COVID-19
ជាតិ
សង្គមជាតិ
ពលករខ្មែរមកពីថៃម្នាក់ទៀត មានកូវីដ-១៩ ជាករណីទី២២
× ភ្នំពេញ៖ ពលករខ្មែរម្នាក់ទៀតដែលជាបុរសទើបមកពីប្រទេសថៃ បានឆ្លងកូវីដ-១៩។ចំណែកអ្នកជំងឺ៣នាក់ទៀត បានជាសះស្បើយ នៅថ្ងៃទី៩ មករា។ នេះបើតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាល ។
ក្រសួងសុខាភិបាលបានបញ្ជាក់ថា ករណីឆ្លងកូវីដ-១៩ថ្មីនៅថ្ងៃនេះ ជាបុរសនោះមានវ័យ២៤ឆ្នាំ ដែលស្នាក់នៅភូមិថ្នល់បត់ ឃុំភ្នំតូច ស្រុកមង្គលបុរី ខេត្តបន្ទាយមានជ័យ។ បច្ចុប្បន្នបុរសនោះកំពុងព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តបន្ទាយមានជ័យ។
ចំពោះករណីជាសះស្បើយ២នាក់ដែលជាពលករមកពីប្រទេសថៃ ដោយម្នាក់ជាស្ត្រីជនជាតិខ្មែរមានអាយុ២៦ឆ្នាំស្នាក់នៅក្នុងឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង បានធ្វើដំណើរមកពីប្រទេសថៃចូលមកកម្ពុជានៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២០។ ពលករម្នាក់ទៀតជាស្ត្រីជនជាតិខ្មែរអាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិដូង ឃុំកំរៀង ស្រុកកំរៀង ខេត្តបាត់ដំបង បានមកដល់កម្ពុជានៅថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០២០។
ចំណែកអ្នកជាសះស្បើយម្នាក់ទៀតជាករណីនាំចូល ជាស្ត្រីជនជាតិខ្មែរអាមេរិកាំង មានអាយុ៣៦ឆ្នាំ ស្នាក់នៅក្រុងតាខ្មៅ ខេត្តកណ្តាល ធ្វើដំណើរមកពីប្រទេសសហរដ្ឋអាមេរិក មកដល់កម្ពុជានៅថ្ងៃទី១ ខែមករា ឆ្នាំ២០២១។
គិតត្រឹមថ្ងៃទី៩មករា ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន២២នាក់ហើយ ដែលត្រឡប់មកពីប្រទេសថៃវិញ មានជំងឺកូវីដ-១៩។ ពួកគេទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៨៧នាក់ ដោយក្នុងនោះ មាន៣៦៥នាក់បានជាសះស្បើយ៕
© រក្សាសិទ្ធិដោយ thmeythmey.com