អន្តរជាតិ
បញ្ហា​អាកាសធាតុ​៖ នាយករដ្ឋមន្ត្រី​ស្តីទី​អូស្ត្រាលី ប្រាប់​បាតុករ​ឲ្យ​ទៅ​ដាំ​ដើមឈើ​ជាជាង​តវ៉ា​តាមផ្លូវ​
23, Sep 2019 , 11:19 pm        
រូបភាព
រូបភាព AFP
រូបភាព AFP
​ដោយ៖ ឈួន ឈី​វ​អ៊ីង​

​នាយករដ្ឋមន្ត្រី​ស្តីទី​អូស្ត្រាលី លោក Michael McCormack បាន​ច្រានចោល​ការតវ៉ា​របស់​ក្រុមបាតុករ​ជាង​ម្ភៃ​ម៉ឺន​នាក់​ដែល​ទាមទារ​ឲ្យ​រដ្ឋាភិបាល​បង្កើន​សកម្ម​ភាព​ប្រឆាំង​ការប្រែប្រួល​អាកាសធាតុ​។ លោក McCormack បាន​ហៅ​ការប្រមូលផ្ដុំ​ដ៏​ធំ​នេះ ជា​រឿង​គួរ​ឲ្យ​អស់សំណើច​ណាស់ និង​ប្រាប់​បាតុករ​ឲ្យ​ទៅ​ដាំ​ដើមឈើ​វិញ ព្រោះ​ជួយ​បរិស្ថាន​ជាង​។



​ប្រជាជន​អូស្ត្រាលី​ជាង​២០​ម៉ឺន​នាក់ បាន​ជួបជុំគ្នា​នៅតាម​ដងផ្លូវ​ទូទាំងប្រទេស​នៅ​កាលពី​ថ្ងៃទី​២០ ខែកញ្ញា​កន្លងទៅ ដើម្បី​ប្រឆាំងនឹង​ភាព​អសកម្ម​របស់​រដ្ឋាភិបាល​ជុំវិញ​បញ្ហា​បម្រែបម្រួល​អាកាសធាតុ​។ នេះ​បើ​យោងតាម​សារព័ត៌មាន​ក្នុងស្រុក​អូស្ត្រាលី​ដែល​ផ្សាយ​ដោយ​ទីភ្នាក់ងារ​ព័ត៌មាន Xinhua ។ 

​ជាការ​ឆ្លើយតប​ទៅនឹង​ក្រុមបាតុករ លោក Michael McCormack បាន​ប្រាប់​ឲ្យ​ពួកគេ​នាំគ្នា​ដាំ​ដើមឈើ ព្រោះ​វា​នឹងមាន​ប្រយោជន៍​ជាង​ការដែល​មក​តវ៉ា​នៅតាម​ដងផ្លូវ​។ នាយករដ្ឋមន្ត្រី​ស្តីទី​អូស្ត្រាលី​រូបនេះ​បាន​ប្រាប់​ទៅ​អ្នកសារព័ត៌មាន​ក្នុង​ទឹកដី​ភាគ​ខាងជើង​នៅ​ថ្ងៃទី​២២ ខែកញ្ញា​ថា​៖ «​ជាជាង​ការដើរ​តាមផ្លូវ និង​ស្រែក​ហ៊ោ កញ្ជ្រៀវ អ្វីដែល​ពួកគេ​ម្នាក់ៗ​គួរ​ធ្វើ​គឺ ចូលរួម​ដាំ​ដើមឈើ​បន្ទាប់មក​មើលថែ​វា​»​។

​លើសពីនោះ លោក McCormack ក៏បាន​ចោទថា មាន​មនុស្ស​ប៉ុន្មាន​នាក់​នឹង​ចូល​រូ​ម​ប្រសិនបើ​វា​ធ្វើ​នៅក្នុង​ថ្ងៃ​សៅរ៍​វិញ​នោះ ហើយ​សិស្ស​ភាគច្រើន​ដែល​បាន​ចូល​រូ​ម​គឺ​មិនបាន​ដឹងផង ថា​តើ​ពួកគេ​កំពុង​តវ៉ា​ប្រឆាំង​អំពី​រឿង​អ្វី​។ សម្រាប់​រូបលោក ការធ្វើ​បាតុកម្ម​ស្តីពី​អាកាសធាតុ​នៅ​ចំ​ថ្ងៃ​ធ្វើការ និង​ថ្ងៃ​រៀន ជា​រឿង​មិន​សម​ឡើយ​។ លោក​បាន​បន្ថែមទៀតថា អ្វីដែល​ពួកគេ​ត្រូវធ្វើ ហើយ​គ្រូ​គួរ​ប្រាប់​ទៅ​សិស្ស​នោះ​គឺ ឲ្យ​ទៅ​ដាំ​ដើមឈើ ស្រោច​ទឹក មើលថែ​វា និង​ការពារ​ភពផែនដី​របស់​ពួកគេ​។​

​ក្រុមបាតុករ​ដែល​ភាគច្រើន​ជា​សិស្ស​និស្សិត បាន​អំពាវនាវ​ឲ្យ​រាជរដ្ឋាភិបាល​ប្តេជ្ញា​លើ​ការមិន​ប្រើប្រាស់​ធ្យូង ឧស្ម័ន​ហ្គាស ឬ​ប្រេង​ឥន្ទ​នៈ ព្រមទាំង​អនុវត្ត​ការប្រើប្រាស់​ថាមពល​កកើត​វិញ​១០០​ភាគរយ​ឲ្យ​បាន​នៅ​ឆ្នាំ​២០៣០​។ ក្រុមបាតុករ​ក៏​ស្នើ​ឲ្យ​មាន​ជំនួយ​សម្រាប់​ពួកកម្មករ​នៅក្នុង​សហគមន៍​ឧស្សាហកម្ម​ប្រេង​ឥន្ទ​នៈ​ផូស៊ីល ដោយ​បង្កើត​ការងារ​ឲ្យ​ពួកគេ​។

​សូមបញ្ជាក់ថា លោក McCormack ដែលជា​ឧបនាយករដ្ឋមន្ត្រី បាន​កាន់តំណែង​ជា​នាយករដ្ឋមន្ត្រី​ស្តីទី ខណៈ​លោកនាយក​រដ្ឋមន្ត្រី Scott Morrison ធ្វើដំណើរ​រ​ទស្សនកិច្ច​ផ្លូវការ​នៅ​សហរដ្ឋអាមេរិក​៕


© រក្សាសិទ្ធិដោយ thmeythmey.com