បទយកការណ៍ / បទសម្ភាសន៍
លោក វ៉េង មុនី មាន​មហិច្ឆតា​បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​ជំនួញ​អន​ឡាញ​នៅ​កម្ពុជា
25, Jul 2016 , 8:39 am        
រូបភាព
ដោយ:
​ភ្នំពេញ​៖ លោក វ៉េង មុនី គឺជា​និស្សិត​អាហារូបករណ៍​របស់​ស​ហ​ភាព​អឺរ៉ុប លើ​ជំនាញ​គ្រប់គ្រង​ជំនួញ​តាម​Online (i-business management) នៅ​សាកលវិទ្យាល័យ Warwick ចក្រភព​អង់គ្លេស​។ បុរស​វ័យ​២២​ឆ្នាំ រូបនេះ មាន​មហិច្ឆតា ស្ពាយ​ជំនាញ​ដ៏​កម្រ​នេះ​មក​កម្ពុជា ដើម្បី​បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​ជំនួញ​តាម​អ៊ីនធឺណិត​(​អន​ឡាញ​) សម្រាប់​ជួយ​ដល់​និស្សិត​ផ្សេងទៀត ឲ្យ​ទទួលបាន​ការសិក្សា​ផង និង​ធ្វើ​ការងារ​ផង​។

 


​ខណៈ​បណ្តាញ​សង្គម​នៅ​កម្ពុជា​កំពុងមាន​ការរីកចម្រើន លោក វ៉េង មុនី មានបំណង យកចំណេះ និង​ជំនាញ ជំនួញ​តាម​អ៊ីនធឺណិត​(​អន​ឡាញ​) ពី​ចក្រភព​អង់គ្លេស ដើម្បី​បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​មួយ​ជា​ប្រយោជន៍​ដល់​និស្សិត​ខ្មែរ​ក្នុងការ​សិក្សា និង​ធ្វើ​ការងារ​។ «​ខ្ញុំ​នឹង​យក​ជំនាញ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត​ពី​ចក្រភព​អង់គ្លេស ដើម្បី​បង្កើត​ស្ថាប័ន​ស្រាវជ្រាវ​ជំនួញ​តាម​Online ពីព្រោះ បច្ចុប្បន្ន នៅ​កម្ពុ​ជាមាន​រីកចម្រើន​ផ្នែក Social Media ហើយ​ខ្ញុំ​ជឿថា ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត ជំនួញ​តាម​អន​ឡាញ​នឹងមាន​រីក​រាលដាល​ខ្លាំង​»​។ នេះ​ជាការ​បញ្ជាក់​យ៉ាង​ម៉ឺងម៉ាត់ របស់លោក វ៉េង មុនី និស្សិត​អាហារូបករណ៍ Erasmus+ ដែល​នឹង​ទៅ​សិក្សា​ថ្នាក់អនុបណ្ឌិត​ជំនាញ i-Business management នៅ​ចក្រភព​អង់គ្លេស​។  



​កំពុង​ចូលរួម​ក្នុង​ពិធី​ជូន​ដំណើរ​ជ័យលាភី​អាហារូបករណ៍​សហភាព​អឺរ៉ុប នៅ​ការិយាល័យ​សហភាព​អឺរ៉ុប​ប្រចាំ​នៅ​កម្ពុជា កាលពី​ល្ងាច​ថ្ងៃទី​១៩ កក្កដា ឆ្នាំ​២០១៦ យុវជន​ពាក់​អាវធំ និង​ពាក់​វ៉ែនតា​រូបនេះ បាន​ពន្យល់ថា i-business management គឺជា​មុខវិជ្ជា​មួយ ដែល​គេ​សិក្សា​លើ​ការធ្វើ​ពាណិជ្ជកម្ម​តាម​អ៊ីនធឺណិត ដូចជា ការលក់ទំនិញ​លើ​អន​ឡាញ និង​សេវាកម្ម​ផ្សេងៗ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​។  បន្ទាប់ពី​បញ្ចប់​អនុបណ្ឌិត​នៅ​ចក្រភព​អង់គ្លេស លោក វ៉េង មុនី នឹង​វិល​ត្រឡប់មក​កម្ពុជា ដោយ​ប៉ង​ធ្វើការ​ងារ​នៅ​ក្រសួង​ព័ត៌មាន​មួយរយៈ​ពេល និង​គ្រោង​រៀបចំ​បង្កើត​(Technology Center) ដែលមាន​ការគាំទ្រ​ពី​រដ្ឋាភិបាល ដើម្បី​ឲ្យ​និស្សិត​បាន​សិក្សា​ស្រាវជ្រាវ និង​ធ្វើ​ការងារ​នៅទីនេះ​ផង​។ លោក​ពន្យល់​បន្ថែមទៀត​ថា មជ្ឈមណ្ឌល​ស្រាវជ្រាវ​បច្ចេកវិទ្យា​នេះ គឺ​នឹងធ្វើ​ការងារ​លើ​ការស្រាវជ្រាវ​អំពី​ការធ្វើ​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​លោក​រំពឹងថា អាជីវកម្ម​តាម​អន​ឡាញ​នៅ​កម្ពុជា នឹងមាន​ការរីកចម្រើន​នៅ​ប៉ុន្មាន​ឆ្នាំ​ខាងមុខ​ទៀត​។

​នៅពេល​ខាងមុខ​ឆាប់ៗ​នេះ លោក វ៉េង មុនី នឹង​ឡើង​យន្តហោះ ដើម្បី​ទៅ​បន្ត​ការសិក្សា​នៅ   ប​ស្ចឹ​ម​ប្រទេស​។ ប៉ុន្តែ​មុននឹង​ចាក​ចេញពី​មាតុភូមិ មុនី មិន​កំណាញ់​ឡើយ ក្នុងការ​ចែករំលែក​ប​ទ​ពិសោធន៍ ប្រឡង​អាហារូបករណ៍​ដល់​និស្សិត​ដទៃទៀត​។ មុនី បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ដំបូង លោក​រារែក​ចិត្ត​ក្នុងការ​ប្រឡង​យក​អាហារូបករណ៍​បរទេស​ដែរ ពីព្រោះ​លោក​យល់ថា មាន​និស្សិត​ពូកែៗ​ជាង​លោក​ច្រើន តែ​ការគិត​បែបនេះ គឺជា​ការគិត​ខុសឆ្គង​។ ក្រោយមក លោក​សម្រេចចិត្ត​ប្រឡង ដើម្បី​សាក​សមត្ថភាព​របស់លោក​។ ការខិតខំ​ប្រឹងប្រែង និង​ការគិត​វិជ្ជមាន គឺ​បានធ្វើ​ឲ្យ​លោក​ទទួលបាន​អាហារូបករណ៍​ដូច​បំណង​មែន ហើយ​នេះ​ជា​លើកទីមួយ ដែល​លោក​ប្រឡង​អាហារូបករណ៍ ហើយក៏​ទទួលបាន​អាហារូបករណ៍​ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ Warwick ចក្រភព​អង់គ្លេស​។​

​លោក មុនី គឺជា​អតីត​និស្សិត​ព័ត៌មានវិទ្យា នៅ​សាកលវិទ្យាល័យ​ភូមិន្ទ​ភ្នំពេញ​(RUPP) និង​អក្សរសាស្ត្រ​អង់គ្លេស នៅ​វិទ្យាស្ថាន​ភាសាបរទេស​(IFL)​។  ជា​កូន​ទី​២​ក្នុងចំណោម​បងប្អូន​៣​នាក់ ដែល​កើត​នៅ​ភ្នំពេញ យុវជន វ៉េង មុនី​បាន​ប្រាប់​ពី​របៀប​ដាក់​អាហារូបករណ៍​យ៉ាង​ដូច្នេះ​៖«​ទីមួយ យើង​ត្រូវមាន​បទពិសោធន៍​ការងារ​ទាំង​ក្រៅ​ម៉ោង ឬ​ពេញ​ម៉ោង ស្ម័គ្រចិត្ត ឬ​យក​ប្រាក់ខែ​រយៈពេល​២​ឆ្នាំ តែបើ​យើង​ធ្វើ​ការងារ​ត្រូវ​ជំនាញ​ទៀត​នោះ យើង​នឹង​មានឱកាស​ច្រើន​ទទួល​អាហារូបករណ៍​។ ទី​ពីរ គឺ​ភាសា​អង់គ្លេស ព្រោះ​យើង​សិក្សា​ជា​ភាសា​អង់គ្លេស (IL​តូច​បំផុត​៦.៥) ទី​បី បើ​យើង​សុំ​អាហារូបករណ៍​នៅ​សាលា​ល្អ គេ​យក GPA ខ្ពស់ ទី​បួន ខ្ញុំ​ត្រូវ​សរសេរ​CV និង Personal Statement ឲ្យ​បានល្អ​បំផុត​»​។ 

​លោក​បាន​បន្ថែមទៀតថា ៖«​និស្សិត​ជាច្រើន​ភ័យខ្លាច​ក្នុង​ដាក់​អាហារូបករណ៍ តែ​កុំ​ខ្លាច ត្រូវ​គិតថា ទោះបី​ប្រឡង​ធ្លាក់ ក៏​មិន​ខាតបង់​អ្វី​នោះទេ តែ​ផ្ទុយទៅវិញ យើង​បានដឹង​ពី​សមត្ថភាព​របស់ខ្លួន​ឯង និង​មាន​បទពិសោធ ហើយ​លើក​ក្រោយ​យើង​ខំ​បន្តទៀត យើង​នឹង​អាច​ប្រឡង​ជាប់​ជាមិនខាន​»៕     


Tag:
 វ៉េង មុនី​
 ​ និស្សិត​អាហារូបករណ៍
© រក្សាសិទ្ធិដោយ thmeythmey.com