កីឡាអន្តរជាតិ
អន្តរជាតិ
Solskjaer ប្រាប់កូនក្រុមឲ្យប្រឹងលេងនៅ Old Trafford ក្រោយឈ្នះ Sheffield
× លោក Ole Gunnar Solskjaer ព្រមានកូនក្រុម Manchester United ត្រូវតែ«ពង្រឹង»ការប្រកួតនៅទឹកដី Old Trafford បន្ថែមទៀត បន្ទាប់ពីពួកគេវាយបកយកឈ្នះ Sheffield United ដោយលទ្ធផល ៣-២ នាជំនួបក្របខណ្ឌ Premier League។
អ្នកចាំទី Dean Henderson បានបង្កើតកំហុសនៅមុខទីដែលធ្វើឲ្យ Man Utd របូត១គ្រាប់ទៅឲ្យម្ចាស់ផ្ទះ Sheffield United នៅនាទីទី៥ ដែលសម្រេចទីដោយកីឡាករ David McGoldrick។ ការប្រកួតបន្តដល់នាទី២៦ Marcus Rashford រកបានគ្រាប់តាមស្មើឲ្យក្រុមបិសាចក្រហមវិញ មុន Anthony Martial បន្ថែមគ្រាប់នាំមុខនៅ៧នាទីបន្ទាប់ មុនបញ្ចប់វគ្គទី១។
ចូលដល់វគ្គទី២ ខណៈការប្រកួតដំណើរការបាន៦នាទី Rashford បានបន្ថែមគ្រាប់ទី២របស់ខ្លួន និងជាគ្រាប់ទី៣ឲ្យក្រុមលោក Solskjaer មុន McGoldrick សម្រេចបានគ្រាប់ទី២នៅនាទី៨៧។ ចប់ការប្រកួត Man Utd ឈ្នះ Sheffield ៣-២។
ទោះបីក្រុមបិសាចក្រហមទទួលបាន៣ពិន្ទុបន្ថែមដើម្បីឡើងទៅឈរនៅចំណាត់ទី ៦ ក្នុងតារាងលីគកំពូលអង់គ្លេសវិញក៏ដោយ ប៉ុន្តែលោក Solskjaer នៅតែប្រមានកូនក្រុមលោកឲ្យពង្រឹងការប្រកួតក្នុងផ្ទះខ្លួនឯងឲ្យប្រសើរជាងនេះ។
ក្នុងចំណោមការប្រកួតទាំង១២លើករដូវកាលនេះ Man Utd ឈ្នះ៧លើក ស្មើ២ និងចាញ់៣លើក។ បរាជ័យទាំង៣លើកសុទ្ធតែនៅ Old Trafford ទាំងអស់ក្នុងនោះចាញ់ Crystal Palace ៣-១ ចាញ់ Spurs ៦-១ និងចាញ់ Arsenal ១-០។ ផ្ទុយទៅវិញពួកគេទើបតែទទួលបានជ័យជម្នះមួយលើកគត់ក្នុងផ្ទះនៅក្របខណ្ឌ Premier League។
មុនបិសាចក្រហមនឹងត្រូវទទួលភ្ញៀវ Leeds United ក្នុងជំនួបលីគកំពូលសប្តាហ៍ទី១៣ ចុងអាទិត្យនេះ លោក Solskjaer បានព្រមានកូនក្រុមឲ្យពង្រឹងការប្រកួតក្នុងដីឡើងវិញ។ ប្រើសិនបើពួកគេអាចទទួលឈ្នះនៅជំនួបនេះទៀត Man Utd នឹងឡើងទៅកាន់ចាំណាត់ថ្នាក់ទី២មិនខាន។
អ្នកចាត់ការសញ្ជាតិន័រវែសបានប្រាប់ BBC ថា៖«យើងចាំបាច់ត្រូវពង្រឹងការប្រកួតក្នុងដី។ ជំនួបចុងសប្តាហ៍នេះនឹងក្លាយជាការសាកល្បងដ៏ធំមួយសម្រាប់យើង។ វាជាការប្រកួតដ៏ធំមួយសម្រាប់យើងដើម្បីជាផ្លូវក្នុងការប្រជែងពាន Premier League រដូវកាលនេះ»។
ម្ចាស់ជើងឯកលីគកំពូលអង់គ្លេស២០សម័យ១រកបាន២៣ពិន្ទុ និងឈរនៅចំណាត់ថ្នាក់ទី៦ ប៉ុន្តែសល់ប្រកួតក្នុងដៃមួយលើក៕
Tag:
Ole Gunnar Solskjaer
Manchester United
© រក្សាសិទ្ធិដោយ thmeythmey.com