អន្តរជាតិ
អ្នកវិទ្យាសាស្ត្រសិង្ហបុរី អាចទាញពន្លឺព្រះអាទិត្យបំបែកប្លាស្ទិកដែលអាចផលិតអគ្គិសនី ![](https://image.thmeythmey.com/pictures/2019/12/12/_front__countries-worldwide-are-battling-to-reduce-mountains-of-plastic-waste-1576062938195-7.jpg)
×![]()
អ្នកវិទ្យាសាស្ត្រនៅប្រទេសសិង្ហបុរី អះអាងថា ពួកគេបានបង្កើតមធ្យោបាយល្អសម្រាប់បរិស្ថាន ដែលប្រើពន្លឺព្រះអាទិត្យសិប្បនិមិ្មតដើម្បីបំលែងប្លាស្ទិកទៅជាសារធាតុគីមីដែលអាចបង្កើតថាមពលអគ្គិសនី។ គំនិតផ្តួចផ្តើមនេះ កើតឡើងស្របពេលបណ្តាប្រទេសនៅទូទាំងពិភពលោក កំពុងដាក់ចេញចំណាត់ការ និងបង្កើតយុទ្ធនាការដើម្បីកាត់បន្ថយសំណល់ប្លាស្ទិក។
បរិមាណប្លាស្ទិកដ៏ច្រើនសន្ធឹកសន្ធាប់ បានគរចោលដូចភ្នំលើផ្ទៃដី និងខ្លះត្រូវបានបោះចោលចូលទៅក្នុងសមុទ្រនៅពាសពេញពិភពលោក ហើយជាពិសេស បណ្តាប្រទេសក្នុងតំបន់អាស៊ី កំពុងរងការរិះគន់ខ្លាំងក្រោយពួកគេបរាជ័យក្នុងការដោះស្រាយបញ្ហានេះ។
តាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP អ្នកស្រាវជ្រាវក្នុងបុរីរដ្ឋសិង្ហបុរី បានបញ្ជាក់ថា ពួកគេបានបំលែងប្លាស្ទិកទៅចូល «អាស៊ីតរឹង (Formic Acid)» ដែលអាចយកទៅប្រើប្រាស់ក្នុងរោងចក្រថាមពលដើម្បីបង្កើតអគ្គិសនី ដោយប្រើកាតាលីសដែលមិនទៅបំផ្លាញបរិស្ថាន ឬចំណាយលុយទៀតផង។
![](https://image.thmeythmey.com/pictures/2019/12/12/plastic-is-mixed-with-chemicals-into-a-solution-which-can-be-broken-down-by-artificial-sunlight-with-scientists-at-singapore-s-nanyang-technological-university-hoping-to-replicate-the-process-under-re-1576062938195-8.jpg)
ក្នុងមន្ទីរពិសោធន៍ អ្នកវិទ្យាសាស្ត្រមកពីសកលវិទ្យាល័យបច្ចេកវិទ្យា Nanyang បានលាយប្លាស្ទិកជាមួយសារធាតុគីមីដើម្បីបង្កើតជាទម្រង់មួយបែប ដែលក្រោយមកអាចបំបែកបានដោយប្រើប្រាស់ពន្លឺព្រះអាទិត្យសិប្បនិមិ្មត។ បើតាមការអះអាងរបស់អ្នកវិទ្យាសាស្ត្រមួយក្រុមនោះ ប្លាស្ទិកត្រូវបំបែកក្នុងរយៈពេល៦ថ្ងៃ ហើយពួកគេសង្ឃឹមថា ដំណើរការនេះ អាចអនុវត្តបាននាពេលខាងមុខ ដោយប្រើប្រាស់ពន្លឺព្រះអាទិត្យពិតៗ។
«យើងមានលទ្ធភាពប្រែក្លាយប្លាស្ទិកដែលជាមូលហេតុនៃការបំពុលមហាសមុទ្រ ឲ្យទៅសារធាតុគីមីដែលមានប្រយោជន៍»។ លោក Soo Han Sen ដែលដឹកនាំគម្រោងស្រាវជ្រាវរយៈពេល២ឆ្នាំ បញ្ជាក់បែបនេះ ដោយសង្ឃឹមថា ក្រុមការងារលោក នឹងអាចបំលែងសារធាតុគីមីទៅជាថាមពលអគ្គិសនីកកើតឡើងវិញពេញលេញមួយ ដែលមិនផ្តល់ប៉ះពាល់ដល់បរិស្ថាន។
មែនទែនទៅ មធ្យោបាយនៃការកែច្នៃប្លាស្ទិក ទាមទារឲ្យបំបែកវាដោយប្រើប្រាស់ឥន្ធនៈផូស៊ីល ដែលបង្កផលប៉ះពាល់ដល់បរិស្ថានធ្ងន់ធ្ងរ ព្រោះថាវាបញ្ចេញឧស្ម័នផ្ទះកញ្ចក់។ ក៏ប៉ុន្តែ មកទល់ពេលនេះ បរិមាណប្លាស្ទិកតិចតួចប៉ុណ្ណោហ ត្រូវបានបំលែងទៅជាអាស៊ីតរឹង ហើយលោក Soo សារភាពថា វាមានបញ្ហាប្រឈមក្នុងការដំណើរការផលិតវាក្នុងកម្រិតធំ។ ពួកគេ ត្រូវការធនធានមនុស្ស និងថវិកាជំនួយបន្ថែមទៀត ដើម្បីអភិវឌ្ឍវា ហើយបច្ចុប្បន្ន អ្នកវិទ្យាសាស្ត្របានសាកល្បង ដោយប្រើប្រាស់សន្លឹកប្លាស្ទិកសុទ្ធសាធ ពុំមែនជាសំណល់ប្លាស្ទិកនោះឡើយ៕
![](https://image.thmeythmey.com/pictures/2019/12/12/the-plastic-is-converted-into-formic-acid-which-can-be-used-in-power-plants-to-generate-electricity-1576062938195-9.jpg)
Tag:
សិង្ហបុរី
ព្រះអាទិត្យ
អ្នកវិទ្យាសាស្ត្រ
អគ្គិសនី
© រក្សាសិទ្ធិដោយ thmeythmey.com