COVID-19
ជាតិ
សង្គមជាតិ
ពលករខ្មែរមកពីប្រទេសថៃ៤នាក់ទៀតឆ្លងកូវីដ-១៩
10, Jan 2021 , 7:33 am        
រូបភាព
ដោយ:
 
ភ្នំពេញ៖ ពលករខ្មែរមកពីប្រទេសថៃ៤នាក់ទៀតឆ្លងកូវីដ-១៩ ដោយក្នុងនោះ២នាក់ជាពលករស្ថិតនៅខេត្តបាត់ដំបង និង២នាក់ទៀតជាពលករនៅខេត្តបន្ទាយមានជ័យ។ នេះបើតាមការផ្សាយព័ត៌មានរបស់ក្រសួងសុខាភិបាលនាថ្ងៃទី១០ ខែមករា ដោយបញ្ជាក់ថា ពលករ៦នាក់ទៀតបានជាសះស្បើយពីជំងឺកូវីដ-១៩។



ក្រសួងសុខាភិបាលបានបញ្ជាក់ថា ពលករទាំង៤នាក់ដែលឆ្លងកូវីដ-១៩នេះ គឺសុទ្ធតែស្ត្រីទាំងអស់ ដោយស្ត្រី២នាក់ មានអាយុ២១ឆ្នាំ និង២៦ឆ្នាំ ស្នាក់នៅឃុំបឹងព្រីង ស្រុកថ្មគោល ខេត្តបាត់ដំបងដូចគ្នា។ ស្ត្រីទី៣មានអាយុ២៩ឆ្នាំ ស្នាក់នៅភូមិនិមិត្ត៣ ឃុំនិមិត្ត ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ និងស្រ្តីទី៤មានអាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ អ្នកជំងឺអ្នក៤នាក់នេះ គឺសុទ្ធតែត្រឡប់មកពីប្រទេសថៃ ចូលមកកម្ពុជានៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២១ដូចគ្នា។

ចំពោះពលករខ្មែរ៦នាក់ទៀតដែលបានជាសះស្បើយនៅថ្ងៃនេះ ក៏សុទ្ធតែជាស្ត្រីដែលស្ថិតនៅក្នុងឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិនទាំងអស់ផងដែរ ដោយបានត្រឡប់ពីប្រទេសថៃ ហើយចូលមកកម្ពុជានៅចន្លោះថ្ងៃទី២៩-៣០ ខែធ្នូ ឆ្នាំ២០២០។ បច្ចុប្បន្នអ្នកទាំង៦នាក់នោះ ត្រូវបានពេទ្យអនុញ្ញាតឲ្យចាកចេញពីមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន។

គិតត្រឹមថ្ងៃទី១០ ខែមករា ក្រសួងសុខាភិបាល រកឃើញពលករខ្មែរចំនួន២៦នាក់ហើយ ដែលត្រឡប់មកពីប្រទេសថៃវិញ មានជំងឺកូវីដ-១៩។ ពួកគេទាំងនោះ ត្រូវបានដាក់ឲ្យសម្រាកព្យាបាលនៅតាមមណ្ឌលសុខភាពនានា ក្នុងខេត្តប៉ៃលិន បាត់ដំបង និងបន្ទាយមានជ័យ។ បច្ចុប្បន្នកម្ពុជាមានអ្នកឆ្លងជំងឺកូវីដ-១៩ សរុប ៣៩១នាក់ ដោយក្នុងនោះ មាន៣៧១នាក់បានជាសះស្បើយ៕

Tag:
 ពលករ
  កូវីដ-១៩
© រក្សាសិទ្ធិដោយ thmeythmey.com