ជាតិ
តើ​អ្វី​ជា​សភា​តំបន់​អាស៊ី (APA)?
06, Dec 2015 , 3:31 pm        
រូបភាព
ដោយ: ថ្មីៗ

កម្ពុជា នឹង​ធ្វើជា​ម្ចាស់ផ្ទះ ក្នុង​ការរៀប​កិច្ចប្រជុំសភា​តំបន់​អាស៊ី លើក​ទី​៨ ក្រោម​ប្រធាន «​ការជំរុញ​សន្តិភាព ការផ្សះផ្សា និង​ការសន្ទនា​ក្នុង​តំបន់​អាស៊ី​» នៅ​ថ្ងៃទី​៧ ខែធ្នូ ឆ្នាំ​២០១៥  ។ មហាសន្និបាត​នេះ នឹង​ប្រព្រឹត្តទៅ​រយៈពេល​៦​ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី ៧ ដល់​ថ្ងៃទី​១២ ខែធ្នូ ឆ្នាំ​២០១៥ នៅ​សណ្ឋាគារ​សុខា​ភ្នំពេញ ដោយមាន​ប្រធាន ឬ​ថ្នាក់ដឹកនាំ​ជាន់ខ្ពស់​នៃ​រដ្ឋសភា ព្រឹទ្ធសភា ពី​បណ្តា​ប្រទេស​ជា​សមាជិកសភា​តំបន់​អាស៊ី យ៉ាង​តិ​ចំនួន​២៣​ប្រទេស​ចូលរួម ជាមួយនឹង​វត្តមាន​គណៈប្រតិភូ​បណ្តា​ប្រទេស​ជា​អ្នកសង្កេតការណ៍ អង្គការ​ដៃគូ​របស់​សភា​តំបន់​អាស៊ី ជាច្រើន​ទៀត​។ តើ​អ្វី​ជា​សភា​តំបន់​អាស៊ី​?



សភា​តំបន់​អាស៊ី មានឈ្មោះ​ជា​ភាសា​អង់គ្លេស​ថា «Asian Parliamentary Assembly» និង​ហៅ​កាត់​ថា APA  ត្រូវបាន​បង្កើតឡើង​នៅក្នុង​ឆ្នាំ​២០០៦ ​។ ការពិត APA បាន​ប្តូរ​មកពី សមាគម​សភា​អាស៊ី ដើម្បី​សន្តិភាព ហៅ​កាត់​ថា AAPP ​។ សភា​ប្រទេស​កម្ពុជា ជា​សមាជិក​ស្ថាបនិក​AAPP ដែល​បានប្រសូត​ឡើង​នៅ​ឆ្នាំ​១៩៩៩​ ។ AAPP ជា​ស្ថាប័ន​មួយ ដែល​បាន​ប្រមូលផ្តុំ​សំឡេង អ្នកតំណាង​ប្រជាពលរដ្ឋ នៅក្នុង​តំបន់​អាស៊ី ឲ្យ​រួបរួមគ្នា​ជា​ធ្លុង​តែមួយ ក្នុង​គោលដៅ​ស្វែងរក​សុខសន្តិភាព និង​ការផ្សះផ្សា​ប្រជាជាតិ​ទាំងឡាយ​នៅក្នុង​តំបន់​អាស៊ី​នេះ ឲ្យ​ក្លាយជា​មហា​គ្រួសារ​តែមួយ ទទួលបាន​សុខសន្តិភាព និង​ការអភិវឌ្ឍ​ស្មើៗ​គ្នា​ដោយ​ចីរភាព​។ ដោយ​បន្ត​បេសកកម្ម​ពី AAPP សភា​តំបន់​អាស៊ី​APA បាន​ពង្រីក​ទាំង​ទំហំ និង​ភារកិច្ច​របស់ខ្លួន​ជា​លំដាប់ ដែល​រហូតដល់​ពេលនេះ APA មាន​សមាជិក​ចំនួន​៤២​ប្រទេស មាន​អ្នកសង្កេតការណ៍​ចំនួន​១៦​ប្រទេស និង​អង្គការ​ជា​ដៃគូ​ចំនួន​១០​ ។

​ដោយ​ឈរលើ​គោលបំណង​នៃ​ការជំរុញ​នូវ​សុខសន្តិភាព និង​សមាហរណកម្ម​សម្រាប់​ប្រជាជាតិ​នៅក្នុង​តំបន់​អាស៊ី APA បានកំណត់​ឲ្យ​មាន​ជំនួប​កំពូល​ជា​មហាសន្និបាត​នៃ​ថ្នាក់ដឹកនាំ​សភា នៃ​បណ្តា​ប្រទេស​ដែលជា​សមាជិក និង​កិច្ចប្រជុំ   គណៈកម្មាធិការ​នានា ជា​ទៀងទាត់​ប្រចាំឆ្នាំ ដើម្បី​ប្រមូល​នូវ​ឆន្ទៈ​រួម ដំណោះស្រាយ​រួម យុទ្ធសាស្ត្រ​រួម ដាក់ជូន​ដល់​អ្នកអនុវត្ត​ច្បាប់ គឺ​រដ្ឋាភិបាល​នៃ​ប្រទេស​នីមួយៗ​នៃ​រដ្ឋ ជា​សមាជិក APA ដើម្បី​ធានា​ឲ្យ​បាន​នូវ​សុខសន្តិភាព​សម្រាប់​ប្រជាពលរដ្ឋនៅក្នុង​តំបន់ ក៏ដូចជា​ពិភពលោក​។​

​ក្នុង​រយៈពេល​១៦​ឆ្នាំ ដែល​កម្ពុជា​បាន​ចូលរួម​ជា​ស្ថាបនិក AAPP មក សភា​កម្ពុជា​ធ្លាប់​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​រៀបចំ​កិច្ចប្រជុំ APA បានជា​ច្រើនលើក​មកហើយ ក្នុងនោះ​បានទទួល​ធ្វើជា​ម្ចាស់ផ្ទះ​មហាសន្និបាត​លើក​ទី​២ របស់​AAPP នៅក្នុង​ឆ្នាំ​២០០១ ដើម្បី​ជំរុញ​ដំណើរការ​សមាហរណកម្ម APA និង​កិច្ចប្រជុំ​អនុគណៈកម្មាធិការ​ស្តីពី «​ការកាត់បន្ថយ​ភាពក្រីក្រ​ក្នុង​តំបន់​អាស៊ី​» នៅ​ឆ្នាំ​២០០៩ ​។

​រហូតមកដល់​ពេលនេះ APA បានរៀបចំ​មហាសន្និបាត​ចំនួន​៧​លើក ព្រមទាំង​រៀបចំ​កិច្ចប្រជុំ​គណៈកម្មការ​ជាច្រើនលើក​។ ក្រៅពី​ព្រះរាជាណាចក្រ​កម្ពុជា ប្រទេស​ជា​សមាជិក​ផ្សេងទៀត រួមមាន​សាធារណរដ្ឋ​អ៊ីស្លាម​អ៊ឺ​រ៉ង ឥណ្ឌូនេស៊ី ស៊ី​រី និង​ប្រទេស​ប៉ា​គី​ស្ថាន សុទ្ធតែ​ធ្លាប់​បានទទួល​រៀបចំ​មហាសន្និបាត​ប្រចាំឆ្នាំ​របស់ APA ។

​ប្រធានបទ​សំខាន់ៗ ត្រូវបាន​លើកយក​មក​ពិភាក្សា​នៅក្នុង​ជំនួប​ប្រចាំឆ្នាំ​ទាំងនោះ​។ «​សាមគ្គីភាព​ក្នុង​តំបន់​អាស៊ី​ដើម្បី​សន្តិភាព និង​យុត្តិធម៌​» ជា​ប្រធានបទ​នៃ​មហាសន្និបាត​លើក​ទី​១ របស់​APA  ដែល​បាន​ប្រារព្ធ​ធ្វើ​នៅ​ប្រទេស​អ៊ីរ៉ង់ ក្នុង​ឆ្នាំ​២០០៦​ ។ «​តួនាទី​សភា​តំបន់​អាស៊ី ក្នុង​ការពង្រឹង​លទ្ធិប្រជាធិបតេយ្យ ឆ្ពោះទៅរក​វិបុលភាព សន្តិភាព និង​យុត្តិធម៌ នៅក្នុង​តំបន់​» ជា​ប្រធានបទ​នៃ​មហាសន្និបាត​លើក​ទី​៤ ដែល​ប្រទេស​ឥណ្ឌូនេស៊ី ជា​ម្ចាស់ផ្ទះ នៅ​ឆ្នាំ​២០០៩ ​។ ចំណែក​នៅ​ឆ្នាំ​២០១៤ កន្លងទៅនេះ មហាសន្និបាត​លើក​ទី​៧ របស់ APA ដែល​ប្រទេស​ប៉ា​គី​ស្ថាន​ទទួល​ធ្វើជា​ម្ចាស់ផ្ទះ បាន​ពិភាក្សា​លើ​ប្រធានបទ «​កិច្ច​ស្វះស្វែង​រួមគ្នា​ដើម្បី​សម្រេចបាន​នូវ​សភា​អាស៊ី ក្នុង​សតវត្ស​អាស៊ី​»​។​

​សូមបញ្ជាក់ថា បណ្តា​ប្រទេស​ទាំងអស់ ដែលជា​សមាជិក​APA បាន​ឯកភាពគ្នា ធ្វើការ​សិក្សា​ដើម្បី​រក​មធ្យោបាយ​មួយ ធ្វើជា​ផែនទី​បង្ហាញផ្លូវ​ក្នុងការ​ផ្លាស់ប្តូរ APA ទៅជា សភា​អាស៊ី (AP) នៅពេល​អនាគត​៕


Tag:
 APA
© រក្សាសិទ្ធិដោយ thmeythmey.com