ជាតិ
សាលា​ជំនាន់​ថ្មី​ចំនួន​១១ ត្រូវបាន​បង្កើតឡើង​ដើម្បី​ពង្រឹង​ប្រព័ន្ធ​អប់រំ និង​ជំរុញ​ការអប់រំ​បែប​ឌីជីថល​
06, Oct 2019 , 7:29 pm        
រូបភាព
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​កំពុងថ្លែងសុន្ទរកថាក្នុងទិវាគ្រូបង្រៀន៥តុលា ឆ្នាំ២០១៩(រូបភាព​ពីក្រសួងអប់រំ យុវជន និងកីឡា
លោក ហង់ ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ​កំពុងថ្លែងសុន្ទរកថាក្នុងទិវាគ្រូបង្រៀន៥តុលា ឆ្នាំ២០១៩(រូបភាព​ពីក្រសួងអប់រំ យុវជន និងកីឡា
​ក្រសួង​អប់រំ យុវជន និង​កី​ឡាន បាន​បង្កើត​សាលា​ជំនាន់​ថ្មី​ចំនួន ១១ ហើយ​ដើម្បី​រួមចំណែក​ពង្រឹង​ប្រព័ន្ធ​អប់រំ​,​ជំរុញ​ការអប់រំ​តាមបែប​ឌីជីថល និង​ទិសដៅ​សេដ្ឋកិច្ច​ឌីជីថល​កម្ពុជា​។ 



​លោក ហង់​ជួន ណា​រ៉ុ​ន រដ្ឋ​ម​ន្រី្ត​ក្រសួង​អប់រំ បាន​ថ្លែង​ក្នុងឱកាស​ទិវា​គ្រូបង្រៀន ថ្ងៃទី​៥​តុលា ឆ្នាំ​២០១៩ ថា​ក្រសួង​បានជ្រើសរើស​សាលា​មួយចំនួន ដើម្បី​អនុវត្ត​កម្មវិធី​សាលារៀន​ជំនាន់​ថ្មី សំដៅ​ពង្រឹងសមត្ថភាព​គ្រូបង្រៀន កែលម្អ​វិធីសាស្ត្រ​បង្រៀន ពង្រឹង​ការគ្រប់គ្រង​សាលា និង​ជា​សាលារៀន​គំរូ ដល់​គ្រឹះស្ថានសិក្សា​ផ្សេងទៀត​។ លើសពីនេះ ក្រសួង​បាន​កែលម្អ​វិធីសាស្ត្រ​បង្រៀន ផលិត​កម្មវិធី​ទូរស័ព្ទដៃ Apps រៀបចំ​កម្មវិធី​មុខវិជ្ជា​បច្ចេកវិទ្យា​ព័ត៌មាន​តាម​ការសរសេ​រ​កម្មវិធី​កុំព្យូទ័រ (Coding) គម្រោង​អប់រំ​ឌីជីថល​បង្កើត Media Studio និង​បង្កើត Date Center និង​Smart E-Classroom​។

​លោក រស់ សុ​វាចា អ្នកនាំពាក្យ​ក្រសួង​អប់រំ បានបញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗ​តាម​ទូរស័ព្ទ​ថា បច្ចុប្បន្ន​សាលា​ជំនាន់​ថ្មី​មាន​១១​សាលា ក្នុងនោះ​មាន​សាលាបឋមសិក្សា​ចំនួន​៤ និង​សាលា​មធ្យមសិក្សា​ចំនួន​៧​។ បើតាម​អ្នកនាំពាក្យ​ដដែល សាលាបឋមសិក្សា​ទាំង​៤ មាន​សាលាបឋមសិក្សា​ហ៊ុន សែន កំពង់ចាម ទី​រួម​ខេត្តកំពង់ចាម​។ សាលាបឋមសិក្សា​ព្រះរាជអគ្គមហេសី ក្នុងស្រុក​ឧ​ត្តុ​ង ខេត្តកំពង់ស្ពឺ​។ សាលាបឋមសិក្សា​អង្គរ​បាន នៅ​ស្រុក​កងមាស ខេត្តកំពង់ចាម​។​សាលាបឋមសិក្សា​ស្វាយជ្រុំ នៅ​ស្រុក​ស្វាយជ្រុំ ខេត្តស្វាយរៀង​។ ចំណែកឯ​សាលា​មធ្យមសិក្សា​ទាង​៧ រួមមាន​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ នៅ​ខណ្ឌដូនពេញ ក្នុង​រាជធានី​ភ្នំពេញ​។ វិទ្យាល័យ ហ៊ុន សែន កំពង់ចាម នៅ​ទី​រួម​ខេត្តកំពង់ចាម​។ វិទ្យាល័យ​ព្រែកលៀប នៅ​ជ្រោយចង្វារ​រាជធានី​ភ្នំពេញ​។ វិទ្យាល័យ​សម្ដេច ជា ស៊ីម ព្រែក​អញ្ចាញ នៅមុខ​កំពូល​ខេត្តកណ្ដាល​។ វិទ្យាល័យ ហ៊ុន សែន ពាមជីកង នៅ​ខេត្តកំពង់ចាម និង​វិទ្យាល័យ​ព្រះ​យុគន្ធរ នៅ​រាជធានី​ភ្នំពេញ​។

​សូមបញ្ជាក់ថា រដ្ឋាភិបាល​កម្ពុជា​បាន​បង្កើត​កម្មវិធី​សាលា​ជំនាន់​ថ្មី ផ្ដោតទៅលើ​មុខវិជ្ជា​វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និង​គណិតវិទ្យា​( STEM ) ដើម្បី​ជំរុញ​ឲ្យ​មាន​អ្នកជំនាញ​ខាង​វិទ្យាសាស្ត្រ កាន់តែច្រើន​នៅ​កម្ពុជា​។ កម្មវិធី​នេះ ត្រូវបាន​ក្រសួង​អប់រំ ដាក់​ឲ្យ​អនុវត្តន៍​សាកល្បង​នៅ​ឆ្នាំ​២០១៥ ៕


Tag:
 ក្រសួង​អប់រំ​
  ការអប់រំ​បែប​ឌីជីថល
© រក្សាសិទ្ធិដោយ thmeythmey.com