ជាតិ
ក្រសួងមហាផ្ទៃ​ត្រូវការ​នគរបាល​ថ្មី​ជាង ៤​ពាន់​នាក់​
29, Jun 2016 , 10:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ក្រសួងមហាផ្ទៃ​ប្រកាស​ប្រឡង​ជ្រើសរើស​នគរបាល​ថ្មី​ជាង ៤​ពាន់​នាក់ ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​មន្ត្រី​នគរបាលជាតិ​សម្រាប់​ឆ្នាំ ២០១៦ ដើម្បី​បំពេញតម្រូវការ​ក្រសួង​។ នេះ​បើតាម​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ​។



​បេក្ខជន​ទាំងពីរ​ភេទ​អាយុ​ចន្លោះ​ពី ១៨ ដល់ ៣០​ឆ្នាំ អាច​ប្រឡង​ចូល​បម្រើ​ការងារ​ក្នុង​ក្របខ័ណ្ឌ​នគរបាលជាតិ នៅ​ទូទាំងប្រទេស​។ បេក្ខជន​អាច​ទទួល​ពាក្យ និង​ចុះឈ្មោះ​ប្រឡង ចាប់ពី​ថ្ងៃទី​០៥ ដល់ ២៥ ខែកក្កដា ឆ្នាំ​២០១៦ នៅ​នាយកដ្ឋាន​បុគ្គលិក​នគរបាលជាតិ អាគារ L និង​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​ទូទាំងប្រទេស​។​

​លោក ខៀវ សុភ័គ បាន​ឲ្យ​សារព័ត៌មាន​អេឡិចត្រូនិក​ថ្មីៗ​ដឹងថា ក្រសួង​នឹង​ប្រឡង​ជ្រើសរើស​បេក្ខជន​ទូទាំងប្រទេស​ចំនួន ៤៥៣៦​នាក់ ចូល​បម្រើ​ការងារ​នគ​របាល រួមមាន ជា​នាយ​នគរបាល​, នាយ​នគរបាល​រង​, មន្ត្រីនគរបាល​រដ្ឋបាល​ឃុំ​-​សង្កាត់​, នគ​បាល​ការពារ នគ​បាល​អង្គរក្ស នគរបាល​ការពារ​ព្រំដែន នគរបាល​ការពារ​បេ​តិ​ភណ្ឌ និង​ការិយាល័យ​ជំនាញ​នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​-​ខេត្ត​។​

​អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​រូបនេះ បាន​ឲ្យ​ដឹង​ពី​គោលបំណង​នៃ​ការប្រឡង​ជ្រើសរើស​កម្លាំង​នគរបាល​ថ្មី គឺជា​ការពង្រឹង​សមត្ថភាព​នគរបាលជាតិ និង​បំពេញ​កម្លាំង​នគរបាលជាតិ​ចូលនិវត្តន៍ កន្លងមក​។ បើតាម​លោក​ខៀវ សុភ័គ បច្ចុប្បន្ន កម្ពុ​ជាមាន​កម្លាំង​នគរបាល​សរុប​ជាង ៥​ម៉ឺន​នាក់​៕


Tag:
 ក្រសួងមហាផ្ទៃ​
  ប៉ូលិស​
© រក្សាសិទ្ធិដោយ thmeythmey.com