ជាតិ
សេដ្ឋកិច្ច
គយ ក្រើនរំលឹកដល់មន្ត្រីក្រោមឱវាទធ្វើការប្រមូលពន្ធអាករឲ្យបានត្រឹមត្រូវ គយ និងរដ្ឋាករកម្ពុជា
× អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានជំរុញដល់មន្ត្រីអង្គភាពក្រោមឱវាទឲ្យប្រឹងប្រែងក្នុងការប្រមូលពន្ធ និងអាករ ឲ្យមានភាពត្រឹមត្រូវនិងសកម្មទៅតាមបទបញ្ញាត្តិជាធរមាន ដែលជាការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ចំពោះការជំរុញដល់អង្គភាពក្រោមឱវាទនេះ ត្រូវបានចេញសេចក្ដីជូនដំណឹង ដោយអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា កាលពីថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១៦កន្លងទៅនេះ ។
តាមរយៈសេចក្ដីជូនដំណឹងនេះ អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានក្រើនរំលឹកដល់មន្ត្រីអង្គភាពគយ និងរដ្ឋាករក្រោមឱវាទដែលពាក់ព័ន្ធទាំងអស់ធ្វើការប្រមូលពន្ធអាករឲ្យបានត្រឹមត្រូវ។ ដោយសារការប្រមូលពន្ធ និងអាករ ក្នុងខែនេះមានការធ្លាក់ចុះ បានត្រឹមតែ ៣៣០ប៊ឺលានរៀល ទាបជាងខែមុនប្រមាណ ១២.២ប៊ឺលានរៀល។ ស្ថានភាពការប្រមូលពន្ធ និងអាករ បានចំណូលតិចនេះ អាចធ្វើឲ្យមានការព្រួយបារម្ភពីការអនុវត្តផែនការចំណូលឲ្យបានលទ្ធផលល្អតាមការកំណត់របស់ក្រសួង។
បើគិតពីការប្រមូលចំណូលប្រចាំថ្ងៃរយៈពេល៣-៤ថ្ងៃចុងក្រោយនេះ បានជះឥទ្ធិពលមិនល្អដល់ការប្រមូលពន្ធអាករប្រចាំខែ ដែលមានការធ្លាក់ចុះ បើធៀបទៅថ្ងៃទី១១ កក្កដា បាន២០.១ប៊ឺលានរៀល សម្រាប់ថ្ងៃទី១៦ កក្កដានេះ ទទួលបានត្រឹមតែ២០.២ប៊ឺលានរៀលតែប៉ុណ្ណោះ។ ដោយសារពេលវេលានៅសល់ប្រមាណតែ១១ថ្ងៃទៀតប៉ុណ្ណោះក្នុងខែនេះ គយនិងរដ្ឋាករកម្ពុជាជំរុញដល់មន្ត្រីប្រឹងប្រែងបន្ថែមទៀត។ ដើម្បីបន្តអនុវត្តផែនការចំណូលឲ្យទទួលបានលទ្ធផលល្អតាមការកំណត់របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕
© រក្សាសិទ្ធិដោយ thmeythmey.com