COVID-19
អន្តរជាតិ
នាវា​ទេសចរណ៍​អ៊ីតាលី​ដែល​បដិសេធ​ដោយ​ម៉ាឡេស៊ី​និង​ថៃ ត្រូវ​អនុ​ញ្ញា​ឲ្យ​ចូល​ចត​នៅ​សិង្ហ​បុរី
09, Mar 2020 , 10:39 pm        
រូបភាព
នាវាទេសចរណ៍ Costa Fortuna នៅក្បែរកោះ ភូកែត ប្រទេសថៃ កាលពីថ្ងៃ០៦ ខែមីនា ឆ្នាំ២០២០ តែត្រូវថៃបដិសេធឲ្យចត (AP)
នាវាទេសចរណ៍ Costa Fortuna នៅក្បែរកោះ ភូកែត ប្រទេសថៃ កាលពីថ្ងៃ០៦ ខែមីនា ឆ្នាំ២០២០ តែត្រូវថៃបដិសេធឲ្យចត (AP)
ដោយ:
​នាវា​ទេសចរណ៍​អ៊ីតាលី​មួយ ដែល​បដិសេធ​ដោយ​អាជ្ញាធរ​ម៉ាឡេស៊ី និង​ថៃ ដោយ​បារម្ភ​ជំងឺ COVID-19 នឹង​ចូល​ចត​ក្នុង​ផែ​សិង្ហ​បុរី នា​ថ្ងៃ​អង្គារ ១០ ខែមីនា ។ អាជ្ញាធរ​កំពង់ផែ​រប​ស់​បុរី​រដ្ឋ​មួយ​នេះ​បញ្ជាក់​បែបនេះ ដោយ​ដកស្រង់​ផ្សាយ​ដោយ​ទូរទស្សន៍ Channel News Asia​។

 
​នាវា​ទេសចរណ៍​អ៊ីតាលី ដែលមាន​ឈ្មោះថា Costa Fortuna មាន​ដឹក​មនុស្ស​ប្រមាណ​២០០០​នាក់​។ នាវា​នេះ ដែល​កំណត់ពេល​ធ្វើដំណើ​រ​តាម​សមុទ្រ​រយៈពេល ១៤ ថ្ងៃនោះ បាន​ចាក​ចេញពី​កំពង់ផែ Marina Bay របស់​ប្រទេស​សិង្ហ​បុរី កាលពី​ថ្ងៃទី​០៣ ខែមីនា​។ ការពិតទៅ សិង្ហ​បុរី គឺជា​ផែ​ចំណត​របស់​នាវា​នេះ​។ 
 
​តាម​ការចុះផ្សាយ​របស់​ទូរទស្សន៍​សិង្ហ​បុរី Channel News Asia អាជ្ញាធរ​កំពង់ផែ​សិង្ហ​បុរី បានបញ្ជាក់​នៅ​ថ្ងៃទី​៩ ខែមីនា​ថា អ្នកដំណើរ​លើ​នាវា​ទេសចរណ៍​នេះ  បានបញ្ចប់​ការត្រួតពិនិត្យ​សុខភាព​មុនពេល​ចុះ​ពី​នាវា រួមមាន ការពិនិត្យ​លើ​ប្រវត្តិ​ធ្វើដំណើរ និង​សីតុណ្ហភាព​ជាដើម​។ 
 
​ក្នុង​សេចក្តីថ្លែងការណ៍​មួយ អាជ្ញាធរ​សិង្ហ​បុរី​នេះ សង្កត់ធ្ងន់​ទៀតថា អ្នកដំណើរ​ដែល​ចូល​ទីក្រុង សិង្ហ​បុរី តម្រូវ​ឲ្យ​ត្រួតពិនិត្យ​សីតុណ្ហភាព ហើយ​អ្នក​ដែលមាន​ចេញ​រោគសញ្ញា​ក្តៅខ្លួន និង​ផ្លូវដង្ហើម នឹង​ប្ដូរ​ទៅជា​ការធ្វើ​តេស្ត​រកឃើញ​មើលជំងឺ COVID-19 ។ យ៉ាងណាមិញ អាជ្ញាធរ​ដដែល​អះអាង​ដូច្នេះ​ថា អ្នកដំណើរ​ដែល​បដិសេធ​ធ្វើតេស្ត​ជំងឺ COVID-19 នឹងមិន​អនុញ្ញាត​ឲ្យ​ចូលក្នុង​ប្រទេស​សិង្ហ​បុរី​ឡើយ​។ 
 
​ទោះ​មានការ​ព្រួយបារម្ភ​ជំងឺ COVID-19 ប្រតិបត្តិការ​របស់​នា​វា​ទេសចរណ៍ Costa Fortuna បានបញ្ជាក់​នៅ​ថ្ងៃ​ចន្ទ ០៩ ខែមីនា​ថា វា​គ្មាន​ករណី COVID-19 សង្ស័យ​ណាមួយ​ក្នុងចំណោម​ភ្ញៀវ​របស់ខ្លួន​ឡើយ ដែល​រួមទាំង​ជនជាតិ​អ៊ីតាលី​ផងដែរ​។ 
 
​សូមបញ្ជាក់ថា ការអនុញ្ញាត​ឲ្យ​នាវា​ទេសចរណ៍ Costa Fortuna ចូល​ចត​ពី​សំណាក់​អាជ្ញាធរ​កំពង់ផែ​សិង្ហ​បុរី​នេះ ធ្វើឡើង​ប៉ុន្មាន​ថ្ងៃ​ប៉ុណ្ណោះ​ក្រោយ​នាវា​អ៊ីតាលី​នេះ ត្រូវបាន​ហាម​ចូល​ចត​ក្នុង​កោះ ភូ​កេ​ត ប្រទេស ថៃ កាលពី​ថ្ងៃ​សុក្រ​។ មួយថ្ងៃ​បន្ទាប់​ពោលគឺ​ថ្ងៃ​សៅរ៍​សប្តាហ៍​មុន នាវា​ទេសចរណ៍​ដដែល​នេះ ក៏​ពុំ​ត្រូវបាន​អនុញ្ញាត​ឲ្យ​ចូល​ចត​ក្នុង​ផែ​រដ្ឋ Penang ភាគ​ខាងជើង​នៃ​ប្រទេស​ម៉ាឡេស៊ី​ផងដែរ​។​
 
​អាជ្ញាធរ​ម៉ាឡេស៊ី អះអាងថា វា​មាន​ជនជាតិ​អ៊ីតាលី​៦៤​នាក់​លើ​នាវា​ទេសចរណ៍​នេះ​។ បើតាម​ការចុះផ្សាយ​រប​ស់​ទីភ្នាក់ងារ​ព័ត៌មាន AFP អាជ្ញាធរ​ម៉ាឡេស៊ី លើកឡើងថា ប្រទេស​ខ្លួន បាន​រឹតត្បិត​រាល់​ការចូល​ចត​ពី​នាវា​ទេ​ចរណ៍​ទាំងអស់​ក្នុង​កំពង់ផែ​ម៉ាឡេស៊ី​។ ចំណែក ប្រទេស​ថៃ ក៏បាន​ដាក់ចេញ​ចំណាត់ការ​ដូចគ្នានេះ​៕

Tag:
 សិង្ហ​បុរី​
  ម៉ាឡេស៊ី​
  ថៃ​
  អ៊ីតាលី​
  Costa Fortuna
© រក្សាសិទ្ធិដោយ thmeythmey.com