ការចំណាយពេលជប់លៀងនៅថ្ងៃចុងសប្តាហ៍ពិតជារឿងមួយធម្មតាទេ តែតើវានឹងមានរឿងអ្វីកើតឡើងទៅនៅពេលដែលអ្នកបានញ៉ាំគ្រឿងស្រវឹងរួច ហើយការញ៉ាំនោះក្លាយទៅជាទម្លាប់ប្រចាំថ្ងៃ? ខាងក្រោមនេះគឺជាហេតុផលមួយចំនួនដែលវាអាចនឹងកើតមានបើសិនជាអ្នកញ៉ាំគ្រឿងស្រវឹង។
អសមត្ថភាពផ្លូវភេទ
គ្រឿងស្រវឹងនឹងទៅរំខានលំហូរឈាមទៅប្រដាប់ភេទ ហើយក៏ទប់ស្កាត់ផ្នែកផ្សេងៗនៃប្រព័ន្ធសរសៃប្រសាទកុំឲ្យមានសម្រើបផ្លូវភេទដែរ។
បាត់ការចងចាំ
អ្នកញៀននឹងគ្រឿងស្រវឹងច្រើនតែបាត់បង់ការចងចាំជាបណ្តោះអាសន្ន។ ការសិក្សាដែលបានចុះផ្សាយក្នុងសារព័ត៌មាន International Journal of Environmental Research and Public Health និយាយថា ការលណាមានជាតិពុលដោយសារគ្រឿងស្រវឹងកាន់តែយូរវានឹងធ្វើឲ្យបាត់បង់ការចងចាំកាន់តែច្រើនដែរ។
ជំងឺបេះដូង
ការញ៉ាំគ្រឿងស្រវឹងក្នុងកម្រិតមធ្យមមានផលល្អចំពោះបេះដូង ប៉ុន្តែការញ៉ាំច្រើនជ្រុលអាចប្រឈមនឹងជំងឺបេះដូងទៅវិញទេ។ គ្រឿស្រវឹងត្រូវបានគេដឹងថាមានឥទ្ធិពលទៅលើសម្ពាធឈាម ដែលនាំកើតជំងឺលើសសម្ពាធឈាម ប្រឈមកាន់តែខ្លាំងនឹងជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។ ជាមួយគ្នានេះដែរ គ្រឿងស្រវឹងនឹងធ្វើឲ្យសាច់ដុំបេះដូងខ្សោយ ដូច្នេះបេះដូងកាន់តែពិបាកច្របាច់ឈាម។
មហារីក
រាងកាយនឹងប្រែក្លាយគ្រឿងស្រវឹងដែលញ៉ាំច្រើននោះទៅជាភ្នាក់ងារបង្កមហារីកដែលហៅថា Acetaldehyde។ គ្រឿងស្រវឹងមានទំនាក់ទំនងគ្នានឹងមហារីកខុសៗគ្នាជាច្រើនដូចជា មហារីកថ្លើម មហារីកមាត់ មហារីកបំពង់ក មហារីកបំពង់សម្លេង មហារីកពោះវៀនធំ ចុងពោះវៀនធំ និងមហារីកសុដន់ធំ។
គ្រោះថ្នាក់ចរាចរណ៍
កាលណាអ្នកញ៉ាំគ្រឿងស្រវឹងកាន់តែច្រើនក្នុងពេលតែមួយ វានឹងអាចយកជីវិតអ្នកបាន។ ការបើកបរទាំងខ្លួនស្រវឹងនឹងធ្វើឲ្យមានគ្រោះថ្នាក់ចរាចារណ៍ ព្រោះតែបាត់បង់អារម្មណ៍ក្នុងការគ្រប់គ្រងយាន្តជំនិះ។
ល្មើសច្បាប់
យើងទាំងអស់គ្នាសុទ្ធតែដឹងពាក្យស្លោកនិយាយថា បើស្រវឹងកុំបើកបរ ឬបើកបរដោយការទទួលខុសត្រូវ។ ដូច្នេះបើសិនជាអ្នកបើកបរទាំងខ្លួនស្រវឹង នោះវាមិនមែនត្រឹមតែជាការមិនទទួលខុសត្រូវទេ តែក៏ខុសច្បាប់ផងដែរ។ ហើយអ្នកនឹងត្រូវរងពិន័យជាទឹកប្រាក់យ៉ាងធ្ងន់ធ្ងរទៀតផង។
បង្កហិង្សា
គ្រឿងស្រវឹងវានឹងធ្វើឲ្យអ្នកមានហេតុផលច្រើន ដូច្នេះវាអាចនឹងក្លាយទៅជាទម្លាប់មួយឈ្លោះប្រកែកគ្នាដោយសារតែហេតុផលមិនអាចទទួលយកបាន និងបង្កហិង្សាទៀតផង។
ការញ៉ាំគ្រឿងស្រវឹងក៏អាចក្លាយទៅជាអំពើហិង្សាក្នុងគ្រួសារផងដែរ។
ស្លាប់
ចំណុចមួយនេះចង់សំដៅទៅលើហេតុផលពីមុនៗទាំងអស់ ព្រោះវាអាចនឹងធ្វើឲ្យអ្នកញ៉ាំស្លាប់បាន។ អ្នកអាចនឹងស្លាប់ដោយសារតែមហារីក ជំងឺបេះដូង ឬបាត់បង់ម្ចាស់ការក្នុងពេលបើកយាន្តជំនិះ។
ត្រួតពិនិត្យដោយ www.health.com.kh