អន្តរជាតិ
លោក ស៊ី ជិន​ភីង ប្រាប់​យុវជន​ចិន​ឲ្យ​ស្រឡាញ់​បក្ស​កុម្មុយនីស្ត
01, May 2019 , 7:19 pm        
រូបភាព
ប្រភពរូបភាព៖ CNN
ប្រភពរូបភាព៖ CNN
ដោយ:
​ប្រធានាធិបតី​ចិន លោក ស៊ី ជិន​ភីង ទទូច​យុវជន​ដែលជា​សសរទ្រូង​របស់​ប្រទេសជាតិ​ឲ្យ​មាន​ភាពស្មោះត្រង់​ចំពោះ​គណបក្ស​កុម្មុយនីស្ត​។ ទន្ទឹមនឹង​គ្នា​នេះ មេដឹកនាំ​ចិន​រូបនេះ ក៏​ប្រាប់​បក្ស និង​រដ្ឋាភិបាល​ឲ្យ​បើក​ចិត្ត​ស្តាប់​គំនិត និង​យោបល់​ពី​យុវជន​ផងដែរ​។

 
​ការលើកឡើង​របស់​មេ​ដឹកនាំ​ចិន ស៊ី ជិន​ភីង ធ្វើឡើង​នៅ​មហា​វិមាន​ប្រជាជន​ចិន​កាលពី​ថ្ងៃទី ៣០ ខែមេសា​ដើម្បី​រំឭក​ដល់​ចលនា​បួន​ឧសភា​។ ចលនា​ជា​ប្រវត្តិសាស្ត្រ​នេះ គឺជា​បាតុកម្ម​ដ៏​ធំ​មួយ​ប្រឆាំងនឹង​អាណានិគមនិយម និង​ចក្រពត្តិនិយម ដែល​បាន​កើតឡើង​កាលពី​ឆ្នាំ​១៩១៩​។ 
 
​ថ្លែង​នៅ​ចំពោះមុខ​ក្រុមយុវជន ពលករ យោធា  និង​មន្ត្រី​បក្ស ប្រមុខរដ្ឋ​ចិន​លោក ស៊ី ជិន​ភីង លើកឡើងថា​៖«​វា​ជា​រឿង​គួរ​ឲ្យ​ខ្មាសអៀន​បំផុត ប្រសិនបើ​បុគ្គល​នោះ​មិនមែនជា​អ្នកស្នេហាជាតិ ឬ​សូម្បីតែ​ឆបោក ឬ​ក្បត់មាតុភូមិ​ខ្លួនឯង​»​។ តាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន AFP លោក បន្តថា មនុស្ស​បែបនេះ គ្មាន​ទីតាំង​ឈរជើង​ក្នុងប្រទេស​ចិន​ឡើយ​។ 
 
​មេដឹកនាំ​ដ៏​មាន​ឥទ្ធិពល​ផុត​លេខ​រូបនេះ បញ្ជាក់​ឲ្យ​ដឹង​ទៀតថា ក្នុងប្រទេស​ចិន​សព្វថ្ងៃ ធាតុ​ផ្សំ​នៃ​ស្នេហា​ជាតិនិយម គឺ​បូក​បញ្ចូល​រវាង​ក្តី​ស្រលាញ់​របស់​ពលរដ្ឋ​ម្នាក់ៗ​សម្រាប់​ប្រទេសជាតិ ជាមួយនឹង​ក្តី​ស្រលាញ់​សម្រាប់​គណបក្ស និង​លទ្ធិសង្គមនិយម​។ លោក​ថា​៖«​យុវជន​ចិន​ក្នុង​សករាជ​ថ្មី គួរ​ស្តាប់​តាម​ពាក្យ​របស់​បក្ស និង​ដើរ​តាម​គន្លង​របស់​បក្ស​ផងដែរ​»​។​
 
​លោក ស៊ី ជិន​ភីង ក៏បាន​ប្រាប់​ទៅកាន់​បក្ស និង​រដ្ឋាភិបាល​លោក​ឲ្យ​បើក​ចិត្ត​ស្តាប់​យោបល់ និង​គំនិត ដែល​យុវជន​លើកឡើង​។ លើសពីនេះ មេដឹកនាំ​ចិន​វ័យ​៦៥​ឆ្នាំ​រូបនេះ លើកឡើង​ពី​តម្រូវការ​ចម្បង​៦​ចំណុច​ដែល​យុវជន​គួរ​អនុវត្ត​។ ចំណុច​ទាំង​៦​នោះ​គឺមាន​ដូចជា បង្កើត​មហិច្ឆតា​ដ៏​ធំ​សម្រាប់​ខ្លួន មាន​ក្តី​ស្រលាញ់​ចំពោះ​មាតុប្រទេស ទទួលខុសត្រូវ​ចំពោះ​សកម្មភាព​ខ្លួន មានព្រលឹង​ប្រឹងប្រែង​តស៊ូ រៀនសូត្រ​និង​ពង្រឹងសមត្ថភាព​បន្ថែម និង​ពង្រឹង​ចរិយា​ធម៌​។​
 
​សូមបញ្ជាក់ថា បាតុកម្ម​ថ្ងៃទី​៤ ខែឧសភា ឆ្នាំ​១៩១៩ ជា​ចលនា​ជាតិនិយម​មួយ ដែល​បានចាប់ផ្តើម​ឡើង ដោយ​និស្សិត​សកលវិទ្យា​ល័យ​ប៉េកាំង​ប្រមាណ ៣​ពាន់​នាក់​។ កាលនោះ​ពួកគេ​បាន​ដើរ​ជា​ក្បួន​ឆ្ពោះទៅកាន់​ទីលាន Tiananmen ដោយ​ខឹងសម្បារ​នឹង​ការចាត់ចែង​កិច្ចការ​ជាតិ​ពី​សំណាក់​អាល្លឺម៉ង់ និង​ជប៉ុន​នៅ​ចុងបញ្ចប់​សង្គ្រាមលោកលើកទី​មួយ​។ បាតុកម្ម​នេះ បាន​រីក​សុះសាយ​កាន់តែ​ធំ ដោយ​ក្លាយទៅជា​ការ​ដាស់តឿន​ស្មារតី​ប្រជាជន​ខាង​ផ្នែក​នយោបាយ​និង​វប្បធម៌ និង​ចុងក្រោយ​ជួយ​ជ្រោមជ្រែង​ចិន​ក្នុង​ការធ្វើ​ទំនើបកម្ម​មកដល់​សព្វ​ថ្ងៃ​៕

Tag:
 ចិន​
  ស៊ី​ជិន​ភីង
© រក្សាសិទ្ធិដោយ thmeythmey.com