ជាតិ
បុគ្គលិក​ព្រលានយន្តហោះ​ខេត្តសៀមរាប​១៦១​នាក់ ទាមទារ​ឲ្យ​មន្ទីរ​ការងារ​ដាក់​វិវាទ​ខ្លួន ជា​វិវាទ​រួម
22, Jan 2021 , 6:39 pm        
រូបភាព
ការទាមទាររបស់បុគ្គលិកព្រលានយន្តហោះសៀមរាបនៅមុខមន្ទីរការងារ ឲ្យដាក់វិវាទរបស់ជាវិវាទរួម នៅថ្ងៃទី២២មករា ២០២១។ (រូបពី៖ ទំព័រហ្វេសប៊ុករបស់ CTWF)
ការទាមទាររបស់បុគ្គលិកព្រលានយន្តហោះសៀមរាបនៅមុខមន្ទីរការងារ ឲ្យដាក់វិវាទរបស់ជាវិវាទរួម នៅថ្ងៃទី២២មករា ២០២១។ (រូបពី៖ ទំព័រហ្វេសប៊ុករបស់ CTWF)
​ភ្នំពេញ​៖ បុគ្គលិក​ព្រលានយន្តហោះ​ខេត្តសៀមរាប​១៦១​នាក់ តវ៉ា​ឲ្យ​មន្ទីរ​ការងារ​ខេត្ត​ដាក់​វិវាទ​របស់​ពួកគេ ជា​វិវាទ​រួម ដើម្បី​ងាយស្រួល​ដោះស្រាយ​។ ប៉ុន្តែ​ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប អះអាងថា វិវាទ​នេះ​គឺ​មានតែ​ដោះស្រាយ​តាមផ្លូវ​តុលាការ  ដោយសារ​ភាគី​បុគ្គលិក​មិន​ព្រម​ចូល​ចរចា​។



​នៅ​ព្រឹក​ថ្ងៃទី​២២ ខែមករា ឆ្នាំ​២០២១​នេះ បុគ្គលិក​ព្រលានយន្តហោះ​ខេត្តសៀមរាប​១៦១​នាក់ បាន​តវ៉ា​ឲ្យ​មន្ទីរ​ការងារ​ខេត្ត​ដាក់​វិវាទ​របស់​ពួកគេ ជា​វិវាទ​រួម​។ វិវាទ​នេះ កើតឡើង ក្រោយពី​ក្រុមហ៊ុន​ព្រលានយន្តហោះ បាន​បញ្ឈប់​និង​ប្ដូរ​តួនាទី​របស់​ពួកគេ ដោយ​មិនបាន​បំពេញ​តាម​លក្ខខណ្ឌ​នៃ​ការ​ជម្រុះ​បុគ្គលិក​នៃ​ច្បាប់​ការងារ​។​
 
​លោក រ៉ង រ៉ាវ​ណ្ណ ប្រធាន​សហជីព​ព្រលានយន្តហោះ​ខេត្តសៀមរាប និង​ជា​ប្រធាន​សហព័ន្ធ​សហជីព​កម្មករ​វិស័យ​ដឹកជញ្ជូន​កម្ពុជា (CTWF) បញ្ជាក់ថា ការដាក់​ជា​វិវាទ​រួម គឺ​ងាយស្រួល​សម្រាប់​បុគ្គលិក​ក្នុងការ​ដោះស្រាយ​វិវាទ​ព្រោះ​មាន​អ្នកតំណាង​ជួយ​ដោះស្រាយ​។ 


បុគ្គលិកព្រលានយន្តហោះសៀមរាបតវ៉ានៅមុខមន្ទីរការងារ។ ​(រូបពី៖ ទំព័រហ្វេសប៊ុករបស់ CTWF) 

​ក្នុង​កិច្ចសម្ភាសន៍​ជាមួយ​សារព័ត៌មាន​ថ្មីៗ លោក រ៉ាវ​ណ្ណ ថ្លែងថា​៖«​វិវាទ​រួម គឺ​ខាង​មន្ទីរ​បញ្ជូន​សំណុំរឿង​ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្ដាល ហើយ​ភាគី​បុគ្គលិក​ដែលជា​អ្នកតំណាង​ឬ​សហជីព និង​ក្រុមហ៊ុន​នឹងចូលរួម​ចរចា​ដោះស្រាយ​គ្នា​។ បើ​វិវាទ​បុគ្គល​វិញ ប្រសិន​ចរចា​គ្នា​មិនត្រូវ ភាគី​ទាំងពីរ បុគ្គលិក​និង​ក្រុមហ៊ុន​អាច​បន្តបាន ដោយ​ដាក់​ពាក្យបណ្ដឹង​ទៅ​តុលាការ ហេតុនេះ ពួកគាត់​មិនសូវ​យល់​ពី​ច្បាប់​គឺ​ពិបាក​»​។ 
 
​ជុំវិញ​វិវាទ​នេះ ប្រធាន​មន្ទីរ​ការងារ​ខេត្តសៀមរាប លោក ចិន្តា សុខុម ជំរុញ​ឲ្យ​ទៅ​សួរ​ក្រសួង​ការងារ ដោយសារ​កន្លងមក ក្រុម​បុ​គ្គិ​លក​ទាំងនោះ បានដាក់​លិខិត​ទៅ​ក្រសួង ដើម្បី​សំ​កិច្ច​អន្តរាគមន៍ ប៉ុន្តែ​ក្រសួង​បញ្ជូន​ឲ្យ​មន្ទីរ​ដោះស្រាយ​វិញ ដោយ​ចាត់ទុកជា​វិវាទ​បុគ្គល​។ 
 
​ចំណែក ប្រធានការិយាល័យ​ដោះស្រាយ​វិវាទ​ការងារ​ខេត្តសៀមរាប លោក ផេង ឆេង​លី អះអាងថា កាលពី​ថ្ងៃទី​២២ ខែមករា ក្រុម​បុគ្គ​លិ​ទាំងនោះ បាន​បោះបង់​សិទ្ធិ​ចរចា​ហើយ ដោយ​ដើរចេញ​មិន​ព្រម​ចរចា​។ លោក បញ្ជាក់ថា​៖«​កាល​ថ្ងៃ​ហ្នឹង ខ្ញុំ​មិនទាន់បាន​សាកសួរ​ព័ត៌មាន​ពួកគាត់ (​បុគ្គលិក​ព្រលានយន្តហោះ​) អី​ទេ មិនដឹង​ភាគី​ក្រុមហ៊ុន​បញ្ឈប់​ពួកគាត់​បាន​អនុវត្ត​តាមច្បាប់​ការងារ​មាត្រា​៩៥ ដែល​ពិនិត្យ​លក្ខខណ្ឌ​លើ​បុគ្គលិក​ឬ​អត់​ផង គាត់​ក៏​នាំគ្នា​ដើរចេញ​។ គាត់​មិន​សហការ មិន​ចូលរួម​ដោះស្រាយ​ផង​ហ្នឹង អ៊ឺ​ចឹ​ង​បើ​គាត់​មិន​ពេញចិត្ត ក្នុងការ​ដោះស្រាយ​វិវាទ​របស់​មន្ទីរ​ផង មានតែ​ដោះស្រាយ​តាម​តុលាការ​...»​។ 


បុគ្គលិកព្រលានយន្តហោះសៀមរាបតវ៉ានៅមុនមន្ទីរការងារនៅថ្ងៃទី២២ មករា ឆ្នាំ២០២១។ (រូបពី៖ ទំព័រហ្វេសប៊ុករបស់ CTWF) 

​កាលពីដើម​ខែធ្នូ ឆ្នាំ​២០២០ បុគ្គលិក​ព្រលានយន្តហោះ​ទាំង​១៦១​នាក់ ត្រូវបាន​ក្រុមហ៊ុន​បញ្ឈប់​ការងារ​១៣០​នាក់ ហើយ​៣១​នាក់​ទៀត​គឺ​ប្ដូរ​តួនាទី ក្រោម​ហេតុផល​វិបត្តិ​កូ​វី​-១៩​។ នេះ​បើតាម​ការអះអាង​របស់​លោក រ៉ង រ៉ាវ​ណ្ណ ដោយ​បន្ថែមថា បុគ្គលិក​ទាំងអស់​ដែល​ទាមទារ​នៅថ្ងៃនេះ ក៏​ស្នើ​ឲ្យ​ក្រុមហ៊ុន​ទទួល​ពួកគេ​ចូល​បំពេញការងារ​វិញ​ដែរ​។ 
 
​លោក បញ្ជាក់ថា​៖«​ក្រុមហ៊ុន​បញ្ឈប់​ក្រុម​ពួក​ខ្ញុំ មិន​ស្របតាម​ច្បាប់​ការងារ​គឺ​មិន​ពិនិត្យ​លក្ខ​ខ​ណ្ខ​បុគ្គលិក​ណា​ដែល​អតីតភាព​ការងារ​តិច បន្ទុកគ្រួសារ​តិច ជាដើម​។ ក្រុមហ៊ុន​ចុច​ឈ្មោះ​បញ្ឈប់​យកតែ​ម្ដង ដែល​ភាគច្រើន​ជា​សមាជិក​សហជីព​ខ្ញុំ​។ ប្រសិន​ចង់​ជម្រុះ​បុគ្គលិក ត្រូវ​ធ្វើតាម​លក្ខខណ្ឌ​ច្បាប់ បើ​ពិនិត្យ​ទៅ​សមស្រប ពួកគាត់ យល់ព្រម​»​។ 
 
​ជុំវិញ​បញ្ហា​នេះ សារព័ត៌មាន​ថ្មីៗ មិនអាច​សុំ​ការបកស្រាយ​ពី​លោក ផន ដា ប្រធាន​រដ្ឋបាល​នៅ​ព្រលានយន្តហោះ​បានឡើយ ដោយ​លោក ប្រាប់ថា លោក សុំច្បាប់​សម្រាក នៅ​កន្លែង​ការងារ ហើយ​មិនទាន់​ទទួលបាន​ព័ត៌មាន​ជុំវិញ​ការតវ៉ា​របស់​បុគ្គលិក​ព្រលានយន្តហោះ​នេះឡើយ​។ 
 
​មេ​សហជីព លោក រ៉ង រ៉ាវ​ណ្ណ អះអាងថា ប្រាក់​អត្ថប្រយោជន៍​ផ្សេងៗ​ភាគី​ក្រុមហ៊ុន​បាន​ទូទាត់​ឲ្យ​បុគ្គលិក ប៉ុន្តែ​ទូទាត់​មិនត្រូវ​តាម​រូបមន្ត​នៃ​ច្បាប់​ការងារ​ឡើយ​។ លោក និយាយថា ប្រសិនបើ​គ្មាន​ដំណោះស្រាយ ចំពោះ​ការតវ៉ា​ស្នើ​ឲ្យ​ដាក់​វិវាទ​ទាំងនេះ ជា​វិវាទ​រួម​នោះទេ​ក្រុម​លោក​នឹងដាក់​លិខិត​ទៅ​ក្រសួង​ការងា​សុំ​ការអន្តរាគមន៍​បន្តទៀត​៕ 

Tag:
 បុគ្គលិក​ព្រលាន​យន្ត​
  សៀមរាប​
© រក្សាសិទ្ធិដោយ thmeythmey.com