អន្តរជាតិ
កងទ័ពចិន និងឥណ្ឌាប៉ះទង្គិចគ្នាជាថ្មីនៅព្រំដែនតំបន់ភ្នំហិមាល័យ រថយន្តយោធាឥណ្ឌានៅ Ladakh ។ រូបថត AFP
× កងទ័ពចិន និងឥណ្ឌា បានប្រឈមមុខគ្នាជាថ្មីទៀតនៅតាមព្រំដែនកាលពីសប្ដាហ៍មុន។ នេះបើតាមការបញ្ជាក់របស់យោធាឥណ្ឌានៅថ្ងៃទី២៥ ខែមករា។ យោធាទាំងសងខាង សុទ្ធតែរងរបួសក្នុងការប៉ះទង្គិចដែលយោធាឥណ្ឌាអះអាង មានលក្ខណៈតិចតួចនៅឯរដ្ឋ Sikkim នៃខ្សែព្រំដែននៅជួរហិមាល័យ។
ក្នុងសេចក្ដីប្រកាសថ្ងៃទី២៥ ខែមករា យោធាឥណ្ឌាលើកឡើងថា ការប៉ះទង្គិចរវាងកងទ័ពឥណ្ឌា និងចិនកើតនៅថ្ងៃទី២០ ខែមករា នៅច្រក Naku La ដែលភ្ជាប់រដ្ឋ Sikkim របស់ឥណ្ឌាទៅតំបន់ស្វយ័តទីបេរបស់ចិន។ ក្នុងសេចក្ដីប្រកាសដដែល យោធាឥណ្ឌាបញ្ជាក់ថា ការប៉ះទង្គិចនេះ ត្រូវបានដោះស្រាយដោយមេបញ្ជាការនៅទីតាំងផ្ទាល់ទៅតាមនីតិវិធីដែលបានឯកភាពគ្នាកន្លងមក។
ទីភ្នាក់ងារព័ត៌មាន AFP ស្រង់ប្រភពពីរដ្ឋាភិបាលឥណ្ឌា កងទ័ពឥណ្ឌាចំនួន៤នាក់ បានរងរបួស។ ព័ត៌មានទាក់ទងយោធាចិនមិនមានឡើយ តែយោធាឥណ្ឌាជឿថា ចិនក៏មានអ្នករបួសដែរ។
នេះជាការប៉ះទង្គិចលើកទីពីរហើយនៅច្រក Naku La នេះគិតតាំងពីខែឧសភា ឆ្នាំ២០២០ មក។ កាលពីខែឧសភាកន្លងទៅ យោធាឥណ្ឌា និងចិនប្រមាណ១៥០នាក់ បានប្រឈមមុខដាក់គ្នា ដោយមានអ្នករបួស១០នាក់។ ក្រោយហេតុការណ៍នេះ ការប្រឈមមុខគ្នាដ៏តានតឹងមួយទៀតបានកើតឡើងនៅជ្រលង Galwan ក្នុងតំបន់ Ladakh ដែលឥណ្ឌាចាត់ទុកជាទឹកដីរបស់ខ្លួន។
ក្នុងការប៉ះទង្គិចរវាងដៃនិងដៃ ដំបងនិងដំបង យោធាឥណ្ឌាយ៉ាងហោចណាស់២០នាក់បានស្លាប់ ដែលភាគច្រើនបណ្ដាលមកពីការរងរបួសស្របពេលអាកាសធាតុត្រជាក់ខ្លាំង។ ចិន ក៏មានអ្នកស្លាប់ដែរ តែមិនបានបញ្ចញតួលេខឡើយ សំដៅបញ្ចៀសការប្រើប្រាស់តួលេខដើម្បីទាញយកចំណេញនយោបាយ។
ក្រុងប៉េកាំង និងក្រុងញូវដែលី ចោទគ្នាទៅវិញទៅមកជុំវិញការប្រឈមមុខគ្នានេះ។ វិវាទព្រំដែន ក៏រាលដាលដល់បញ្ហាផ្សេងទៀតដូចជាពាណិជ្ជកម្មជាដើម ហើយឥណ្ឌាក៏ប្រកាសបិទកម្មវិធីទូរសព្ទជាច្រើនរបស់ចិនផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com