ជាតិ
បទយកការណ៍ / បទសម្ភាសន៍
សិល្បះ
យុវជន​ផ្តើម​ងាក​មក​គាំទ្រ​សិល្បៈ​បុរាណ និង​ស្នើ​ឲ្យ​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍​កាន់តែច្រើន​
24, Jul 2016 , 6:39 pm        
រូបភាព
​ភ្នំពេញ​៖ យុវវ័យ​យ៉ាងច្រើន បាន​សម្រុក​ទៅ​ទស្សនា​ការសម្តែង​ល្ខោនខោល នៅ​សាល​មហោស្រប​សាលា​មធ្យម​វិចិត្រសិល្បៈ កាលពីពេល​កន្លងទៅ​។ ការសម្ដែង​ល្ខោនខោល​នេះ បាន​លើកយក​រឿង​រាមកេរ្តិ៍ ក្នុង​ឈុត​ថ​លត​យ័ន្ត មក​សម្ដែង​ជូន​ទស្សនិកជន​ទស្សនា​។ ទន្ទឹមនឹង​ការ​ទៅ​គាំទ្រ​ទស្សនីយភាព​នៃ​ល្ខោនខោល ដើម្បី​ផ្ដល់​កម្លាំងចិត្ត​ដល់​សិល្បករ យុវជន​ទាំងនោះ ក៏បាន​ស្នើ​ឲ្យ​ក្រសួង​វប្បធម៌ បង្កើន​ការផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ តាម​ទូរទស្សន៍​ឲ្យ​កាន់តែ​ច្រើនជាង​នេះ​។​



​ទស្សនីយភាព​នៃ​ល្ខោនខោល ត្រង់​ឈុត​ថ​លត​យ័ន្ត នៃ​រឿង​រាមកេរ្តិ៍ នៅ​សាល​មហោស្រព​សាលា​មធ្យម​វិចិត្រសិល្បៈ​កាលពីពេល​កន្លង​ទៅ បាន​ទាក់ទាញ​ទស្សនិកជន​យ៉ាងច្រើន​កុះករ ពិសេស​ក្រុម​យុវវ័យ​។ អ្នកចូលរួម​ត្រូវ​ឈរ​តម្រង់​ជួរ​ដើម្បី​បាន​ចូល​ទស្សនា​ទម្រង់​ល្ខោន​បុរាណ​ខ្មែរ​មួយ​នេះ ខណៈ​ការចូលរួម​លើស​ចំណុះ​។ ទោះបីជា​វា​ហាក់​ចង្អៀត​បន្តិច ប៉ុន្តែ​នៅក្នុងពេល​សម្តែង ដែលមាន​ទាំង​អ្នក​ឈរ និង​អ្នកខ្លះ​អង្គុយ​ផង​នោះ បាន​ទស្សនា​ទស្សនីយភាព​នៃ​ល្ខោនខោល​នេះ យ៉ាង​រីករាយ និង​ពោរពេញ​ដោយ​ស្នាមញញឹម ទន្ទឹមនឹង​សំឡេង​ទះដៃ​ដែល​រំពង​ឡើង​ម្តងៗ​ផង​នោះ​។


​យុវជន ហេង លីម ជា​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​បញ្ជាក់ថា ការចំណាយ​ពេល​មក​ទ​ស្សនា​ការសម្ដែង​ល្ខោនខោល​នៅពេលនេះ មិន​អត់​ប្រយោជន៍​នោះទេ​។ ជា​អភិរក្ស​របាំ និង​សិល្បៈ​បុរាណ​ខ្មែរ​ម្នាក់​ផង​នោះ ហេង លីម បាន​អះអាង​ទៀតថា រូបគេ​បាន​អង្គុយ​ទស្សនា​សាច់​រឿងនេះ យ៉ាង​ជក់ចិត្ត​។ យុវជន​រូបនេះ បន្ថែម​យ៉ាង​ដូច្នេះ​ថា​៖«​កូន​ខ្មែរ​ភាគច្រើន​ស្គាល់​តែ​រឿង​រាមកេរ្តិ៍ ស្គាល់​តែ​ព្រះរាម ព្រះ​លក្ខណ៍ និង​នាង​សិ​តា​តាមរយៈ​មេរៀន​ក្នុង​សៀវភៅ​ប៉ុណ្ណោះ ប៉ុន្តែ​មិនបាន​ដឹងថា​រឿង​រាមកេរ្តិ៍​ជា​រឿង​ដែល​ល្អមើល ឬ​ជក់ចិត្ត​យ៉ាងម៉េច​ខ្លះ​ទេ​»​។


​ដ្បិត​បាន​រៀន និង​ដឹង​ច្រើន​ពី​ទម្រង់​ល្ខោនខោល ប៉ុន្តែ​យុវ​និស្សិត មិនអាច​មិន​សរសើរ​ពី​គំនិត​ច្នៃប្រឌិត​សម្រាប់​ការសម្តែង របស់​សិល្បករ​បាន​នោះឡើយ​។ រូបគេ​ថ្លែង​អមដោយ​ទឹកមុខ​ផង​ថា​៖«​នៅពេល​ទស្សនា​រួចមក​មាន​អារម្មណ៍​ថា​ប្លែក ពីព្រោះ​មានការ​លាយ​បញ្ចូល​គ្នា​នូវ​ក្បាច់ល្បុកតោ ជាមួយ​ក្បាច់​ល្ខោនខោល​»​។​

​ចំណែកឯ យុវជន ប៉ាល់ ម៉េង​អ៊ូ ក៏បាន​សរសើរ​មិន​ដាច់​ពី​មាត់​ពី​ការសម្តែង​ល្ខោនខោល​នេះដែរ​។ នេះ​ជា​លើក​ទី​១​មួយ​ហើយ ដែល​និស្សិត​សាកលវិទ្យាល័យ​ភូមិន្ទ​នីតិសាស្ត្រ និង​វិទ្យាសាស្ត្រ​សេដ្ឋកិច្ច​រូបនេះ បានឃើញ​ពី​បែបបទ​នៃ​ការ​ស្លៀកពាក់ និង​ការសម្ដែង​ល្ខោនខោល​។  យុវជន​វ័យ​២១​ឆ្នាំ​រូបនេះ បាន​បន្ថែមថា​៖«​ខ្ញុំ​មិនដែល​បានដឹង​ពី​បែបបទ​នៃ​ការសម្ដែង​បែបណា​នោះទេ តែ​ខ្ញុំ​មាន​អារម្មណ៍​សប្បាយចិត្ត​ដែល​បាន​ចូលរួម​ទស្សនា​ល្ខោនខោល​។ មុនដំបូង​ខ្ញុំ​គិតថា​ប្រហែល​មិនមាន​មនុស្ស​មក​ទស្សនា​ច្រើន​ទេ តែ​នៅពេលដែល​មកដល់​ឃើញ​មានការ​ចូលរួម​យ៉ាងច្រើន​»​។


​ចំណែកឯ​យុវជន លឹម សុភ​ក្ត្រា ដែលជា​សិស្ស​វិទ្យាល័យ បានបង្ហាញ​អារ​ម្ម​ណ៌​សប្បាយ​ចិត្តខ្លាំង​នៅពេលដែល​បាន​ទស្សនា​ល្ខោនខោល​នេះ​។ សុភ​ក្ត្រា បាន​និយាយថា ល្ខោនខោល​ពីមុន​ហាក់​មិនសូវមាន​អ្នក​ស្គាល់​ឡើយ ប៉ុន្តែ​ឥឡូវ​មាន​អ្នកគាំទ្រ​វប្បធម៌​បុរាណ​ច្រើន​។ យុវ​សិស្ស​សម្បុរ​ស្រអែម​រូបនេះ បានបង្ហាញ​ការយល់​ដឹងថា​៖ «​នៅពេលដែល​មានការ​ផ្សព្វផ្សាយ​របាំ ឬ​ល្ខោន​ខ្មែរ ខ្ញុំ​មាន​អារម្មណ៍​សប្បាយរីករាយ គឺ​ដោយ​សារបាន​ចែករំលែក​ចំណេះដឹង​បន្តបន្ទាប់ និង​ស្គា​ល់ពី​វប្បធម៌​ខ្មែរ​បន្ថែមទៀត​»​។​


​មាន​វ័យ​១៨​ឆ្នាំ លឹម សុភ​ក្ត្រា បាន​ឆ្លៀត​រំលឹក​ដល់​កូន​ខ្មែរ​ទាំងអស់​ឲ្យ​ជួយ​ថែរក្សា និង​ស្វែងយល់​ពី​សិល្បៈ​វប្បធម៌​ខ្មែរ​ឲ្យ​ផុសផុល​ជាង​នេះ​។ យុវជន​រូបនេះ​រៀបរាប់ថា​៖«​យើង​គួរតែ​ងាក​មក​គាំទ្រ​វប្បធម៌   បុរាណ​ខ្លះ បើ​ចូលចិត្ត​ខាង​សម័យ​ខ្លាំងពេក​ធ្វើ​ឲ្យ​វប្បធម៌​បាត់​សូន្យ​តែម្ដង ដូច​ពាក្យ​មួយ​ឃ្លា «​វប្បធម៌​រលត់​ជាតិ​រលាយ វប្បធម៌​ពណ្ណរាយ​ជាតិ​ថ្កុំថ្កើង​» ។ បើសិនជា​ងាក​មក​ថែរក្សា​វប្បធម៌​ខ្មែរ នោះ​វប្បធម៌​នឹង​រីកលូតលាស់​ល្អ ដូច​ដើមឈើ​មួយ​ដើម​ដុះ​បែកមែក​សាខា​បាន​ធំ បើ​មិន​ជួយ​ស្រោច​ទឹក​ផង ដើមឈើ​នោះ​ច្បាស់​ជា​មិន​រីកលូតលាស់​ធំ​បានទេ​។ នេះ​ជាការ​លើកឡើង​របស់​យុវ​សិស្ស លឹម សុភ​ក្ត្រា​។


​យុវជន ប៉ាល់ ម៉េង​អ៊ូ ក៏បាន​ស្នើ​ឲ្យ​កូន​ខ្មែរ សូមជួយ​លើកស្ទួយ​ល្ខោន​ខ្មែរ​ឲ្យ​រីកដុះដាល​បន្ថែមទៀត និង​សូមកុំ​បោះបង់​ព្រោះ​ល្ខោន​នេះ​មាន​តាំង​ពីមុន​សម័យអង្គរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ យុវជន​រូបនេះ ក៏​ស្នើ​ដល់​ក្រសួង​វប្បធម៌ បង្កើន​ការផ្សព្វផ្សាយ​សិល្បៈ​បុរាណ​ខ្មែរ តាម​ទូរទស្សន៍​ឲ្យ​កាន់តែ​ច្រើនជាង​នេះ​។​

​ល្ខោនខោល ឬ​ល្ខោន​ពាក់​របាំងមុខ គឺជា​ល្ខោន​មួយ​ដែលមាន​អាយុកាល​ចំណាស់​តាំង​ពីមុន​សម័យអង្គរ ក្នុង​សតវត្ស​ទី​៩ តាមរយៈ​ចម្លាក់​លឹប​តាម​ជញ្ជាំង​ប្រាសាទ​អង្គរ ល្ខោនខោល​ជា​សម្បត្តិ​វប្បធម៌​អរូបី​របស់​ព្រះរាជាណាចក្រ​កម្ពុជា​។ ល្ខោនខោល​ត្រូវបាន​អភិវឌ្ឍន៍​ដោយ​បុរស​ទាំងស្រុង ក្នុងការ​រាំ​ប្រចាំ នៅក្នុង​ព្រះរាជវាំង​បុរាណ​ខ្មែរ​៕



‬ ​

Tag:
 ល្ខោនខោល​
 ​ សិល្បៈ​
© រក្សាសិទ្ធិដោយ thmeythmey.com