COVID-19
កីឡាអន្តរជាតិ
អន្តរជាតិ
សមាជិក​ក្លិប​បាល់ទាត់​អាល្លឺម៉ង់​១០​នាក់​ឆ្លង COVID-19 ខណៈ​លី​គ​គ្រោង​ចាប់ផ្តើម​វិញ​
05, May 2020 , 11:38 am        
រូបភាព
​សហព័ន្ធ​កីឡាបាល់ទាត់​អាល្លឺម៉ង់ (DFL) បាន​រាយការណ៍​ពី​ការធ្វើ​តេស្ត​រក​ជំងឺឆ្លង COVID-19 ក្នុងនោះ​មាន​លទ្ធផល​វិជ្ជមាន​ចំនួន​១០​នាក់​។ ចំនួន​អ្នក​ឆ្លង​ថ្មី​នេះ កើតឡើង​ស្របពេល​ក្របខណ្ឌ Bundesliga និង Bundesliga 2 មាន​គម្រោងការ​ចាប់ផ្តើម​ការប្រកួត​លី​គជា​ថ្មី​ឡើងវិញ​។​


 
​ក្រុម​មួយចំនួន​រួមទាំង​ម្ចាស់​ជើងឯក Bundesliga រដូវ​កាល​មុន Bayern Munich សុទ្ធតែ​បាន​បន្ត​ការហ្វឹកហាត់​ឡើងវិញ​នៅតាម​មូលដ្ឋាន​ក្រុម​របស់​ពួកគេ​រៀងខ្លួន ដោយ​អនុវត្តតាម​វិធានការណ៍​គម្លាត​សុ​វត្តិភាព (Social Distancing)​។​
 
​ចាប់តាំងពី​ពាក់កណ្តាល​ប្តា​ហ៍​មុន មាន​មនុស្ស​ចំនួន​១២២៧​នាក់ ដែល​មកពី​តាម​បណ្តា​ក្លិប​ចំនួន​៣៦ នៃ​លី​គ​កីឡាបាល់ទាត់​ទាំងពីរ​កម្រិត​របស់​អា​ល្លឺ​ម៉​ង់​បាន​ទៅធ្វើ​តេស្ត​រក COVID-19 ពួកគេ​សុទ្ធសឹង​ជា​កីឡាករ គ្រូបង្វឹក និង​បុគ្គលិក ដែល​បាន​ទៅពិនិត្យ​នៅឯ​មន្ទីរពិសោធន៍​ជំនាញ​ចំនួន​៥​ទីតាំង​ផ្សេងគ្នា​។ មនុស្ស​១០​នាក់​ក្នុងចំណោម​នេះ មាន​លទ្ធផល​វិជ្ជមាន​។​
 
​យ៉ាងណាក៏ដោយ អត្តសញ្ញាណ​របស់​បុគ្គ​ល​ចំនួន​១០​រូប ឬ​ក្លិប​ដែល​ពួកគេ​កំពុង​ប្រកប​អាជីព មិនត្រូវ​បាន DFL បង្ហាញ​ឲ្យ​ដឹង​នោះទេ​។ ប៉ុន្តែ ក្លិប Cologne ធ្លាប់បាន​បញ្ជាក់ថា ពួកគេ​មាន​សមាជិក​ខ្លួន​ចំនួន​៣​នាក់​ឆ្លង COVID-19 កាលពី​ថ្ងៃទី​១ ខែឧសភា​។ អ្នក​ឆ្លង​ទាំង​៣​នាក់​នោះ មាន​២​នាក់​ជា​កីឡាករ និង​ម្នាក់​ជា​អ្នកជំនាញ​ព្យាបាល​ផ្នែក​ចលនា​របស់​ក្លិប​។​
 
​ចំណែក​ក្រុម Dynamo Dresden នៃ​លី​គ​ទី​ពីរ​អាល្លឺម៉ង់ ក៏បាន​អះអាងថា មាន​កីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​របស់ខ្លួន​ដែល​បាន​ទៅធ្វើ​តេស្ត មាន​រោគសញ្ញា​ជំងឺឆ្លង​សកល​នេះ ហើយ​តម្រូវ​ឲ្យ​នៅ​ដាច់ដោយឡែក​ចំនួន​២​សប្តាហ៍​។​
 
​លោក Christian Seifert នាយក​ប្រតិបត្តិ DFL បាន​លើកឡើងថា នៅ​ថ្ងៃទី​៩ ខែឧសភា គឺជា​កាលបរិច្ឆេទ​គោលដៅ​សម្រាប់​ការបន្ត​ការប្រកួត​លី​គ​ឡើងវិញ ប៉ុន្តែ​ពេលនេះ​ហាក់ដូចជា​មិនមាន​ភាពអំណោយ​ផល​សោះ​។ មួយវិញទៀត លី​គ​លំដាប់​កំពូល​អាល្លឺម៉ង់ Bundesliga គ្រោង​នឹង​ទទួលបាន​ការណែនាំ​ថ្មី​អំពី​ការ​ត្រឡប់​ទៅកាន់​ការប្រកួត​លី​គ​វិញ បន្ទាប់ពី​មាន​ជំនួប​រវាង​អធិការបតី​អាល្លឺម៉ង់​លោកស្រី Angela Merkel និង​មេដឹកនាំ​រដ្ឋ​ទាំង​១៦ នៅ​ថ្ងៃទី​៦ ខែឧសភា​៕

Tag:
 COVID-19
  DFL
  Bundesliga
© រក្សាសិទ្ធិដោយ thmeythmey.com