ជាតិ
សង្គមជាតិ
កិច្ចប្រជុំAPA សម្រេចបាននូវលទ្ធផលធំៗចំនួន៤
11, Dec 2015 , 9:51 pm        
រូបភាព
កិច្ចប្រជុំសភាតំបន់អាស៊ីុំលើកទី៨ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះអស់រយៈពេល ​៥ថ្ងៃមកនេះ បាន​​​បង្កើត​​​​​​សេចក្តី​​​ថ្លែង​ការណ៍​រួម​​មួយ​​ ហៅថា​​ សេចក្តីថ្លែង​​ការណ៍​​ក្រុង​​ភ្នំពេញ​​។ សេចក្តីថ្លែង​​នោះ ​​បានបង្ហាញ​​​ពីខ្លឹម​​សារៈ​​​សំខាន់ៗ​​ចំនួន​​ ៤ ​​ដែល​​កើត​​​​​ចេញពី​​មហាសន្និបាត​​។​​



សេចក្តីថ្លែងការណ៍ក្រុងភ្នំពេញ បានកើត​ចេញ​ពីកិច្ច​​ប្រជុំ​​សភា​​តំបន់​​អាស៊ី (APA) ដែល​​ប្រារព្ធ​​ឡើង​​​​អស់​​រយៈពេល​​ ៥ថ្ងៃ ​​ចាប់ពីថ្ងៃ​​ទី ៧ ដល់ ១១ ខែ​​ធ្នូនេះ។ ខ្លឹមសារ​​សំខាន់ៗ​​ចំនួន ៤​ ដែល​​បានសម្រេច​​នៅក្នុង​​សេចក្តីថ្លែងការណ៍​ រួមមាន ទីមួយ,​​ ទទួលស្គាល់ថា ​​ប្រជាជនអាស៊ី ​​គឺជា​​ប្រជាជន ដែលបាន​​បង្កើតនូវអារ្យធម៌​​ដ៏ត្រចះត្រចង់​​ រួមទាំងទស្សនវិទ្យា ​មនោគម​​វិទ្យា ​​សាសនា ​​ វប្បធម៌ សិល្បៈ។​ លើសពីនេះទៀត ​​ប្រជាជន​​នៃទ្វីប​​អាស៊ី ក៏បានសម្រេច​​នូវជោគជ័យដ៏​​ធំធេង ផ្នែកវិទ្យាសាស្រ្ត​​ និងបច្ចេកវិទ្យា​ ​​ដើម្បីបំពេញតម្រូវការ​​របស់សង្គម។​​

ទីពីរ,​​ រួមគ្នា​​ប្តេជ្ញាថា មិនត្រូវព្រងើយកន្តើយ​​ចំពោះ​​គំនិតជ្រុលនិយម ដែលអាចបណ្តាល​​ឲ្យមានអំពើ​​​ហិង្សា និងអំពើ​​ភេវរកម្ម មកលើប្រជាជាតិ​​អាស៊ី​ទាំងមូល​​។ គំនិតជ្រុល​​និ​​យម​នេះ ដាច់ខាតមិនត្រូវបាន​​អនុញ្ញាតឲ្យលាយឡំ​​ជាមួយ អារ្យធម៌ វប្បធម៌ សាសនា របស់ប្រជាជាតិអាស៊ីឡើយ។​​​

ទីបី, ​​ការខិតខំ​​ប្រឹងប្រែង និងការ​​ប្តេជ្ញារបស់​​តំណាងសភាទាំង ​​២២ប្រទេស បាននាំមក​​នូវផលប្រយោជន៍ដល់សង្គម​​នៃប្រទេសនីមួយៗ។ ដោយផ្អែកលើ​​ស្មារតីនៃច្បាប់ ​​​សភាតំបន់​​​អាស៊ី មិនត្រឹមតែ​​តំណាង​ឲ្យប្រជាជន​​​អាស៊ី និងឃ្លាំមើលការអនុវត្តរបស់រដ្ឋាភិបាល​​អាស៊ីប៉ុណ្ណោះទេ តែថែមទាំងមានតួនាទីក្នុងការអនុម័តច្បាប់ និងការលើកកម្ពស់វប្បធម៌សន្ទនា ការផ្សះផ្សា ដើម្បីនាំមកនូវសន្តិភាព​ទៀតផង។​

និងទីបួន,​ បង្ហាញនូវការប្តូផ្តាច់ និងឆន្ទៈរួម៖​​​​
  •  រួមគ្នាបញ្ឈប់ការប្រើប្រាស់អំពើហិង្សា កម្លាំងប្រដាប់អាវុធ និងសង្គ្រាម ក្នុងការដោះស្រាយបញ្ហា។
  • លើកកម្ពស់ នូវគោលការណ៍សន្តិសហវិជ្ជមាន និងការចរចា ក្នុងការដោះស្រាយរាល់បញ្ហា។
  • រួមគ្នាប្រឆាំងនឹងអំពើភេវរកម្មគ្រប់ទម្រង់។
  • នាំគ្នាអនុវត្តឲ្យបាននូវគោលដៅអភិវឌ្ឍន៍ របស់អង្គការសហប្រជាតិ ដែលហៅកាត់ថា (SDGs)
  • ប្រកាន់យកគោលការណ៍នៃច្បាប់អន្តរជាតិទាំងឡាយ ដូច​ជា ធម្មនុញ្ញនៃអង្គការសហប្រជាតិ លិខិតូបការណ៍ និងអនុសញ្ញាផ្សេងៗ ក្នុងការដោះស្រាយជម្លោះអន្តរជាតិ។
  • ចាប់ដៃគ្នាដើម្បីលើកកម្ពស់សន្តិភាព ការផ្សះផ្សា និងការសន្ទនាក្នុងតំបន់អាស៊ី រួមទាំងពង្រឹងលទ្ធិប្រជាធិបតេយ្យ និងនីតិរដ្ឋផងដែរ។
សូមរម្លឹកថា កិច្ចប្រជុំសភាតំបន់អាស៊ីលើកទី៨ នេះ​ បានចាប់ផ្តើមនៅថ្ងៃទី៧ ខែធ្នូ និងបានបញ្ចប់ទៅវិញ នៅម៉ោង ៥កន្លះរសៀល​​​ ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៥ ដោយរៀបចំ​ឡើងនៅ​​សណ្ឋាគារ​​សុខា​​ភ្នំពេញ​​។ លោក ហេង សំ​រិន ប្រធានរដ្ឋសភាកម្ពុជា​​​ត្រូវបានតែងតាំង​​ជាប្រធាននៃមហាសន្និបាត​​នេះ ដោយមាន​​តំណាង​​សភាចំនួន ២១ប្រទេស បានមក​​កម្ពុជា ​​ដើម្បី​​ចូល​​រួម​​ប្រជុំ៕​​


Tag:
 APA
© រក្សាសិទ្ធិដោយ thmeythmey.com