ជាតិ
សង្គមជាតិ
សូមប្រយ័ត្ន! ៥ខែ ស្លាប់៣៥ របួស៣២នាក់ ដោយសាររន្ទះ រូបភាពពីក្រសួងធនធានទឹក
× គ្រោះធម្មជាតិរន្ទះបាញ់ បានបង្កឲ្យពលរដ្ឋខ្មែរស្លាប់៣៥នាក់ និងរងរបួស៣២នាក់ នៅទូទាំងប្រទេស ដោយគិតពីខែមករា ដល់ពាក់កណ្តាលខែឧសភា ឆ្នាំ២០១៩។ នេះបើតាមលោក កែវ វី អ្នកនាំពាក្យគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ដែលបានប្រាប់សារព័ត៌មានថ្មីៗតាមទូរស័ព្ទនៅព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០១៩។
លោក កែវ វី បានឲ្យដឹងថា ក្រៅពីមានមនុស្សស្លាប់និងរបួស គ្រោះធម្មជាតិនេះ ក៏បានបង្កឲ្យខូចខាតផ្ទះពលរដ្ឋ និងសត្វពាហនៈងាប់ផងដែរ។ លោក បន្តថា រយៈពេលនេះនៃឆ្នាំ២០១៨ មានមនុស្សស្លាប់និងរបួសច្រើនជាង ដោយមានអ្នកស្លាប់៦៥នាក់ និងរបួស៤៦នាក់។
អ្នកនាំពាក្យរូបនេះ បានអំពាវនាវឲ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នរាល់ពេលមានភ្លៀងធ្លាក់ និងឲ្យប្រជាពលរដ្ឋតាមដានរាល់ព័ត៌មាន អំពីករណីផ្សេងៗរបស់ក្រសួងធនធាទឹក និងឧតុនិយម ដើម្បីបានត្រៀមខ្លួនដឹងនូវគ្រោះថ្នាក់ធម្មជាតិដែលកើតមាន។
កាលពីពេលថ្មីៗនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រាប់ពីវិធានការដើម្បីការពារខ្លួន នៅ ពេលមានភ្លៀង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងមានដុំទឹកកក ដែលអាចបង្កឲ្យមានគ្រោះថ្នាក់ដោយយថាហេតុ។ ប្រជាពលរដ្ឋនិងសិស្សានុសិស្ស និស្សិតទាំងអស់ មិនត្រូវជិះកង់-ម៉ូតូពេលមេឃកំពុងភ្លៀង, មិនត្រូវនិយាយទូរសព្ទពេលឮសំឡេងផ្គរ, មិនត្រូវអង្គុយនៅក្រោមដើមឈើ, ត្រូវរត់ចេញពីកន្លែងដែលមានទឹក ឬវាលស្រែ, ត្រូវនៅឲ្យឆ្ងាយពីឧបករណ៍ដែលធ្វើពីលោហៈនិងឧបករណ៍អគ្គិសនីគ្រប់ប្រភេទ, កុំពាក់គ្រឿងអលង្ការដែលធ្វើពីលោហៈ, កុំឈរនៅក្បែរបង្អួច ឬបង្គោលភ្លើង ឬបង្គោលអង់តែន ជាដើម៕
Tag:
គ្រោះធម្មជាតិ
ខ្យល់កន្ត្រាក់
រន្ទះ
© រក្សាសិទ្ធិដោយ thmeythmey.com