះ»។
ប្រធានគណៈកម្មាធិការសិទ្ធិមនុស្សរូបនេះ បន្តថា នៅអឺរ៉ុបក៏នៅមានបញ្ហាសិទ្ធិមនុស្ស ហើយនៅអូស្រា្តលី ក៏មានបញ្ហាសិទ្ធិមនុស្សដែរ ពាក់ព័ន្ធនឹងការសុំសិទ្ធិជ្រកកោនពីជនភៀសខ្លួន។ ដោយឡែក សហរដ្ឋអាមេរិកវិញ ក៏មានបញ្ហាសិទ្ធិមនុស្សច្រើនដូចគ្នា។
លោក បាននិយាយបែបនេះថា៖«មានបងប្អូនប្រជាជនខ្មែរយើងខ្លះ មានការយល់ច្រឡំ ថាសហរដ្ឋអាមេរិក ជាប្រទេសបិតាលទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្ស ជាការពិតគឺមិនមែនទេ។ អាមេរិក មានបញ្ហាច្រើនណាស់ ពាក់ព័ន្ធទៅនឹងសិទ្ធិមនុស្ស»៕
Tag:
លទ្ធិប្រជាធិតេយ្យ
សិទ្ធិមនុស្ស
កែវ រ៉េមី
© រក្សាសិទ្ធិដោយ thmeythmey.com