ជាតិ
សម្ដេច ហ៊ុន សែន ៖សមត្ថភាពវិភាគលោក មាស នី គួរឱ្យបាន៣០ភាគរយនៃរដ្ឋមន្ត្រីអប់រំ
× ភ្នំពេញ៖ ជាថ្មីម្ដងទៀត សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅតែបន្តចំអកឱ្យលោក មាស នី អ្នកវិភាគនយោបាយ និងសង្គម។ សម្រាប់សម្ដេច ហ៊ុន សែន ការវិភាគរបស់លោក មាស នី មិនសូវត្រូវនឹងអ្វី ដែលកើតឡើងនៅក្នុងស្ថានភាពជាក់ស្ដែងឡើយ។
«មាស នី វិភាគអន់ណាស់!»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលអះអាងថា ការវិភាគរបស់លោក មាស នី មិនទាន់បានពាក់កណ្ដាលលោក សុខ សុគន្ធ ហៅ ជែម សុខ ដែលកំពុងរស់នៅអាមេរិកឡើយ។
មិនតែប៉ុណ្ណោះប្រមុខរដ្ឋាភិបាល ក៏បានប្រៀបធៀបសមត្ថភាពបណ្ឌិត មាស នី ជាមួយមន្ត្រីរដ្ឋាភិបាលទៀតផង។ ថ្លែងនៅក្នុងពិធីសំណេះសំណាលជាមួយសិស្សជាប់និទ្ទេស A នៅព្រឹកថ្ងៃទី ៧ តុលា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បាននិយាយថា សមត្ថភាពលោកបណ្ឌិត មាស នី មិនទាន់ស្មើ៣០ភាគរយ នៃសមត្ថភាពរបស់រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ ជួន ណារ៉ុន នោះទេ។ និយាយចំអកបែបនេះហើយ ប្រមុខរដ្ឋាភិបាល ក៏បានបន្ថែមក្នុងន័យនេះថា បើវិភាគ គួរតែងថ្លឹងថ្លែងឱ្យបានត្រឹមត្រូវ។
«យើងនៅទីនេះ មានបណ្ឌិតគរគោក បណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន។ (ការវិភាគលោក មាស នី) ឱ្យបានតែពាក់កណ្ដាល ឬបាន៣០ភាគរយ(សមត្ថភាព)របស់ ហង់ ជួន ណារ៉ុន ទៅបានហើយ។ (មាស នី) ធ្វើជាបណ្ឌិតឡប់ៗ មកពីកាល មកធ្វើជាអ្នកវិភាគសង្គម»។ នេះជាការលើកឡើងរបស់សម្ដេច ហ៊ុន សែន ដែលបន្ថែមថា ការវិភាគរបស់លោក មាស នី ហាក់ដូចជាមើលស្រាលមករដ្ឋាភិបាលថា ភ័យខ្លាចនឹងសម្ពាធនយោបាយកើតឡើង។
ថ្លែងប្រាប់សារព័ត៌មានថ្មីៗ លោក មាស នី បានបញ្ជាក់ថា ការវិភាគរបស់លោក គឺជាទស្សនមួយ ដែលកើតចេញពីការសង្កេត និងតាមដានរាល់ស្ថានការណ៍នៅក្នុងសង្គម ហើយវាក៏មិនប្រាកដថា អាចត្រូវទាំងអស់ដែរ។ បើតាមលោក មាស នី ការវិភាគរបស់លោក គ្រាន់តែជាគំនិតមួយ សម្រាប់យកទៅពិចារណាប៉ុណ្ណោះ ។ «ជាធម្មតាការវិភាគនយោបាយ វាអាស្រ័យលើអ្នកនយោបាយទេ បើយើងវិភាគស្របគំនិតគេ គេក៏ថាយើងវិភាគល្អ បើយើងវិភាគផ្ទុយគំនិតគេ គេថាយើងប្រឆាំង។ ហើយខ្ញុំក៏ទទួលស្គាល់ថា ការវិភាគរបស់ខ្ញុំមិនត្រូវ១០០ភាគរយទេ។ ប៉ុន្តែខ្ញុំក៏សុំទោស បើសិនជាការវិភាគរបស់ខ្ញុំ ប៉ះពាល់ដល់សម្ដេចនាយករដ្ឋមន្ត្រី។ តែយ៉ាងណាការវិភាគខ្ញុំ គឺមើលលើស្ថានការណ៍សង្គម នយោបាយ ដោយគ្មានបំណងចង់ក្លាយខ្លួនជាអ្នកនយោបាយប្រឆាំងអ្វីនោះទេ»។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត មាស នី ដែលបន្ថែមថា លោកនៅតែបន្តវិភាគ និងនិយាយពីបញ្ហាសង្គម និងនយោបាយដដែល សម្រាប់ការចែករំលែកដល់ពលរដ្ឋ និងយុវជនជំនាន់ក្រោយ។
ក្រៅពីលោក មាស នី , សម្ដេច ហ៊ុន សែន ក៏សង្កេតឃើញពីភាពអវិជ្ជមាននៃការវិភាគរបស់លោក ឡៅ ម៉ុងហៃ ផងដែរ៕
Tag:
ហ៊ុន សែន
មាស នី
ហង់ ជួនណារ៉ុន
វិភាគ
© រក្សាសិទ្ធិដោយ thmeythmey.com