ជាតិ
៤ឆ្នាំចុងក្រោយ ទិន្នផលស្វាយចន្ទីធ្លាក់ចុះខ្លាំង ដោយសារអាកាសធាតុប្រែប្រួល
21, Jul 2023 , 10:19 pm        
រូបភាព
កសិករកំពុងប្រមូលផលគ្រាប់ស្វាយចន្ទី។ រូបភាព៖ KOSAL FARMS
កសិករកំពុងប្រមូលផលគ្រាប់ស្វាយចន្ទី។ រូបភាព៖ KOSAL FARMS
ភ្នំពេញ៖  ក្នុងរយៈពេល ៤ឆ្នាំ ចុងក្រោយនេះ ស្វាយចន្ទី បានរងប៉ះពាល់ខ្លាំង ដោយសារការប្រែប្រួលអាកាសធាតុ ដែលធ្វើឱ្យទិន្នជាមធ្យមធ្លាក់ចុះពី៣០ទៅ៤០ភាគរយ។ ការណ៍នេះ ជាដើមហេតុនាំឱ្យកសិករបាក់ទឹកចិត្ត និងកាប់ដើមចន្ទីចោលប្រមាណ១០ម៉ឺនហិកតា ខណៈសាំង និងជី ក៏ឡើងថ្លៃខ្ពស់។

 
ភ្លៀងញឹកញាប់ពេក ឬគ្មានភ្លៀងសោះ គឺជាដើមហេតុធ្វើឱ្យចន្ទីខូច បាត់បង់ទិន្នផល។ នៅឆ្នាំ២០២២ កសិកររងគ្រោះខ្លាំងជាងគេ រហូតដល់អ្នកខ្លះសម្រេចកាប់ដើមស្វាយចន្ទីចោលតែម្ដង។ រីឯ ឈ្មួញក៏ទម្លាក់តម្លៃ គួបផ្សំធាតុចូលកសិកម្មឡើងថ្លៃខ្ពស់ទៀតនោះ កាន់តែធ្វើឱ្យកសិករបាក់ទឹកចិត្ត។
 
ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត ​បានលើកឡើងថា ការប្រែប្រួលអាកាសធាតុបានកើនឡើងខ្លាំងក្នុងរយៈពេល៤ឆ្នាំចុងក្រោយនេះ ដែលផ្ដល់ផលប៉ះពាល់ធ្ងន់ធ្ងរដល់វិស័យស្វាយចន្ទីកម្ពុជា។
 
លោក ស៊ីឡុត ប្រាប់ដូច្នេះថា៖«ការប្រែប្រួលអាកាសធាតុនេះ គឺប៉ះពាល់ធ្ងន់ធ្ងរណាស់ ដល់វិស័យស្វាយចន្ទីកម្ពុជា រយៈពេល៤ឆ្នាំចុងក្រោយនេះ។ ដែលប៉ះពាល់ខ្លាំងបំផុត គឺនៅឆ្នាំ២០២២ ហើយ២០២៣ ក៏ប៉ះពាល់ដែរ ប៉ុន្តែ វាកើតឡើងតាមតំបន់ប៉ុណ្ណោះ។ អ៊ីចឹង! វាពិតជាគួរឱ្យធុញទ្រាន កសិករយើងកាប់ដើមស្វាយចន្ទីចោល»។ 
 
ប៉ុន្មានឆ្នាំចុងក្រោយនេះ កសិករបានកាប់ដើមស្វាយចន្ទីចោលប្រហែល១០ម៉ឺនហិកតា ប៉ុន្តែ ក្នុងនោះក៏មានការដាំឡើងវិញប្រមាណ៣ម៉ឺនហិកតាផងដែរ។ តាមទិន្ន័យថតដោយប្រព័ន្ធផ្កាយរណប បង្ហាញថា ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជាកាន់តែរួមតូច។ ជាក់ស្ដែង បច្ចុប្បន្ន កម្ពុជាមានផ្ទៃដីដាំស្វាយចន្ទីប្រមាណតែ៧០ម៉ឺនហិកតាប៉ុណ្ណោះ ធៀបនឹងឆ្នាំ២០២១ មាន៨០ម៉ឺនហិកតា។ 
 
លោក អួន ស៊ីឡុត បង្ហាញការសោកស្ដាយ ចំពោះការសម្រេចចិត្តកាប់ដើមស្វាយចន្ទីចោលរបស់កសិករ។ ចំពោះមុខ សមាគមស្វាយចន្ទី បានជួយបញ្ជ្រាបចំណេះដឹងនៃការថែទាំ និងការប្រមូលផលស្វាយចន្ទីដល់កសិករ ក្នុងបរិបទការប្រែប្រួលអាកាសធាតុ។
 
ចំណែក ក្រសួងកសិកម្មឯណោះវិញ ក៏ប្រឹងប្រែងជួយតាមខេត្តគោលដៅមួយចំនួនដែរ ជាពិសេសរកទីផ្សារថ្មី ដល់សិប្បកម្ម និងសហគ្រាសកែច្នៃ គ្រាប់ស្វាយចន្ទី។ 
លោក ឈឹម សុវណ្ណថា កសិករដាំស្វាយចន្ទីចំនួន ១០ហិកតា នៅកំពង់ធំ បានសង្កេតឃើញថា ការប្រែប្រួលអាកាសធាតុបានកើតឡើងស្ទើតែរៀងរាល់ឆ្នាំ ប៉ុន្តែ ក្នុងរយៈពេល២ឆ្នាំចុងក្រោយនេះ វិបត្តិធម្មជាតិនេះ ហាក់ឡើនកាន់តែខ្លាំង។
 
ការប្រែប្រួលអាកាសធាតុដែលកើតលើដំណាំស្វាយចន្ទី ភាគច្រើនបណ្ដាលមកពីភ្លៀងញឹកញាប់ និងរលក់កម្ដៅ។ បញ្ហានេះ បានធ្វើឱ្យគ្រាប់ស្វាយចន្ទីខូច និងអាក់ចេញផ្កា ជាដើម។ លោក ឈឹម វណ្ណថា ពន្យល់បន្ថែមថា ស្វាយចន្ទីជាដំណាំត្រូវការអាកាសធាតុក្ដៅ ប៉ុន្តែ ប្រសិនបើ ក្ដៅពេក, ភ្លៀងញឹកញាប់ និងខ្យល់ខ្លាំង អាចធ្វើឱ្យផ្កា ឬក្ដិបចន្ទី ក្រៀម ស្វិត និងជ្រុះបាន។ មិនតែប៉ុណ្ណោះ ភ្លៀង ក៏បង្កើតជាសត្វល្អិត បំផ្លាញដំណាំមួយនេះផងដែរ។  
 
លោក សុវណ្ណថា ប្រាប់ដូច្នេះថា៖«ការប្រែប្រួលអាកាសធាតុ ខេត្តខ្លះប៉ះពាល់ខ្លាំង​ តែខ្ញុំមើលឃើញទូទៅ គឺប៉ះពាល់ច្រើន។ យើងដឹងហើយថា រុក្ខជាតិចន្ទីនេះ ត្រូវការក្ដៅដែរ ប៉ុន្តែ បើក្ដៅខ្លាំងពេក ក៏វាក្រៀមដែរ។ មួយទៀត បើភ្លៀងច្រើន ក៏ធ្វើឱ្យក្ដិបចន្ទីចេញអត់រួចដែរ ហើយភ្លៀងហ្នឹង វានាំឱ្យកើតសត្វល្អិតដែរ»។ 
 
លោក ហេង បញ្ញា កសិករដាំស្វាយចន្ទី៧០ហិកតា នៅខេត្តរតនគិរី បានលើកឡើងស្រដៀងគ្នាដែរថា ការប្រែប្រួលអាកាសធាតុធ្វើឱ្យប៉ះពាល់ខ្លាំងដល់ដំណាំស្វាយចន្ទីរបស់លោក។ ឆ្នាំ២០២២  និង២០២៣ គឺជាឆ្នាំដែលអាក្រក់បំផុតសម្រាប់អ្នកដាំស្វាយចន្ទី ព្រោះភ្លៀងធ្លាក់ញឹកញាប់ពេក។ ការណ៍នេះ បានធ្វើឱ្យស្វាយចន្ទីខូចគុណភាព ហើយទិន្នផលធ្លាក់ចុះយ៉ាងគំហុក។ 
 
ប្រឡូកក្នុងវិស័យស្វាយចន្ទីជាច្រើនឆ្នាំ កសិកររូបនេះ សង្កេតឃើញថា ទិន្នផលស្វាយចន្ទីរបស់លោក បានធ្លាក់ចុះ​ប្រហែល ៣០ទៅ៤០ភាគរយ ដោយសារការប្រែប្រួលអាកាសធាតុ។ 
 
លោក ហេង បញ្ញា បន្ថែមដូច្នេះថា៖«មានឆ្នាំខ្លះវាភ្លៀងអាក្រក់ពេក វាធ្វើឱ្យទិន្នផលធ្លាក់គំហុក។ ចន្ទីវាជាដំណាំដែលត្រូវការក្ដៅ។ បើកាលណាភ្លៀងញឹកញាប់ពេក ធ្វើឱ្យគ្រាប់ហ្នឹងលូតលាស់អត់បានពេញលេញ ហើយខូចគុណភាព។ នៅពេលទឹកភ្លៀងទាបពេក នៅរដូវវស្សា វាក៏ធ្វើឱ្យទិន្នផលរបស់យើងក្នុងរដូវប្រមូលផល ថយចុះដូចគ្នា ។ អ៊ីចឹង វាពិបាកណាស់ បញ្ហាអាកាសធាតុនេះ»។
 
តាមរបាយការណ៍របស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ឆមាសទី១ ឆ្នាំ២០២៣នេះ កម្ពុជាបាននាំចេញគ្រាប់ស្វាយចន្ទីជាង៣៦ម៉ឺនតោន ថយចុះ១២ភាគរយ ធៀបនឹងរយៈពេលដូចគ្នា ឆ្នាំ២០២២៕ 
 

Tag:
 កសិកម្ម
  ស្វាយចន្ទី
  ការប្រែប្រួលអាកាសធាតុ
© រក្សាសិទ្ធិដោយ thmeythmey.com