បទយកការណ៍ / បទសម្ភាសន៍
លោក ខៀវ ថវិកា​៖«​លោក ពូ​ទីន ដូច​សម្តេច​តេ​ជោ​, រុស្ស៊ី ដូច​កម្ពុជា​»
21, Dec 2016 , 5:10 pm        
រូបភាព
​មូលហេតុ​ការ​ងាក​ត្រលប់​មករក​តំបន់​អាស៊ីអាគ្នេយ៍​របស់​មហាអំណាច​រុស្ស៊ី ត្រូវបាន​គេ​វិភាគ​និង​ផ្តល់យោបល់​ផ្សេងៗ​គ្នា​។ ខ្លះ​ថា វា​ជាការ​ស្វែងរក​ទីផ្សារ​សម្រាប់​សព្វាវុធ​និង​ធនធាន ដោយសារតែ​រុស្ស៊ី​រង​ទណ្ឌកម្ម​លោកខាងលិច​ជាពិសេស​សហភាព​អឺរ៉ុប​តែម្តង ក្រោយ​ឈ្លានពាន​អ៊ុយ​ក្រែ​ន​។ តែ​យ៉ាងណាមិញ អ្នកជំនាញ​កម្ពុជា និង​ជា​អតីតមន្ត្រី​ទូត​កម្ពុជា​ប្រចាំ​រុស្ស៊ី លោក​សាស្ត្រាចារ្យ ខៀវ ថវិកា មិន​យល់ស្រប​ចំពោះ​ការលើកឡើង​បែបនេះ​ទេ ហើយ​លោក​ក៏​ចាត់ទុកថា​សកម្មភាព​រុស្ស៊ី​នៅ​អ៊ុយ​ក្រែ​ន​មិន​ប៉ះពាល់​ច្បាប់​អន្តរជាតិ​ដូច​គេ​ចោទ​ឡើយ​។ លោក​អះអាងថា រុស្ស៊ី​រង​ការកៀបសង្កត់​ខ្លាំង​ពី​សំណាក់​លោកខាងលិច ហើយ​រុស្ស៊ី​ធ្លាប់​ប្រឈម​បញ្ហា​មួយចំនួន​ដូច​កម្ពុជា​ដូច្នេះ​ដែរ​។​



​សូម​ស្តាប់​បទសម្ភាសន៍​រវាង​លោក សៅ ផល​និស្ស័យ ជាមួយ​លោក​សាស្ត្រាចារ្យ ខៀវ ថវិកា ពាក់ព័ន្ធ​បញ្ហា​នេះ​៖



​លោក សៅ ផល​និស្ស័យ​៖ លោក​សាស្ត្រាចារ្យ ដោយសារតែ តាំងពី​ឆ្នាំ ២០១៤ ក្រោយពេល​អ៊ុយ​ក្រែ​ន​ធ្លាក់​ចូលក្នុង​វិបត្តិ រុស្ស៊ី​ធ្លាក់​ចូលក្នុង​វិបត្តិ​ដែរ​ដោយសារ​ក្រសោប​យក​ទឹកដី Crimea  និង​ស្ថិតក្រោម​ទណ្ឌកម្ម​របស់​សហគម​ន៍​អន្តរជាតិ​។ តើ​ការងា​កមក​អាស៊ីអាគ្នេយ៍​នេះ​ដោយសារ ស្វែងរក​ទីផ្សារ​ថ្មី​ព្រោះ​វិបត្តិ​អ៊ុយ​ក្រែ​ន​មែន​ទេ​?

​លោក ខៀវ ថវិកា​៖ ខ្ញុំ​មិន​គិត​ចឹ​ង​ទេ​។ អ្នកខ្លះ​វិភាគ​រឿង​អ៊ុយ​ក្រែ​ន​ខុស​។ តាមពិត​វា​ឈ្មោះ គ្រឹម មិនមែន​គ្រី​មា (Crimea) ទេ​។ ដូច​ខ្ញុំ​សិក្សា​នៅ​រុស្ស៊ី ១២​ឆ្នាំ និង​ធ្វើ​ទូត​នៅ​រុស្ស៊ី ៤ ឆ្នាំ សរុបទៅ ១៦​ឆ្នាំ​។  ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​ប្រវត្តិសាស្ត្រ​រុស្ស៊ី​។ ពី​ដើម​ទឹកដី Crimea ជា​ទឹកដី​របស់​រុស្ស៊ី​ដែល​យើង​ហៅថា សូ​វៀត​។ សូ​វៀត​ពី​ដើម វា​ជា​ក្រុមប្រឹក្សា ដែលមាន​សមាជិក​ចំនួន ១៥ ក្នុងនោះ​មានកា​ហ្សា​ស្ថាន បេឡា​រ៉ុ​ស អ៊ុយ​ក្រែ​ន​ជាដើម​។ ដល់​ឥឡូវ​រលាយ​អស់​ទៅ រដ្ឋ​ទាំងអស់នោះ​វា​ទៅជា​រដ្ឋ​ឯករាជ្យ ហើយ​វា​នៅសល់​ជនជាតិ​មួយ​មាន​ឈ្មោះថា «​រុស្ស៊ី​»​។ លោក​ឃើញ​ទេ​សញ្ញា​ផ្លាក​រុស្ស៊ី​មាន​ឥន្ទ្រី​ក្បាល​ពីរ​។ ម៉េច​បាន​យើង​ថា ក្បាល​ពីរ​?  ព្រោះ​រុស្ស៊ី​ម្ខាង​វាតទី​នៅ​អឺរ៉ុប ម្ខាង​វាតទី​នៅ​អាស៊ី​។ ទឹកដី​វា​ធំ​ណាស់​ពី​កើតមក​លិច​ជាង ១​ម៉ឺន​គីឡូម៉ែត្រ​។

​ដូច្នេះ រឿង Crimea នេះ​ពី​ដើម​ជា​ទឹកដី​របស់​រុស្ស៊ី​។ ប៉ុន្តែ​ជំនាន់​នោះ​មេដឹកនាំ​រុស្ស៊ី​ម្នាក់​លោក នី​គី​តា គ្រូ​ស​ឆេវ ( Nikita Kruchev) គាត់​បាន​ទៅកាន់​តំណែង​នៅ​អ៊ុយ​ក្រែ​ន​ព្រោះ​គាត់​ជំនួស ស្តា​លីន ។ ហើយ​មេដឹកនាំ​អ៊ុយ​ក្រែ​ន​យកចិត្ត​គាត់ គាត់​ក៏​កាត់​ដី Crimea ឲ្យ​ទៅ​។ ប៉ុន្តែ​អ៊ុយ​ក្រែ​ន​បំបែក​ជា​រដ្ឋ​ឯករាជ ទឹកដី Crimea នេះ​នៅតែ​ជា​បញ្ហា ដែលមាន​សមុទ្រ​ខ្មៅ​នេះ​។ ហើយ​ទឹកដី​នេះ​ជា​កន្លែង​នាវាចរណ៍​របស់​កងទ័ព​របស់​រុស្ស៊ី ព្រោះ​រុស្ស៊ី​បាន​ជួល​ពី​អ៊ុយ​ក្រែ​ន​។ តែមាន​កំហុស​ម្យ៉ាង​ពី​យូរហើយ ដោយសារ​អ្នកដឹកនាំ​អ៊ុយ​ក្រែ​ន​បង្ខំ​ប្រជាជន Crimea  ឲ្យ​និយាយ​ភាសា​អ៊ុយ​ក្រែ​ន ដោយ​ចេញ​ច្បាប់​មិន​ឲ្យ​រៀន​ភាសារ​រុស្ស៊ី​។ តែ​គេ​អត់​ព្រម​ព្រោះ​ភាគច្រើន​ជា​ជនជាតិ​រុស្ស៊ី ហើយ​ដល់​ប្រជាជន​អត់​យល់ព្រម អាជ្ញាធរ​អ៊ុយ​ក្រែ​ន​មិន​ចេញ​លិខិតឆ្លងដែន​ឲ្យ​ប្រជាជន​ឡើយ​។​

​ក្រោយមក​ប្រជាជន​ចាប់ផ្តើម​តវ៉ា តែ​ថ្នាក់ដឹកនាំ​អ៊ុយ​ក្រែ​ន​ចាប់​ផ្តើមធ្វើ​ប្រជាមតិ ដោយ​សួរថា​តើ​នៅ​ជាមួយ​អ៊ុយ​ក្រែ​ន ឬ​នៅ​ជាមួយ​រុស្ស៊ី​។ តាមពិតទៅ ច្បាប់​អន្តរជាតិ​មិនអាច​ប្រកាសសង្គ្រាម​ឡើយ តែ​គេ​អាចធ្វើ​ប្រជាមតិ​បាន​។ ដូច្នេះហើយ​ទើប​អ៊ុយ​ក្រែ​ន​អនុញ្ញាត​ឲ្យ​ធ្វើ ហើយ​រុស្ស៊ី​ក៏​អនុញ្ញាត​ឲ្យ​ធ្វើ​ដូចគ្នា​។ ដល់​ធ្វើទៅ Crimea នោះ​ឈ្នះ​ហើយ​វា​ក៏​ចូលមក​រួមរស់​ជាមួយ​រុស្ស៊ី​។ ដូច្នេះ  វិបត្តិ​អ៊ុយ​ក្រែ​ន​នេះ​មិនមែន​រុញ​ឲ្យ​រុស្ស៊ី​ធ្លាក់​ទេ តែ​ធ្លាក់​ដោយសារ​ការហ៊ុមព័ទ្ធ​សេដ្ឋកិច្ច​របស់​សហភាព​អឺរ៉ុប​។ លោក​ដឹង​ហើយ​ថា សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប​នេះ​មិនមាន​បំណងល្អ​ជាមួយ​រុស្ស៊ី​ទេ ខ្ញុំ​ស្គាល់​ច្បាស់​ណាស់​។ ពួកនេះ​ស្អប់​រុស្ស៊ី​តាំងពី​ជំនាន់ លេនីន ម្ល៉េះ​។ ពួកនេះ​គេ​ស្អប់​ណាស់ កុម្មុយនីស្ត​។

​ឧទាហរណ៍​ដូច​កូ​សូ​វ៉ូ អ៊ីចឹង​។ កូ​សូ​វ៉ូ មិនមែន​ទឹកដី​ត្រូវ​បំបែក​រដ្ឋ​ឯណា​។ វា​ជា​ទឹកដី​របស់​ស៊ែ​ប៊ី​នៃ​រដ្ឋ​យូ​ហ្គោស្លា​វី ហើយ​រុស្ស៊ី​គាំទ្រ​ស៊ែ​ប៊ី​ចំពោះ​ទឹកដី​នេះ​។ តែ​នៅពេល​កូ​សូ​វ៉ូបោះឆ្នោត​បំបែក​ខ្លួន សហរដ្ឋអាមេរិក និង​សហភាព​អឺរ៉ុប នាំគ្នា​បោះឆ្នោត​គាំទ្រ​។ ដល់​រុស្ស៊ី​លេង​វិញ​នៅ Georgia និង Ossetia ខាងត្បូង ដែល​វា​បំបែក​រដ្ឋ​អ៊ីចឹង​ដែរ​។ អ៊ីចឹង​វា​មាន​ទៅ មានមក​។ តើ​មានអី​ខុស​? អ្នកខ្លះ​ថា​រុស្ស៊ី​បំពាន​ច្បាប់​អន្តរជាតិ​។ អត់​ខុស​ទេ ទាល់តែ​មើល​ប្រវត្តិសាស្ត្រ ហើយ​កុំ​វិភាគ​ផ្តេសផ្តាស​។


​លោក សៅ ផល​និស្ស័យ​៖ ឯកឧត្តម​ថា ប្រជាមតិ​វា​ត្រឹមត្រូវ មិន​ខុសច្បាប់​អន្តរជាតិ តែបើ​ប្រទេស​ធ្លាក់​ចូលក្នុង​វិបត្តិ គ្មាន​រដ្ឋាភិបាល​ដឹកនាំ​ត្រឹមត្រូវ​ផង​?

​លោក ខៀវ ថវិកា​៖  ពាក្យ​ថា «​ប្រជាមតិ​» ទាល់តែ​ប្រជាជន​គាំទ្រ ហើយ​យើង​មិនអាច​បង្ក្រាប​គេ​បានទេ​។ នេះ​ក៏​ព្រោះ​ទឹកដី Crimea មិន​ស្ថិតក្នុង​លក្ខន្តិកៈ​រដ្ឋបាល​របស់​អ៊ុយ​ក្រែ​ន​ដូច​ទឹកដី​កម្ពុជា​ក្រោម​ឡើយ​។ ទឹកដី​កម្ពុជា​ក្រោមចូលក្នុង​លក្ខន្តិកៈ​រដ្ឋបាល​របស់​វៀតណាម​ហើយ​។ អ៊ីចឹង​ធ្វើ​ប្រជាមតិ​ម៉េច​បាន​។ នេះ​ក៏ដោយ​សារ​មាន​កងទ័ព​រុស្ស៊ី​ទើប​មាន​ប្រជាមតិ ហើយ​ឥឡូវ​គេ​បាន​ឯករាជ្យ​ហើយ​។ បន្ទាប់មក​ក៏មាន​បញ្ហា​ប្រទាំង​ប្រទើស​កើតឡើង​ដូចជា​ការបាញ់​ទម្លាក់​យន្តហោះ​ម៉ាឡេស៊ី ហើយ​គេ​ចោទ​រុស្ស៊ី​។​


​លោក សៅ ផល​និស្ស័យ​៖ ឯកឧត្តម​លើកឡើងថា កម្ពុជា​ក្រោម​ក្លាយជា​តំបន់​រដ្ឋបាល​របស់​វៀ​ត​ណា​ម​។ អ៊ីចឹង​មានន័យថា កម្ពុជា​ក្រោម​លែងមាន​ឱកាស​ធ្វើ​ប្រជាមតិ​ទៀតហើយ មែន​ទេ​ឯកឧត្តម​?

​លោក ខៀវ ថវិកា​៖ អត់​បានទេ​! កម្ពុជា​ក្រោម​យើង ឆ្នាំ ១៩៤៩ បារាំង​បាន​កាត់​ដី​ឲ្យ​ស្តេច ប៉ាវ​ដាយ កាល​បារាំង​ចាញ់​សង្គ្រាម​នោះ​។ ហើយ​រឿងនេះ​វា​វែងឆ្ងាយ​ណាស់​។  ចំណែក​ទឹកដី Crimea  វា​នៅ​ស្វយ័ត​នៅឡើយ​ដូចគ្នា​ទឹកដី កា​ស្មៀ​ឥណ្ឌា​អ៊ីចឹង​។ នៅ​កា​ស្មៀ​គេ​មិន​ធ្វើ​ប្រជាមតិ​ទេ តែ​គេ​ចរចា​គ្នា ហើយ​គេ​ចែកជា​បី​ដោយ​ឥណ្ឌា​គ្រប់គ្រង​ផង ចិន​គ្រប់គ្រង​ផង និង​ប៉ា​គី​ស្ថាន​គ្រប់គ្រង​ផង​។  អ៊ីចឹង​គេ​ចែកគ្នា​ថា តំបន់​ណា​ដែលមាន​ប្រជាជន​ហិណ្ឌូ​រស់នៅ​ច្រើន​វា​ជា​ទឹកដី​ឥណ្ឌា ហើយ​កន្លែង​ណា​ឥស្លាម​រស់នៅ​ច្រើន​គឺជា​របស់​ប៉ា​គី​ស្ថាន​។

​លោក សៅ ផល​និស្ស័យ​៖ តាម​ការលើកឡើង​រប​ស់​ឯកឧត្តម ឯកឧត្តម​ដូចជា​ព្យាយាម​បង្ហាញថា រុស្ស៊ី​មិន​ខុស​ក្នុង​សំណុំរឿង​អ៊ុយ​ក្រែ​ន និង​បញ្ហា​ផ្សេងទៀត​ទេ​។ តើ​ឯកឧត្តម​មិនមែន​កំពុង​បង្ហាញ​ជំហរ​គាំទ្រ​រុស្ស៊ី និង​ប្រជាជន​រុស្ស៊ី ដោយសារតែ​ឯកឧត្តម​ធ្លាប់បាន​សិក្សា និង​ធ្វើការ​នៅ​រុស្ស៊ី ហើយ​មាន​សម្មានចិត្ត​ចំពោះ​រុស្ស៊ី​ទេ​ឬ​?

 លោក ខៀវ ថវិកា​៖ ខ្ញុំ​និយាយ​នេះ​មិនមែន​កាន់ជើង​រុស្ស៊ី​ទេ តែ​ខ្ញុំ​ដឹង​ប្រវត្តិសាស្ត្រ​រុស្ស៊ី​ច្បាស់​។ ប្រជាជន​រុស្ស៊ី និង​ថ្នាក់ដឹកនាំ​រុស្ស៊ី​រងទុក្ខវេទនា​ដូច​កម្ពុជា​អ៊ីចឹង​។ សង្គ្រាមរ៉ាំរ៉ៃ ហើយ​ក្នុង​សង្គ្រាមលោក​លើ​ទី​ពីរ ទាហាន​រុស្ស៊ី​ស្លាប់ ២០​លាន​នាក់ នេះ​មិន​រាប់ទាំង​ប្រជាជន​ទេ​។ ២០​លាន​នាក់​នេះ​ស្លាប់​ដោយសារ​រំដោះ​អឺរ៉ុប​ខាងកើត រំដោះ​អាល្លឺម៉ង់ ឆេ​កូ ហុង​គ្រី​ជាដើម​។ ហើយ​លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នេះ​រងគ្រោះ​ដូច​សម្តេច​តេ​ជោ​អ៊ីចឹង​។ គឺ​ពួកគេ​លោកខាងលិច​កៀបសង្កត់ ពួក​អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់នោះ​កៀបសង្កត់​។ អង្គការក្រៅរដ្ឋាភិបាល​ខ្លះ​បាន​លុយ​ពី​បរទេស​មក​កៀបសង្កត់​រុស្ស៊ី តែ​ឥឡូវ​រុស្ស៊ី​លេង​វិញ​។ គាត់​បានធ្វើ​ច្បាប់​គ្រប់គ្រង​អង្គការក្រៅរដ្ឋាភិបាល ហើយ​អង្គការក្រៅរដ្ឋាភិបាល​ណា​ទទួល​លុយ​ពី​បរទេស​ត្រូវ​ចុះបញ្ជី​នៅ​ក្រសួងយុត្តិធម៌ ហើយ​ត្រូវដាក់​ឈ្មោះថា «​ភ្នាក់ងារ​បរទេស​»​។ ពាក្យ​ភ្នាក់ងារ​បរទេស​នេះ បើ​ជំនាន់ ស្តា​លីន ក្រុម​នេះ​ស្មើ​ពួក​យកការណ៍​ដែល​ត្រូវ​សម្លាប់ចោល​។ NGOs នៅ​រុស្ស៊ី​ទទួល​លុយ​ពី​លោកខាងលិច ពី​អឺរ៉ុប ដើម្បី​កៀបសង្កត់​រុស្ស៊ី​។ អ៊ីចឹង​បាន​ថា ខ្ញុំ​សុំទោស​ខ្ញុំ​និយាយ​នេះ​មានន័យថា អង្គការក្រៅរដ្ឋាភិបាល​ទាំងអស់​អាក្រក់​ទេ​។ តែ​វា​មាន​អង្គការ​ខ្លះ​ទទួល​លុយ​ពី​បរទេស​មក​ធ្វើបាប​ប្រទេស​ម្ចាស់ផ្ទះ​។ ដូច​យើង​បច្ចុប្បន្ន​អ៊ីចឹង​ដែរ​។ ច្បាប់​អន្តរជាតិ​ចែង​ច្បាស់​ណាស់​ពី​អង្គការក្រៅរដ្ឋាភិបាល​។ អង្គការក្រៅរដ្ឋាភិបាល​ទាំងនោះ​ធ្វើការ​ស្របតាម​បទបញ្ញត្តិ​របស់​ម្ចាស់ផ្ទះ មិនអាច​ធ្វើតាម​ចិត្ត​ឡើយ​។ អង្គការ​នេះ​គ្មាន​សិទ្ធិ​បាតុកម្ម​ទេ ហើយក៏​គ្មាន​សិទ្ធិ​បើក​សារព័ត៌មាន​ដែរ​។​


​លោក សៅ ផល​និស្ស័យ​៖ និយាយ​ពី​រុស្ស៊ី លោក វ្ល៉ា​ឌី​មៀ ពូ​ទីន បាន​ប្រឈម​ការកៀបសង្កត់​ច្រើន​។ ការបោះឆ្នោត​ប្រធានាធិបតី​ក៏​ជិត​មកដល់​ដែរ​។ តើ​ឯកឧត្តម​រំពឹងថា​លោក ពូ​ទីន នឹង​បន្ត​ឈ្នះឆ្នោត​កាន់តំណែង​ជា​ប្រធានាធិបតី​ទៀត​ទេ​?

លោក ខៀវ ថវិកា​៖  នេះ​ជាការ​ទស្សន៍ទាយ​មួយ​។ តែ​ចំពោះ​ខ្ញុំ លោក វ្ល៉ា​ឌី​មៀ ពូ​ទីន នេះ​គាត់​ដឹង​ច្បាស់​ណាស់​ថា​គាត់​ត្រូវធ្វើ​អ្វី និង​ត្រូវ​ទៅកាន់​អ្វី​។ ហើយ​អាណត្តិ​នេះ ខ្ញុំ​ជឿថា ថា​គណបក្ស​ឯកភាព​រុស្ស៊ី​របស់គាត់​នោះ​អាចមាន​សង្ឃឹម​ច្រើន​។ ដូចជា​សម្តេច តេ​ជោ អ៊ីចឹង​គាត់​នៅតែ​ឈ្នះ​។ 

​កាល​ជំនាន់​មុន បូរី​ស យ៉ែ​ល​សិន (Boris Yelsin) ក្រោយ​កែទម្រង់​ភ្លាម​ប្រជាជន​ស្អប់​កុម្មុយនីស្ត ស្អប់​អ្នកដឹកនាំ​រុស្ស៊ី​ណាស់​។ ប្រជាជន​រុស្ស៊ី​ជឿ​អាមេរិក​។ ពួកគេ​ថា ដើរ​តាម​អាមេរិក វា​ល្អ​ព្រោះ​វា​មានបាន និង​សម្បូរ​សប្បាយ​។  តែ​មិនមែន​អ៊ីចឹង​ឯណា ឃាតកម្ម ម៉ាហ្វីយ៉ា សម្លាប់​ពេញ​ម៉ូស្គូ ហើយ​ផ្ទុះ​គ្រាប់បែក​។ អ៊ីចឹង​ហើយ​បាន​គេ​ដាក់​លោក ពូ​ទីន ទៅដោយ​សារ​គាត់​ខ្លាំង​។ នេះ​ក៏​ព្រោះ​ពូ​ទីន គាត់​ជា​អតីត​ភ្នាក់ងារ KGB ។​

​ខ្ញុំ​ជឿជាក់ថា គណបក្ស​បក្ស​គាត់​បានទទួល​ការគាំទ្រ​ច្រើន​មិនមែន​ត្រឹមតែ​មនុស្ស​ចាស់​ទេ​ណា យុ​វ័យ​ក៏​គាំទ្រ​ដែរ​។ ពី​ដើម​យុ​វ័យ​ភ្លើតភ្លើន​ណាស់​នៅ​រុស្ស៊ី ហើយ​ពួកគេ​សប្បាយ​មិន​គិតពី​ប្រវត្តិសាស្ត្រ​ទេ​។ តែ​ឥឡូវ​ពួកគេ​ភ្ញាក់ខ្លួន​ស្រលាញ់​ប្រទេសជាតិ​។ អ៊ីចឹង​បាន​គេ​និយាយថា «​ប្រវត្តិសាស្ត្រ យើង​មិនត្រូវ​ភ្លេច​ទេ​»​។ ដូច​យើង​ជំនាន់​ក្រោយ យើង​ត្រូវ​មើលសៀវភៅ មើល​ប្រវត្តិសាស្ត្រ​ឡើងវិញ​។ យើង​សួរថា ម៉េច​បានជា​ខ្មែរ​យើង​ជា​មហានគរ​រួម​តូច ហើយ​យ៉ាងម៉េច​បានជា​គេ​មើលងាយ​យើង​។ នោះ​ដោយសារ​យើង​ល្ងង់ យើង​មិន​បើកទូលាយ ហើយ​យើង​មិន​រៀនសូត្រ​។​

​លោក សៅ ផល​និស្ស័យ​៖​មួយវិញទៀត​លោក ពូ​ទីន ផ្តោតលើ​ការកសាង​កិត្យានុភាព​រុស្ស៊ី​ឡើងវិញ ដូចជា​ប្រមូលផ្តុំ​អតីត​រដ្ឋ​សហ​ភា​សូ​វៀត និង​អនុវត្ត​គោលនយោបាយ​«​រុស្ស៊ី​ថ្មី​»​ជាដើម​។ តើ​តាម​ការប្រមើលមើល​រប​ស់​ឯកឧត្តម​ឃើញថា រុស្ស៊ី​អាច​នឹង​កើនឡើង​ឥទ្ធិពល​រឹងមាំ​ដូច​ឬ​ប្រហាក់ប្រហែល​សហរដ្ឋអាមេរិក​ទេ​? 

​លោក ខៀវ ថវិកា​៖ បាទ​! រុស្ស៊ី​គាត់​ពង្រឹង​អតីត​រដ្ឋ​សហភាព​សូវ​នេះ នេះ​មិនមែន​ដូច​មុន​ទេ​។ គាត់​ពង្រឹង​នេះ​គឺ​គោរព​អធិបតេយ្យភាព​គ្នា​ទៅវិញទៅមក​។ វា​ដូចជា​ទំនាក់ទំនង​កម្ពុជា​ជាមួយ​រុស្ស៊ី ទំនាក់ទំនង​រុស្ស៊ី​ជាមួយ​វៀតណាម និង​រុស្ស៊ី​ជាមួយ​បេឡា​រ៉ុ​ស​អ៊ីចឹង​គឺ​គោរព​អធិបតេយ្យភាព​គ្នា​ល្អ​។ ប្រទេស​មួយចំនួនទៀត​ដូចជា កា​ហ្សា​ក់​ស្ថាន អ៊ូ​ស​បេ​គី​ស្ថាន គៀ​ហ្ស៊ី​ស៊ី​ស្ថាន​ជាដើម ជា​ស្តេច​ប្រេង​នោះ​មាន​ទំនាក់​ទំនង​ល្អជា​មួយ​រុស្ស៊ី​។ គេ​មិន​ភ្លេច​រុស្ស៊ី​ទេ ព្រោះ​រុស្ស៊ី​រំដោះ​គេ​ពី​សង្គ្រាម​។ ទាក់ទង​ការពង្រឹង​ទំនាក់ទំនង​នេះ ប្អូន​សួរថា តើ​វា​នឹង​ជួយ​ឲ្យ​រុស្ស៊ី​រឹងមាំ​ដូច​សហរដ្ឋអាមេរិក​ទេ​?  បើ​យើង​គិត​មើលទៅ ទាក់ទង​ផ្លូវច្បាប់​នោះ គាត់​រឹងមាំ​ជាង​សហរដ្ឋអាមេរិក​។  នេះ​ដោយសារ​សណ្តាប់ធ្នាប់​សង្គម​រុស្ស៊ី វា​ខ្លាំង​ជាង​អាមេរិក​។ ដូចជា​ការប្រើប្រាស់​កាំភ្លើង​នៅ​រុស្ស៊ី​គឺ​គ្មានទេ តែ​អាមេរិក​អាច​ប្រើប្រាស់​បាន​។ ហើយ​ការ​ចលាចល​និង​ការបោះ​បោរ​នៅ​រុស្ស៊ី​នោះ​ក៏​គ្មាន​ដែរ​។​

​ប៉ុន្តែ​រឿង​សេដ្ឋកិច្ច រុស្ស៊ី​មិនជា​តាម​ទាន់​អាមេរិក​ប៉ុន្មាន​ទេ​។ នេះ​ក៏​ព្រោះ​រុស្ស៊ី​គាត់​នៅ​ចាយលុយ​គាត់ «​រូប (Ruble)» ដែល​ចាយ​បានតែ​ប្លុក​គាត់​ប៉ុណ្ណោះ​។ ប្រទេសមួយ​ចំនួន​ដូចជា ឡា​ត់​វី លី​ទុយ​នី អេ​ស្តូ​នី គេ​ចាយលុយ​អឺរ៉ូប​ហើយ​។ អ៊ីចឹង​ហើយ​សេដ្ឋកិច្ច​គាត់ (​រុស្ស៊ី​) មិនជា​ខ្លាំង ក៏​មិនជា​ខ្សោយ​។

​ហើយ បើ​មើល​ការកៀបសង្កត់​ពី​ខាងក្រៅ គាត់​មិនជា​ពិបាក​ខ្លាំង​មែនទែន​ទេ ដោយសារ​សេដ្ឋកិច្ច​រុស្ស៊ី​មិន​រណប​លោកខាងលិច​។ ឧទាហរណ៍ ដូច​អ៊ុយ​ក្រែ​ន​ជំពាក់​លុយ​រុស្ស៊ី គាត់​ផ្តាច់​ឧស្ម័ន​។  បើ​អត់​ឧស្ម័ន អត់​ប្រេង វា​ត្រជាក់​ស្លាប់​ហើយ​។ ហើយ​រុស្ស៊ី​ក៏​លក់​ឧស្ម័ន​និង​ប្រេង​ឲ្យ​ប្រទេស​ផ្សេងៗ​ទៀត ទោះជា​សហភាព​អឺរ៉ុប​មិន​ទិញ​ក៏ដោយ​។ ឥឡូវ​រុស្ស៊ី ត​បំពង់​ឧស្ម័ន​លក់​ទៅ​ឲ្យ​ប្រទេស​ហុង​គ្រី និង​ឆេ​កូ​៕


Tag:
 ​ខៀវ ថវិកា​
  អ៊ុយ​ក្រែ​ន​
  រុស្ស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com