ជាតិ
សេដ្ឋកិច្ច
អាមេរិកនឹងផ្តល់ថវិកាជិត២៣លានដុល្លារបន្ថែម ដល់កម្ពុជា សម្រាប់អនុវត្តកម្មវិធីកសិកម្ម និងបរិស្ថាន រូបថត៖ Cambodia Harvest II.jpg
× ភ្នំពេញ៖ រដ្ឋាភិបាលអាមេរិកនឹងផ្តល់ហិរញ្ញប្បទានសរុប៦៦,២លានដុល្លារបន្ថែមដល់កម្ពុជា សម្រាប់ការអនុវត្តកម្មវិធីអភិវឌ្ឍវិស័យធំៗចំនួន៤។ ក្នុងចំណោមហិរញ្ញប្បទានសរុបដែលកម្ពុជានឹងទទួលបាននេះ អាមេរិកបានបែកចែកលើកម្មវិធីអភិវឌ្ឍវិស័យកសិកម្ម និងបរិសា្ថន ២២,៩លានដុល្លារ។
កញ្ចប់ហិរញ្ញប្បទានទាំងនេះ ត្រូវបានចុះកិច្ចព្រមព្រៀងគ្នារវាងលោក ជិន ប៊ុនស៊ាន ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសសកម្មពិសេស និងជាអនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍកម្ពុជា ជាមួយលោកស្រី Veena Reddy នាយិកាទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់ការអភិវឌ្ឍ(USAID) កាលពីថ្ងៃទី៨ធ្នូ។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរួមលើ«ការបន្ថែមហិរញ្ញប្បទានកិច្ចព្រមព្រៀងវិសោធនកម្មស្តីពី ហិរញ្ញប្បទានសហប្រតិបត្តិការអភិវឌ្ឍរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអាមេរិក»។
ក្នុងសេចក្តីប្រកាសព័ត៌មានខាងលើនេះបានបញ្ជាក់ថា ចំពោះកញ្ចប់ថវិកាចំនួន៤៣,៣លានដុល្លារទៀត គឺអាមេរិកផ្តល់កម្ពុជាសម្រាប់កម្មវិធីអភិវឌ្ឍវិស័យសុខភាពសាធារណៈ និងអបរំ។
ក្នុងឆ្នាំ២០២០នេះ រដ្ឋាភិបាលអាមេរិកបានផ្តល់ហិរញ្ញប្បទានប្រមាណ ១២៨,៧លានដុល្លារ ក្នុងការរួមចំណែកអភិវឌ្ឍកម្ពុជា។ ដោយឡែក គិតចាប់ឆ្នាំ១៩៩២ មកដល់ឆ្នាំ២០១៩ កម្ពុជាទទួលហិរញ្ញប្បទានឥតសំណងពីអាមេរិកប្រមាណ១,៥ពាន់ដុល្លារ ស្មើនឹងជាង៦ភាគរយនៃទំហំហិរញ្ញប្បទានសរុបដែលផ្តល់ដោយដៃគូអភិវឌ្ឍទាំងអស់។
ជំនួយជាថវិកាដែលអាមេរិកផ្តល់ឱ្យកម្ពុជាទាំងនេះ ក្រៅតែផ្តោតលើវិស័យអប់រំ, សុខាភិបាល, បរិស្ថាន, កសិកម្មហើយនោះ ក៏ផ្តោតលើវិស័យអភិបាលកិច្ច និងការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យ និងកម្មវិធីដោះគ្រាប់មីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទះផងដែរ៕
Tag:
កសិកម្ម
បរិស្ថាន
អប់រំ
© រក្សាសិទ្ធិដោយ thmeythmey.com