ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
ទេសចរណ៍ព្រៃភ្នំ៣កន្លែង ដែលទេសចរផ្សងព្រេងមិនគួរខកខាន
13, Sep 2020 , 7:59 pm        
រូបភាព
ដោយ:
ភ្នំឱរ៉ាល់ ភ្នំត្បែងមានជ័យ និងភ្នំត្នោត គឺជាតំបន់អ្នកទេសចផ្សងព្រេង មិនគួរខកខាន ឬមើលរំលងនោះឡើយ។ នេះបើតាមការបញ្ជាក់របស់ លោក តាន់ គីមសួរ ប្រាប់សារព័ត៌មានThmeythmey25។ មូលហេតុដែល លោក តាន់ គីមសួរ ណែនាំតំបន់ទេសចរណ៍ព្រៃភ្នំទាំង៣កន្លែងនេះ ព្រោះតំបន់នីមួយៗ មានសក្តានុពលទេសចរណ៍ប្លែកៗពីគ្នា ដែលទេសចរអាចស្វែងយល់ បានទាំងសម្បត្តិធម្មជាតិ និងសត្វព្រៃនៅកម្ពុជា រួមទាំងប្រពៃណីទំនៀមទម្លាប់ផងដែរ។

 
លោក តាន់ គីមសួរ បានណែនាំតំបន់ទេសចរបែបព្រៃភ្នំ ចំនួន៣កន្លែង ដល់ទេសចរដែលចូលចិត្តដំណើរកម្សាន្តបែបផ្សងព្រេង។ តំបន់ទាំង៣នោះ ភ្នំឱរ៉ាល់ដែលស្ថិតក្នុងខេត្តកំពង់ស្ពឺ  ភ្នំត្បែងមានជ័យ និងភ្នំត្នោត ដែលស្ថិតក្នុងខេត្តព្រះវិហារ។ 
  
 
មូលហេតុដែល លោក តាន់ គីមសួរ ណែនាំតំបន់ទេសចរណ៍ព្រៃភ្នំទាំង៣កន្លែងនេះ ព្រោះតំបន់ទេសចរណ៍ព្រៃភ្នំនីមួយៗ មានសក្តានុពលទេសចរណ៍ប្លែកៗពីគ្នា ដែលទេសចរអាចស្វែងយល់បានទាំងធនធានធម្មជាតិដ៏សម្បូរបែប សត្វព្រៃកម្រៗជាច្រើនប្រភេទ នៅកម្ពុជា និងស្វែងយល់ពីវប្បធម៌ ប្រពៃណីផងដែរ។ 
 
លោក តាន់ គីមសួរ ពន្យល់លម្អិតប្រាប់ThmeyThmey25 ដូច្នេះ៖«តំបន់ទេសចរណ៍ទីមួយ គឺទេសចរគួទៅលេងនៅភ្នំឱរ៉ាល់។ ព្រោះវត្តមានទេសចរទៅតំបន់នេះ អាចជួយដល់ជីវភាពប្រជាជន ជួយដល់ព្រៃឈើ និងអាចជួយអភិរក្សសត្វព្រៃដែលកម្រៗ មានដូចជាទន្សោង ខ្ទីង ជ្រូកព្រៃជាដើម។ ចំណែកតំបន់ទីពីរវិញ គឺភ្នំត្នោត គ្រប់គ្រងដោយ លោក បេន ដាវីស ដែលជាជនជាតិបរទេស។ ទេសចរទៅលេងភ្នំត្នោត អាចបានឃើញកន្លែងមួយមានធម្មជាតិស្អាត ប្លែក និងបានលើកទឹកចិត្តដល់ជនបរទេស ដើម្បីឲ្យគាត់បន្តការអភិរក្សព្រៃឈើនៅតំបន់នេះផង។ តំបន់ទេសចរណ៍ទីបី គឺភ្នំត្បែង ដែលជាកន្លែងស្នាក់ធម៌របស់លោកតាសួង ដែលប្រជាជនខ្មែរមិនសូវបានស្គាល់ពីតំបន់ស័ក្តិសិទ្ធមួយនេះ»។
  
 
លោក តាន់ គីមសួរបន្តថា កន្លែងតម្កល់សពលោកតាសួង ដែលស្ថិតក្នុងប្រទេសថៃ អាចផ្តល់ចំណូលដល់ថៃ រាប់លានដុល្លារក្នុងមួយឆ្នាំ ពីទេសចរដែលចូលទស្សនា។ ក្រៅតែជាតំបន់ស័ក្តិសិទ្ធ ភ្នំត្បែងក៏ជាទីទេសចរណ៍ ដ៏ទាក់ទាញមួយដោយសារសម្រស់ធម្មជាតិ ព្រៃឈើធំល្វឹងល្វើយ  ទឹកធ្លាក់ ទេសចរអាចងូតកម្សាន្តបាន មានអាកាសធាតុត្រជាក់ និងបានដាក់ចូលជាសម្បត្តិបេតិកភណ្ឌធម្មជាតិកាលពីថ្ងៃទី១៣ ខែកញ្ញា ឆ្នាំ២០១៦។
 
សម្រាប់ទេសចរ ដែលចង់ទៅកម្សាន្តនៅតំបន់ធម្មជាតិដ៏សម្បូរបែបទាំង៣នេះ មានទីតាំង៖ ភ្នំឱរ៉ាល់ នៅ ភូមិស្រែកិន ឃុំត្រពាំងជោរ ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។ ភ្នំត្នោត ស្ថិតនៅភូមិតាបស ឃុំស្តៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ។ ចំណែកភ្នំត្បែង មានផ្ទៃដីប្រមាណជាង២ម៉ឺន៥ពាន់ហិកតា គ្របដណ្តប់លើស្រុកចំនួន៥ គឺស្រុកគូលែន ស្រុកសង្គមថ្មី ស្រុកត្បែងមានជ័យ ក្រុងព្រះវិហារ និងស្រុករវៀង ក្នុងខេត្តព្រះវិហារ៕
 


© រក្សាសិទ្ធិដោយ thmeythmey.com