ជាតិ
សហគមន៍បឹងពារាំង ច្រានចោលព័ត៌មានដែលថាមានការកាប់ព្រៃលិចទឹកក្នុងតំបន់ខ្លួន
× សៀមរាប៖ សហគមន៍ទេសចរណ៍វប្បធម៌ធម្មជាតិបឹងពារាំង បានចេញមុខច្រាលចោលព័ត៌មានដែលថា មានការកាប់ទន្ទ្រានព្រៃលិចទឹកធ្វើជាកម្មសិទ្ធិក្នុងដែនអភិរក្សរបស់ខ្លួន។ សហគមន៍នេះបានចាត់ទុកព័ត៌មានខាងលើថាខុសពីការពិត ដែលមានបំណងចោទប្រកាន់ពីភាពទៀងត្រង់របស់សហគមន៍ក្នុងការអភិរក្សដែនជម្រកពូជត្រី សត្វស្លាបដ៏ធំក្នុងក្រុងសៀមរាបមួយនេះ។
លោក សុខ សំណាង ប្រធានផ្នែកទេសចរណ៍របស់សហគមន៍បឹងពារាំង បានឱ្យដឹងថា ថ្មីៗនេះមានព័ត៌មានចោទប្រកាន់ថា ក្រុមការងាររបស់លោកបានឈូសបំផ្លាញព្រៃលិចទឹកនៅក្នុងតំបន់បឹងពារាំង គឺការពិតមិនដូច្នោះទេ។ តាមការពន្យល់របស់លោក សំណាង រូបភាពដែលបង្ហោះក្នុងបណ្ដាញសង្គមនោះ គឺជារឿងកាលពីឆ្នាំ២០១៧ មក ដែលកាលនោះមានការការដ្ឋានធ្វើផ្លូវទៅកាន់តែបឹងពារាំងរបស់រដ្ឋបាលខេត្តសៀមរាប ហើយការធ្វើនោះក៏មិនបានប៉ះពាល់ដល់ព្រៃលិចទឹកដែរ គឺគ្រាន់តែឈូសឆាយលើគន្លងផ្លូវចាស់តែប៉ុណ្ណោះ។
គួរបញ្ជាក់ថា បឹងពារាំងមានផ្ទៃដីសរុបចំនួន ២៧០ហិកតា និងមានទំហំជាង ៣ពាន់ហិកតា បើគិតទាំងផ្ទៃដីព្រៃលិចទឹក។ បឹងនេះ ស្ថិតនៅប៉ែកខាងកើតឆៀងខាងត្បូងក្រុងសៀមរាប ដែលធ្វើដំណើរប្រហែល៣០នាទី។ នៅចុងឆ្នាំ២០១៥ បឹងនេះគ្រប់គ្រងដោយសហគមន៍បឹងពារាំង បន្ទាប់ពីសហគមន៍ចុងឃ្នៀសបោះបង់សិទ្ធិគ្រប់គ្រងរបស់ខ្លួន។ សហគមន៍បឹងពារាំង បានផ្តើមអភិរក្សមេត្រីពូជ សត្វស្លាប និងព្រៃលិចទឹកនៅតំបន់នេះ។ យ៉ាងណា បច្ចុប្បន្នតំបន់នេះនៅមានបញ្ហាផ្នែកផ្លូវច្បាប់បន្ដិចទាក់ទងនឹងការទាមទារសិទ្ធិគ្រប់គ្រងរបស់សហគមន៍ចុងឃ្នៀសវិញ ដែលបណ្ដាលឱ្យបឹងពារាំងមានភាពរាំងស្ទះក្នុងការអភិវឌ្ឍ៕
© រក្សាសិទ្ធិដោយ thmeythmey.com