កីឡាអន្តរជាតិ
អន្តរជាតិ
អង់គ្លេសគ្រោងឈប់ឲ្យប្រើសំប៉ាញអបអរ ដើម្បីកុំឲ្យមានអារម្មណ៍ផ្នែកសាសនាដល់កីឡាករមួយចំនួន ការអបអរពាន FA Cup របស់ Chelsea កាលពីរដូវកាលមុន
× សហព័ន្ធកីឡាបាល់ទាត់អង់គ្លេស (FA) កំពុងពិចារណាឈប់ឲ្យមានការប្រើស្រាសំប៉ាញ (Champagne) អបអរការឈ្នះពានរង្វាន់ទាំងអស់នៅអង់គ្លេស ដើម្បីការពារកុំឲ្យប៉ះពាល់ដល់ការគោរពសាសនារបស់កីឡាករមួយចំនួន។
ជាធម្មតានៅក្នុងវិស័យកីឡា មិនថាកីឡាបាល់ទាត់ឬកីឡាផ្សេងឡើយនៅពេលពួកគេទទួលជ័យជម្នះនោះ កីឡាករនិងអ្នកគ្រប់គ្រងតែងតែយកស្រាមកអបអរនៅលើទីលានផ្ទាល់ ក៏ដូចជាក្នុងបន្ទប់ប្តូរសម្លៀកបំពាក់ជាដើម។
ប៉ុន្តែថ្មីៗនេះ FA កំពុងសម្រេចចិត្តអំពីការបញ្ឈប់ការប្រើប្រាស់ស្រាដើម្បីកុំឲ្យប៉ះពាល់ដល់កីឡាករណាម្នាក់ដែលមានជំនឿសាសនាហាមប្រើគ្រឿងស្រវឹង។ ក្នុងករណីនេះអ្នកនាំពាក្យ FA ម្នាក់បានលើកឡើងថា ក្រុមឈ្នះជើងឯកនឹងផ្តល់ជូនស្រាសំប៉ាញដែលមិនមានជាតិអាល់កុលសម្រាប់ការប្រារព្ធពិធីអបអរការឈ្នះពានកីឡាបាល់ទាត់ទាំងអស់នៅអង់គ្លេស។ FA គ្រោងអនុវត្តន៍ច្បាប់នេះចាប់ពីការប្រកួតផ្តាច់ព្រ័ត្រ FA Cup រដូវកាលនេះតែម្តង។
«នេះជាវិធីដ៏ល្អដើម្បីធានាថាកីឡាករទាំងអស់អាចចូលរួមអបអររួមគ្នាបានដោយមិនបាច់ខ្វល់ខ្វាយថាមានជាតិអាល់កុល និងជៀសវាងកីឡាករដែលមានអាយុក្រោម ១៨ ឆ្នាំ»។
វិធីមួយទៀតដើម្បីជំនួសឲ្យការប្រើប្រាស់ស្រា កីឡាករទាំងអស់គួរទទួលបានស្ព្រាយបាញ់ចំនួសវិញ ដែលវាងាយស្រួលបាញ់ដាក់គ្នាទៅវិញទៅមកសម្រាប់អបអរការឈ្នះពាន។
Manchester City និង Watford ត្រូវតទល់គ្នាដើម្បីដណ្តើមពាន FA Cup នៅកីឡដ្ឋាន Wembley សម្រាប់រដូវកាលនេះ នៅថ្ងៃទី១៨ ខែឧសភា។ ខ្សែបន្រើ Abdoulaye Doucoure របស់ Watford រួមជាមួយកីឡាកររបស់ Man City ៣រូបរួមមាន Riyad Mahrez, Benjamin Mendy និង Ilkay Gundogan សុទ្ធតែជាជនជាតិម៉ូស្លីមដែលហាមមិនឲ្យសេពសុរា៕
© រក្សាសិទ្ធិដោយ thmeythmey.com