ជាតិ
ក្រុមហ៊ុន Cambodia Airport ស្នើ​សង់​ព្រលាន​ថ្មី​លើ​ផ្ទៃដី ១៥០០​ហិកតា​
14, Jul 2016 , 9:19 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖  ក្រុមហ៊ុន​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airport)​បានស្នើ​អាជ្ញាធរ​រាជធានី​ភ្នំពេញ​ពិនិត្យ​គោលការណ៍​សង់​អាកាសយា​ន​ដ្ឋា​ន​អន្តរជាតិ​ភ្នំពេញ​ថ្មី លើ​ផ្ទៃដី​ទំហំ ១៥០០​ហិកតា ខណៈ​អាកាសយានដ្ឋាន​បច្ចុប្បន្ន​ទំហំ​ជាង ៤០០​ហិកតា​។ ភាគី​ក្រុមហ៊ុន​បានស្នើ​ទីតាំង​ព្រលាន​ថ្មី​ចំនួន ៤ ឲ្យ​អាជ្ញាធរ​រាជធានី ពិចារណា​ផលប៉ះពាល់ នៅ​ថ្ងៃទី​១៤ ខែកក្កដា ឆ្នាំ​២០១៦​នេះ​។​



​អាជ្ញាធរ​រាជធានី​ភ្នំពេញ និង​ថ្នាក់ដឹកនាំ​ក្រុមហ៊ុន​Cambodia Airport កំពុង​រៀបចំ​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ថ្មី ជំនួស​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ បច្ចុប្បន្ន ក្នុងអំឡុង​ឆ្នាំ ២០២៥ ឬ​ឆ្នាំ ២០៣០​ខាងមុខ​។​

​ការពិភាក្សាគ្នា​សង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​ជំនួស​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​ចាស់​ដែលមាន​អាយុ​ជិត ៧០​ឆ្នាំ ពោលគឺ​តាំង​ទសវត្សរ៍​ឆ្នាំ​១៩៥០ រហូត​មកនេះ ក្នុង​គោលបំណង​ឆ្លើយតប​នឹង​កំណើន​អ្នកដំណើរ​តាមផ្លូវ​អាកាស​ចេញចូល​កម្ពុជា​។​

​លោក Jurgen Renner អ្នកគ្រប់គ្រង​ជាន់ខ្ពស់ នៃ​សមាគម​ដឹកជញ្ជូន​ផ្លូវអាកាស​អន្ដរជាតិ (International Air Transport Association)​បាន​លើក​ពី​ទីតាំង​ព្រលានយន្តហោះ​ថ្មី​ចំនួន ៤​កន្លែង ឲ្យ​លោក ឃួ​ង ស្រេង អភិបាលរង​រាជធានី​ភ្នំពេញ និង​មន្ត្រីក្រោមឱវាទ ពិចារណា​ពី​ផលប៉ះពាល់​ក្នុង​គម្រោង មុនពេល​ពួកគេ​ដាក់​គម្រោង​សិក្សា​នេះ ឲ្យ​រដ្ឋាភិបាល​កម្ពុជា ដើម្បី​ពិនិត្យ​សម្រេច​។​

​ក្រោយពី​លោក​បាន​សិក្សា​លទ្ធភាព​សាងសង់​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី កន្លងទៅ អ្នក​ប្រឹក្សា​យោបល់​សង់​ព្រលានយន្តហោះ នៃ​សមាគម IATA បាន​ប្រាប់​ពី​ទីតាំង​ក្នុង​ពិភាក្សា នៅថ្ងៃនេះ ក្នុង​សាលា​រាជធានី​ភ្នំពេញ​ថា គម្រោង​ទាំង ៤​ទីតាំង​នោះ រួមមាន ទីតាំង​ទីមួយ​គឺ ព្រលានយន្តហោះ​កំពង់ឆ្នាំង​ចាស់ ក្នុង​ខេត្តកំពង់ឆ្នាំង​, ទី​ពីរ​គឺ នៅ​តំបន់​ឧ​ត្តុ​ង្គ ខេត្តកណ្តាល​, ទី​បី​គឺ ទីតាំង​ចន្លោះ​ទន្លេសាប និង​ទន្លេមេគង្គ និង​ទី​បួន​គឺ នៅ​ខាងកើត​រាជធានី​ភ្នំពេញ ម្តុំ​ផ្លូវជាតិ​លេខ​មួយ​។​

​អ្នកគ្រប់គ្រង​ជាន់ខ្ពស់ នៃ​សមាគម IATA ដែលមាន​មូលដ្ឋាន​ក្នុងប្រទេស​កាណាដា បាន​បន្ត​រៀបរាប់​ពី​ផល​វិជ្ជមាន​ក្នុង​ពី​សាងសង់​ព្រលានយន្តហោះ​ភ្នំពេញ​ថ្មី ឃា្ល​ត​ពី​រាជធានី​ភ្នំពេញ​ប្រាប់​អាជ្ញាធរ​ថា​វា​នឹង​ជួយ​កាត់បន្ថយ​ការកកស្ទះ​ចរាចរ​ក្នុង​ក្រុង បច្ចុប្បន្ន ដោយសារ​ក្រុមហ៊ុន នឹង​សង់​ផ្លូវ High way ធំ​ទូលាយ ឬ​អាច​សង់​ផ្លូវ​រថភ្លើង​ពី​ព្រលានយន្តហោះ​មក​កណ្តាល​រាជធានី​ភ្នំពេញ​។ ហើយ​ថា វា​នឹងមិន​បង្ក​សំឡេង​យន្តហោះ​រំខាន និង​ផលប៉ះពាល់​បរិស្ថាន ព្រមទាំង​គ្រោះអាសន្ន​ជាយថាហេតុ​ក្នុង​ទីក្រុង​ផងដែរ​។​

​លោក​និយាយ​បញ្ជាក់ថា​៖«​ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី នឹង​សង់​លើ​ផ្ទៃដី​ចំនួន ១៥០០​ហិកតា​។ យើង​នឹង​សង់​ផ្លូវ​សម្រាប់​យន្តហោះ​រត់​ចុះឡើង​ទៅមក​នីមួយៗ ចំងាយ​ជាង ៣​គីឡូម៉ែត្រ​។ វា​មាន​ទំហំ​ធំ និង​ឆ្ងាយ​ជាង​មុន​»​។

​ទន្ទឹមគ្នានេះ លោក Jurgen Renner បានស្នើ​អាជ្ញាធរ​ឲ្យ​ពិនិត្យ​សណ្ឋាន​ដី​ប៉ះពាល់ និង​ហេដ្ឋារចនាសម្ព័ន្ធ ត​ភ្ជាប់​ពី​តំបន់​នានា ចូល​ព្រលានយន្តហោះ​ថ្មី ដើម្បី​កាត់បន្ថយ​ការប៉ះពាល់​ក្នុង​រយៈពេល​យូរអង្វែង នៅ​ថ្ងៃ​អនាគត​។ 

​ជាការ​ឆ្លើយតប លោក ឃួ​ង ស្រេង បាន​សាទរ​នឹង​សំណើរ​របស់​តំណាង​ក្រុមហ៊ុន Cambodia Airport និង​អ្នកជំនាញ​សង់​ព្រលានយន្តហោះ តែ​លោក​ស្នើ​ភាគី​ក្រុមហ៊ុន​ឲ្យ​ពិចារណា​សង់ ព្រលានយន្តហោះ​ចំងាយ​ក្រោម ១០០​គីឡូម៉ែត្រ​ពី​រាជធានី​ភ្នំពេញ ដើម្បី​កាត់បន្ថយ​ពេលវេលា ធ្វើចរាចរ​។​

​លោក​បានស្នើ​តំណាង​ក្រុមហ៊ុន​ឲ្យ​ពិនិត្យ​លទ្ធភាព​សង់​ព្រលានយន្តហោះ​នេះ នៅ​មិន​ឆ្ងាយ​ភាគី​ខាងលិច​រាជធានី​ភ្នំពេញ គឺ​ក្នុង​ខេត្តកំពង់ស្ពឺ ពីព្រោះ​ទីតាំង​នេះ​នៅ​ជិត​ក្រុង ហើយ​ដី​មានតម្លៃ​ទាប និង​មិន​ប៉ះពាល់​លំនៅដ្ឋាន​របស់​ពលរដ្ឋ​ច្រើន​។​

«​អាជ្ញាធរ​រាជធានី​ភ្នំពេញ​កំពុង​ពិនិត្យ​លទ្ធភាព​សង់​ព្រលាន​ថ្មី​ចំងាយ​ពី​ភ្នំពេញ​ពី ៦០ ទៅ ៧០​គីឡូម៉ែត្រ​។ យើង​ចង់​កាត់បន្ថយ​ពេលវេលា និង​ប៉ះ​ផល​ពាល់​ពលរដ្ឋ​តិច​»​។ នេះ​ជាការ​លើកឡើង​របស់លោក ឃួន ស្រេង ក្នុង​កិច្ចពិភាក្សា​រយៈពេល​ជិត ៣​ម៉ោង​នេះ​។​

​យ៉ាងណា ពួកគេ​ពុំទាន់​អាច​បញ្ជាក់​ពី​កាលបរិច្ឆេទ តម្លៃ​សាងសង់ និង​ទីតាំង​ជាក់លាក់​នៅឡើយ ព្រោះ​ពួកគេ កំពុង​សិក្សា​គម្រោង មុនពេល​គេ​ប​ញ្ចូ​ន​ឲ្យ​រដ្ឋាភិបាល​ពិនិត្យ និង​សម្រេច​។​

​ពាក់ព័ន្ធ​នឹង​គម្រោង​នេះ លោក ស៊ុន ចាន់​សេរី​វត្ថា អ្នកនាំពាក្យ​រដ្ឋលេខាធិកា​រដ្ឋា​ន​អាកាសចរណ៍​ស៊ីវិល ជឿជាក់ថា វា​បង្កើត​ឱកាស​កាន់តែច្រើន​សម្រាប់​វិនិយោគិន និង​ទេសចរ នៅ​កម្ពុជា​បន្ថែមទៀត​។ លោក​លើកឡើងថា ប្រសិនបើ​គម្រោង​នៃ​ការបង្កើត​ព្រលានយន្តហោះ​ថ្មី​ទទួលបាន​ជោគជ័យ​នឹង​លេចចេញ​ជា​រូបរាង​មែន​នោះ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​អាច​នឹង​រក្សាទុក​សម្រាប់​ជើងហោះហើរ​ក្នុងស្រុក និង​ជា​មជ្ឈមណ្ឌល​ពាណិជ្ជកម្ម ដើម្បី​ទាញយក​ថវិកា​មក​សាង​សង់​ព្រលានយន្តហោះ​ថ្មី​។​

​នៅ​ឆ្នាំ​២០២០ ក្រសួង​រំពឹងថា ចំនួន​ទេសចរ​នឹង​កើន​ដល់ ៨​លាន​នាក់​។ ហើយ​បច្ចុប្បន្ន ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ទទួល​ជាង ៤​លាន​នាក់ ស្របពេល​ចំណុះ​ព្រលាន​សព្វថ្ងៃនេះ វាទ​ទួល​បានតែ ៥​លាន​នាក់​ប៉ុណ្ណោះ​។ តាម​តួលេខ​ក្រសួងទេសចរណ៍​ឆ្នាំ ២០១៥ កម្ពុជា​ទទួលបាន​ភ្ញៀវទេសចរ​បរទេស​ចំនួន​២​លាន​៨​សែន​នាក់​កាលពី​ឆ្នាំ​២០១១ និង​ក្នុង​ឆ្នាំ​២០១៥​ចំនួន​ភ្ញៀវទេសចរ​បរទេស​កើន​ដល់​៤​លាន​៥​សែន​នាក់​៕


Tag:
 ព្រលានយន្តហោះ​ភ្នំពេញ​
  អាកាសចរ​ស៊ីវិល​
  IATA
© រក្សាសិទ្ធិដោយ thmeythmey.com