អន្តរជាតិ
អ្វីខ្លះ​ជា​ព្រឹត្តិការណ៍​សំខាន់ៗ​ប្រចាំឆ្នាំ ២០១៩ ក្នុង​តំបន់​អាស៊ាន​?
28, Dec 2019 , 9:39 pm        
រូបភាព
​ឆ្នាំ​២០១៩ នេះ គឺជា​ឆ្នាំ ដែល​បាន​បង្កើត​ព្រឹត្តិការណ៍​សំខាន់ៗ​ជាច្រើន នៅក្នុង​តំបន់​អាស៊ាន ហើយ​ព្រឹត្តិការណ៍​ខ្លះ​អាច​អង្រួន​ពិភពលោក​ទៀតផង​។ ក្នុងនោះ​មាន​ចាប់ពី​បញ្ហា​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា ដល់​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​ឥណ្ឌូណេស៊ី រហូតដល់​បញ្ហា​ផ្សែង​ពុល​នៅ​ប្រទេស​ថៃ និង​ជំនួប​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ​កូរ៉េខាងជើង គីម ជុង​អ៊ុន នៅ​វៀតណាម​ជាដើម​។ ខាងក្រោម​នេះ គឺជា​ព្រឹត្តិការណ៍​សំខាន់ៗ ដែល​បាន​កើតឡើង​នៅក្នុង តំបន់​អាស៊ីអាគ្នេយ៍​ក្នុង​ឆ្នាំ ២០១៩​នេះ​៖

 
​បញ្ហា​ជនភៀសខ្លួន​រ៉ូ​ហ៊ីង​យ៉ា​
​បញ្ហា​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា នៅតែ​ជា​រឿង​ដ៏​ចំបង​មួយ​នៅ​អាស៊ី​អា​គ្នេ​ណ៍ បើទោះបីជា​បញ្ហា​នេះ បាន​ក៏​ឡើង​តាំងពី​ឆ្នាំ ២០១៧ មក​ក៏ដោយ​។ តាមរយៈ​វិបត្តិ​នេះ ជនភៀសខ្លួន ប្រមាណ​ជាជាង ៧០​ម៉ឺន​នាក់ បាន​ភៀសខ្លួន​ទៅ​បង់​ក្លា​ដែ​ស ខណៈពេល​សហគមន៍​អន្តរជាតិ កំពុង​ដាក់​សម្ពាធ​ឲ្យ​មី​យ៉ាន់​ម៉ា ធ្វើ​មាតុភូមិនិវត្តន៍​ជនជាតិភាគតិច​មួយ​នេះ​។ ប៉ុន្តែ​គម្រោង​មាតុភូមិ​ន៍​កន្លងមក បានទទួល​បរាជ័យ​ជា​បន្តបន្ទាប់​។ 
 
​ដោយសារតែ​ការ​ធ្វើទុក្ខបុកម្នេញ​លើ​ជនជាតិភាគតិច​រ៉ូ​ហ៊ីង​យ៉ា​នេះ នា​ថ្ងៃទី​១១ ខែវិច្ឆិកា ហ្គំ​ប៊ី ដែល​តំណាង​ឲ្យ​ក្រុម​ប្រទេស​កិច្ចសហប្រតិបត្តិការ​ឥស្លាម​ទាំង ៥៧​ប្រទេស បានដាក់​ពាក្យបណ្តឹង​ទៅ​តុលាការ​យុត្តិធម៌​អន្តរជាតិ ដើម្បី​ទាមទារ​ឲ្យ​មី​យ៉ាន់​ម៉ា​ទម្លាក់ចោល​ការបង្ក្រាប​លើ​ជនជាតិ​រ៉ូ​ហ៊ីង​យ៉ា និង​ដាក់ទណ្ឌកម្ម​លើ​អ្នក​ដែល​ពាក់ព័ន្ធ​។ 
 
​ក្រៅពី​ពាក្យបណ្តឹង​ហ្គំ​ប៊ី មី​យ៉ាន់​ម៉ា​បាន​រង​សម្ពាធ​តាមផ្លូវ​ច្បាប់​ពី​អន្តរជាតិ​ពីរ​បន្ថែមទៀត​។ ក្នុងនោះ​មានដូចជា ក្រុម​សិទ្ធិមនុស្ស​ដាក់ពាក្យ​ប្តឹង​លោកស្រី​ស៊ូ​ជី និង​ក្រុម​យោធា​មី​យ៉ាន់​ម៉ា នៅ​ប្រទេស​អា​ហ្ស​ង់​ទីន​ក្រោម​«​យុ​ត្តិ​ការ​សកល​» និង​ចុងក្រោយ​គឺ តុលាការ​ឧក្រិដ្ឋកម្ម​អន្តរជាតិ​ចេញ​សេចក្តីសម្រេច បើក​ការស៊ើបអង្កេត​ពេញលេញ​មួយ​ជុំវិញ​សំណុំរឿង​រ៉ូ​ហ៊ីង​យ៉ា​។ ដោយឡែក​អាមេរិក​ឯណោះ​វិញ បានដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​យោធា​ភូមា​ជា​បន្តបន្ទាប់​។ 
 
​បញ្ហា​ភ្លើង​ឆេះ​ព្រៃ​នៅ​ឥណ្ឌូណេស៊ី​
​នា​រដូវក្តៅ​ឆ្នាំ ២០១៩ ឥណ្ឌូណេស៊ី បាន​ទទួលរង​ភ្លើង​ឆេះ​ព្រៃ​យ៉ាងដំណំ​។ បើ​មើល​តាមរយៈ​ផ្កាយរណប កាលពី​ថ្ងៃទី​១២ កញ្ញា ភ្លើង​ឆេះ​ព្រៃ​មាន​រហូតដល់ ១៦០០​កន្លែង​ឯណោះ​។ ការណ៍​នេះ ឥណ្ឌូណេស៊ី បាន​បញ្ជូន​មន្ត្រី​ពន្លត់អគ្គីភ័យ​ទៅជា​ច្រើន​នាក់​។ ចំណែកឯ​ផ្សែង​ដែល​កើតចេញពី​ភ្លើង​ឆេះ​ព្រៃ បាន​ហ៊ុយ​ទៅដល់​ម៉ាឡេស៊ី សិង្ហ​បុរី និង​ប្រទេស​មួយចំនួន​នៅក្នុង​តំបន់​អាស៊ីអាគ្នេយ៍​។ 
 
​ចាប់ពី​មន្ត្រី រហូតដល់​នាយករដ្ឋមន្ត្រី​ម៉ាឡេស៊ី មហា​ធៀ មហាម៉ាត់ បាន​ត្អូញត្អែរ​ពី​បញ្ហា​នេះ​ជាខ្លាំង​។ ហើយ​បញ្ហា​នេះ បាន​បង្ក​ឲ្យ​សាលា​រៀង កន្លែង​សាធារណ​មួយចំនួន នៅក្នុង​ឥណ្ឌូណេស៊ី និង​ម៉ាឡេស៊ី ត្រូវ​បិទ​បណ្តោះអាសន្ន ដើម្បី​ការពារ​សុខភាព​ប្រជាជន​។ បញ្ហា​នេះ រដ្ឋាភិបាល​ឥណ្ឌូណេស៊ី បាន​អះអាងថា បណ្តាលមកពី​បាតុភូត​អាកាសធាតុ El Nino ការកាប់​ឆ្ការ និង​ដុត​សម្អាត​ព្រៃ​យក​ដី​ធ្វើ​កសិកម្ម រួម​និង​ការដាំ​ដំណាំ​ផ្សេងៗ​ផងដែរ​។ 
 
​បញ្ហា​ផ្សែង​ពុល​នៅក្នុង​ប្រទេស​ថៃ​
​បញ្ហា​ផ្សែង​ពុល​នៅក្នុង​ប្រទេស​ថៃ បាន​លងបន្លាច​ស្ទើរតែ​ពេញ​មួយឆ្នាំ ២០១៩​។ បញ្ហា​នេះ បាន​កើតឡើង​តាំងពី​ដើមឆ្នាំ ២០១៩ រហូតមកដល់​ចុងឆ្នាំ​។ រដ្ឋាភិបាល​របស់លោក ប្រា​យុទ្ធ ចាន់​អូ​ចា បាន​ចាត់វិធានការ​គ្រប់បែបយ៉ាង ដើម្បី​ដោះស្រាយ​បញ្ហា​នេះ​។ ក្នុងនោះ ចំណាត់ការ​ចាប់តាំងពី បង្កើត​ភ្លៀង​សិប្បនិម្មិត ដល់ បិទ​រោងចក្រ​មួយចំនួន រហូតដល់​បិទ​សាលារៀន និង​ឲ្យ​ប្រជាជន​សម្ងំ​នៅតែ​ក្នុងផ្ទះ​ទៀត ដើម្បី​កាត់បន្ថយ​កម្រិត​ផ្សែង​ពុល​នៅក្នុង​បរិយាកាស ក៏ដូចជា​ការពារ​សុវត្ថិភាព​របស់​ប្រជាជន​។ 
 
​ការបង្ក​ផ្សែង​ពុល​នៅក្នុង​បរិយាកាស​នេះ ត្រូវបាន​បង្កដោយ  ផ្សែង​បំពុល​ដែល​ចេញពី​យានយន្ត​, ផ្សែង​បំពុល​ដែល​ចេញពី​រោងចក្រ​,​ការដុត​បំផ្លាញ​ដីស្រែ និង​សំណង់​ជាដើម​។ ជាក់ស្តែង​កម្រិត​នៃ​សារធាតុពុល​នៅក្នុង​ខ្យល់​ទំហំ​២,៥ មី​លី​ម៉ែត្រ ឬ​មាន​អង្កត់ផ្ចិត​តូច​ជាង​នេះ បាន​កើនឡើង​ចន្លោះ​ពី ៣២-៨៤ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត្រគូប នៅក្នុង​ខ្យល់​នាទី​ក្រុង​បាងកក នៅ​ថ្ងៃទី​២១ ដល់​ព្រឹក​ថ្ងៃទី​២២ ខែតុលា​។ បរិមាណ​នេះ គឺ​ហួស​កម្រិត​សុវត្ថិភាព ដែល​ត្រូវបាន​កំណត់ដោយ​រដ្ឋាភិបាល​នៅត្រឹម​៥០ មីក្រូ​ក្រាម​ក្នុង​មួយ​ម៉ែត​គូប​។​
 
​ជំនួប​ប្រធានាធិបតី ដូ​ណា​ល់ ត្រាំ និង គីម ជុង​អ៊ុន នៅ​វៀតណាម​
​ជា​រឿង​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល ដែល​វៀតណាម បានក្លាយ​ជាទី​តាំង​ចរចា​បញ្ហា​រំសាយ​កម្មវិធី​នុយក្លេអ៊ែរ​អាមេរិក និង​កូរ៉េខាងជើង​។ បន្ទាប់ពី​កិច្ចចរចា​នៅ​សិង្ហ​បុរី នា​ថ្ងៃទី​១២ ខែមិថុនា ទីក្រុង​វ៉ាស៊ីនតោន និង​ទីក្រុង​ព្យុងយ៉ាង បាន​ចំណាយពេល​យ៉ាងយូរ ទើប​សម្រេចយក​វៀតណាម ជា​កន្លែង​ជំនួប​ចរចា​លើក​ទី​២​។ 
 
​មូលហេតុ ដែល​ប្រទេស​ទាំងពីរ​ជ្រើស​យក​វៀតណាម ទំនង​មកពី​ប្រទេស​នេះ មាន​ទីតាំង​ស្ថិតនៅ​ជិត​កូរ៉េខាងជើង មាន​ទំនាក់ទំនង​ល្អ​រវាង​អាមេរិក និង​កូរ៉េខាងជើង បញ្ហា​សន្តិសុខ​នៅ​វៀតណាម​ល្អ និង​មូលហេតុ​ជាច្រើន​ផ្សេងទៀត​។ ប៉ុន្តែ​យ៉ាងណាក៏ដោយ ជំនួប​រវាង​ប្រធានាធិបតី​អាមេរិក ដូ​ណា​ល់ ត្រាំ និង​មេដឹកនាំ កូរ៉េខាងជើង នា​ថ្ងៃទី​២៧ ដល់ ២៨ ខែកុម្ភៈ បានទទួល​បរាជ័យ​ម្តងទៀត ដោយ​ជំនួប​លើក​ទី​ពីរ​នេះ មិន​ទទួលបាន​លទ្ធផល​អ្វី​សោះ​។ យ៉ាងណាក៏ដោយ រហូតមកទល់​ពេលនេះ បញ្ហា​កូរ៉េខាងជើង នៅតែ​មិនទាន់​អាច​ដោះស្រាយបាន​ដដែល​។ 
 
​ពិធី​ឡើង​គ្រង​រាជ​ព្រះមហាក្សត្រ​នៅ​ប្រទេស​ថៃ និង​ការដក​មន្ត្រី​វាំង​
​បន្ទាប់ពី​បិតា ភូមិបុល អាឌុលយ៉ាដេត ដែល​ចូល​ទិវង្គត​ក្នុង​ខែតុលា ឆ្នាំ​២០១៦​មក  មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ បាន​ឡើង​សោយរាជ្យ​ក្នុង​ខែធ្នូ ឆ្នាំ​២០១៧ ។ ទើបតែ​ថ្ងៃទី​៤ ដល់​ថ្ងៃទី​៦ ខែឧសភា ឆ្នាំ​២០១៩​នេះ​ទេ ទើប​មក  មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍ ឡើង​គ្រងរាជ្យ​ជា​ផ្លូវការ ក្នុងនាម​ជា​ស្ដេច​រាមា​ទី​១០ នៃ​រាជវង្ស​ចក្រី​របស់​ថៃ​។ 
 
​បន្ទាប់ពី​ឡើង​គ្រង​រាជ​ជា​ផ្លូវការ ស្តេច​រាមា​ទី​១០ បាន​បង្កើន​អំណាច​របស់​ព្រះ​អង្គជា​បន្តបន្ទាប់​។ តួយ៉ាង​ដូចជា ការផ្ទេរ​យោធា​ចំនួន​ពីរ​កងពល មក​ដាក់​ក្រោម​ការដឹកនាំ​របស់​ព្រះរាជវាំង​ដោយផ្ទាល់​។ បន្ទាប់ពី​ឡើង​គ្រងរាជ្យ​បាន​ប៉ុន្មាន​ខែ មហាក្សត្រ មហា វ​ជិ​រាល​ង្ក​រណ៍​ដក​បុណ្យ​សក្តិ​ស្នំ​ឯក ព្រោះ​មិន​ស្មោះត្រង់ និង​ចង់បាន​តំណែង​ខ្ពង់ខ្ពស់ និង​មន្ត្រី​វាំង​ជាង​១០​រូប​ទៀត ពី​ការ​ល្មើស​ក្រម​ប្រតិបត្តិ​។ ប៉ុន្តែ​ក្រោយមក​ទ្រង់​បានប្រគល់​តំណែង និង​យស​សក្តិ ដល់​មន្ត្រី​៣ ឬ​៤​រូប​វិញ​។ 
 
​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៥
​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៥ នាទី​ក្រុង​បាំង​កក និង​ខេត្ត​ន​ន្ទ​បុរី ចាប់ពី​ថ្ងៃទី​២ ដល់ ថ្ងៃទី​៤ ខែវិច្ឆិកា បានធ្វើ​ឡើង​ក្រោម​ប្រធានបទ «​ជំរុញ​ភាពជា​ដៃគូ​សម្រាប់​ចីរភាព​» ដោយមាន​ការចូលរួម​ពី​ប្រមុខរដ្ឋ និង​ប្រមុខ​រដ្ឋាភិបាល​របស់​បណ្តា​ប្រទេស​អាស៊ាន​ទាំង ១០​។ ប្រទេស​សមាជិក​អាស៊ាន​ទាំង ១០ បាន​ជជែក​ពិភាក្សា​ពី​បញ្ហា​សមុទ្រ​ចិន​ខាងត្បូង បញ្ហា​សន្តិសុខ​ប្រពៃណី និង​មិនមែន​ប្រពៃណី ការផ្លាស់ប្តូរ​ទស្សនៈរ​វាង​បណ្តា​ប្រទេស​ទាំងអស់ បញ្ហា​រ៉ូ​ហ៊ីង​យ៉ា និង​ការស្វែងរក​ដៃគូ​សហប្រតិបត្តិ​ការ​សម្រាប់​អាស៊ាន​ជាដើម​។ 
 
​ក្រៅពី​កិច្ចប្រជុំ​អាស៊ាន​លើក​ទី ៣៥ នៅមាន​កិច្ចប្រជុំ​ផ្សេងៗ​ទៀត ដូចជា កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ចិន​, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ឥណ្ឌា​លើក​ទី ១៦, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អង្ក​ការ​សហប្រជាជាតិ​លើក​ទី​១០, កិច្ចប្រជុំ​កំពូល​អាស៊ាន​បូក​បី លើក​ទី​២២, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​អាមេរិក លើក​ទី​៧, កិច្ចប្រជុំ​កំពូល​អាស៊ី​បូព៌ា​លើក​ទី​១៤, កិច្ចប្រជុំ​កំពូល​អាស៊ាន​-​ជប៉ុន លើក​ទី​២២ និង​កិច្ចប្រជុំ​ភាពជា​ដៃគូ​សេដ្ឋកិច្ច​តំបន់​គ្រប់​ជ្រុងជ្រោយ ឬ​RCEP លើក​ទី​៣​។ តាមរយៈ​កិច្ចប្រជុំ​កំពូល​ទាំងនេះ ប្រទេស​ចូលរួម​ទាំងអស់ បានទទួល​ផ្លែផ្កា​គួរ​ឲ្យ​កាត់​សម្គាល់ តាមរយៈ​ការទទួលបាន​អ្នកវិនិយោគ ការចរចា​លើ​ពាណិជ្ជកម្ម​សេរី ការដោះស្រាយ​បញ្ហា​ផ្សេងៗ​ជាដើម​៕  
 

© រក្សាសិទ្ធិដោយ thmeythmey.com