ជាតិ
សេដ្ឋកិច្ច
អង្គការ​មួយ​របស់​ម៉ាឡេស៊ី​គ្រោង​វិនិយោគ​លើក​ម្ចី​ឥត​ការប្រាក់​នៅ​កម្ពុជា​
26, Jul 2016 , 3:28 pm        
រូបភាព
រូបភាពពី៖ទំព័រហ្វេសប៊ុក CMDF
រូបភាពពី៖ទំព័រហ្វេសប៊ុក CMDF
​អង្គការ​មួយ​របស់​ប្រទេស​ម៉ាឡេស៊ី គ្រោង​បើក​ការវិនិយោគ លើ​ការផ្តល់​ឥណទាន​ឥត​ការប្រាក់​ក្នុងប្រទេស​កម្ពុជា​។ ស្ថាប័ន​អង្គការ​ឥស្លាម​មួយ​នេះ បានជ្រើសរើស​អង្គការ​មូលនិធិ​អភិវឌ្ឍន៍​មូ​ស្លិ​ម​កម្ពុជា (CMDF) របស់លោក អូស្មាន ហាស្សាន់ ជា​ដៃគូ ដើម្បី​អនុវត្តន៍​លើ​គម្រោង​ឥណទាន​ជា​លក្ខណៈ​ឥស្លាម​មួយ​នេះ​។​



​កាលពី​ថ្ងៃទី​២២ កក្កដា​កន្លងទៅ ថ្នាក់ដឹកនាំ CMDF បាន​ចុះ​អនុស្សរណ​យោគយល់​ជាមួយ​អង្គការ Amanah IKhtiar របស់​ប្រទេស​ម៉ាឡេស៊ី ដើម្បី​រៀបចំ​ដំណើរ​ការបើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ​ស្តង់ដា​ឥស្លាម​នៅ​កម្ពុជា​។ ស្ថាប័នហិរញ្ញវត្ថុ​នេះ គ្រោង​ផ្តល់​កម្ចី​ឥណទាន​ខ្នាតតូច នៅតាម​សហគមន៍ ដោយ​ពុំមាន​គិតការ​ប្រាក់​។​

​លោក សុះ មុះ​សិន អនុប្រធាន CMDF បាន​ឲ្យ​ដឹងថា ដំណាក់កាល​ដំបូង​ស្ថាប័ន​ទាំង​២ បាន​ចុះ​អនុស្សរណ ហើយនឹង​ឈានដល់​ការចុះ​កិច្ច​ព្រមព្រៀងគ្នា​ជា​ផ្លូវការ​នាពេលខាងមុខ​។ លោក សុះ មុះ​សិន មិនបាន​បញ្ជាក់​ពី​ពេលវេលា​ជាក់លាក់​ចំពោះ​ការបើក​ដំណើរ​ស្ថាប័នហិរញ្ញវត្ថុ ដែល​សហការ​ជាមួយ​ប្រទេស​ម៉ាឡេស៊ី​នេះ​ទេ ដោយ​លោក​បញ្ជាក់ថា មូលនិធិ​របស់លោក គ្រោង​បញ្ជូន​បុគ្គលិក​ទៅ​ទទួល​ការបណ្តុះបណ្តាល​រយៈពេល​៣​ខែ​នៅ​ម៉ាឡេស៊ី​។

​លោក​បន្តថា​៖«...​ជាការ​សាកល្បង យើង​ចង់​ធ្វើ​ក្នុង​តំបន់ភ្នំ​ពេញ​នេះ​សិន​។ យើង​មិនអាច​ចាប់ផ្តើម​ធំ​ទៅ​តែម្តង​នោះទេ គឺ​ពី​តូច​ទៅ​។ យើង​ផ្តល់​អតិ​ភាព​ទៅលើ​មុខរបរ​ស្ត្រី ចំណែក​ប្តី យើង​មិនសូវ​ឲ្យ​អតិ​ភាព​ទេ​។ ស្ត្រី​ជា​មេ​គ្រួសារ ដែលមាន​ជំហ និង​មាន​ឆ​ន្ទះ​ខ្ពស់ ក្នុង​ការចង់​បើក​មុខរបរ​រកស៊ី​អ្វីមួយ​...»​។​

​នៅ​ថ្ងៃទី​២៦ កក្កដា​នេះ ក្រុមការងារ​របស់​អង្គការ​គ្រឹះស្ថាន​ហិរញ្ញវត្ថុ Amanah IKhtiar  កំពុង​បន្តធ្វើ​បទ​បង្ហាញ​ដល់​ក្រុមការងារ​របស់ CMDF ជុំវិញ​ដំណើរ​ការបើក​គ្រឹះស្ថាន​ហិរញ្ញវត្ថុ​ដូចគ្នា​នៅ​ម៉ាឡេស៊ី​។ និស្សិត​ដែលមាន​ជំនាញ​ផ្នែក​ធនាគារ និង​ហិរញ្ញវត្ថុ ឫ​និស្សិត​ដែលមាន​បំណង​ធ្វើការ​លើ​ការងារ​នេះ អាចទាក់ទង​ទៅ​មូលនិធិ ដើម្បី​ដាក់​ពាក្យសុំ​ទទួល​ការបណ្តុះបណ្តាល​នៅ​ប្រទេស​ម៉ាឡេស៊ី​នាពេលខាងមុខ​។ នេះ​ជាការ​បញ្ជាក់​របស់លោក សុះ មុះ​សិន​។​

​រដ្ឋលេខាធិការ​ក្រសួង​ធម្មការ និង​សាសនា លោក សុះ មុះ​សិន បន្ថែមថា មូលនិធិ​របស់លោក ជា​អ្នករៀបចំ​នីតិវិធី​ផ្លូវច្បាប់ ដើម្បី​ដំណើរ​ការបើក​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Amanah នៅ​កម្ពុជា​។ លោក​បញ្ជាក់ថា វា​គឺជា​ស្ថាប័នហិរញ្ញវត្ថុ​បែប​មនុស្សធម៌ ដោយ​មិនមែនជា​ធនាគារ​ឡើយ និង​មិន​ស្វែងរក​ប្រាក់ចំណេញ​នោះដែរ​។ ទាក់ទង​នឹង​លក្ខខណ្ឌ​លើ​គម្រោង​ឥណទាន​នេះ លោក មុះ​សិន​បញ្ជាក់ថា កំពុង​សិ្ថ​ត​ក្រោម​ការសិក្សា​នៅឡើយ ព្រោះថា​ការអនុវត្ត​អាស្រ័យ​លើ​ភាពជាក់ស្តែង​នៃ​ប្រទេស​នីមួយៗ​។

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Amanah  IKhtiar នឹង​ចាប់ផ្តើម​លើ​គម្រោង​ផ្តល់​ឥណទាន​ឥត​ការប្រាក់​ដល់​ប្រជាពលរដ្ឋ​ក្រីក្រ​ចាប់ពី ៥០០០ រីង​ហ្គិ​ត (​ម៉ាឡេស៊ី​) ឫ​ស្មើនឹង ១២០០​ដុល្លារ ទៅ ១០០០០ រីង​ហ្គិ​ត ឫ​ស្មើនឹង ២៥០០​ដុល្លារ​។ ទិសដៅ​ចំបង គឺ​ផ្តោតលើ​សហគមន៍​ឥស្លាម​ក្រីក្រ​នៅ​ប្រទេស​កម្ពុជា​។ លោក មុះ​សិន មាន​សុទិដ្ឋិនិយម​ខ្ពស់​ចំពោះ​គម្រោង​នេះ ព្រោះ​វា​មាន​ប្រយោជន៍​ច្រើន​ដល់​ប្រជាពលរដ្ឋ​ខ្មែរ ជាពិសេស​បងប្អូន​មូ​ស្លិ​ម ដែល​កន្លងមក​ពួកគាត់​ពិបាក​ចំពោះ​កម្ចី​ធម្មតា​នៅតាម​គ្រឹះស្ថាន​ហិរញ្ញវត្ថុ ឫ​ធនាគារ ដែលមាន​ការប្រាក់ និង​ផ្ទុយ​ពី​ច្បាប់​សាសនា​។

​គ្រឹះស្ថាន​មីក្រូហិរញ្ញវត្ថុ Amanah  IKhtiar  មាន​អាយុកាល​២៩ឆ្នាំ​មកហើយ​។ ស្ថាប័ន​មីក្រូ​បែប​ឥស្លាម និងធំជាងគេក្នុងប្រទេសម៉ាឡេស៊ី​មួយ​នេះ ទទួលបាន​ជោគជ័យ​ខ្លាំង​នៅក្នុង​សហគមន៍​ក្នុងប្រទេស​ម៉ាឡេស៊ី និង​ប្រទេស​មួយចំនួន​មាន​បង់​ក្លា​ដេ​ស​ជាដើម​។

​នៅ​កម្ពុជា ការផ្តល់​កម្ចី​ឥត​ការប្រាក់ និង​បែប​សាសនា​ឥស្លាម​នេះ ធ្លាប់បាន​ដំណើរការ​ជាច្រើន​ឆ្នាំ​មកហើយ​ដែរ​។ លោក សុះ មុះ​សិន តាម​អ្វីដែល​លោក​ប៉ាន់ស្មាន មាន​អង្គការ និង​សមាគម​ប្រមាណ​៧ បាននិងកំពុង​អនុវត្តន៍​លើ​គោលការណ៍​ដូចគ្នានេះ ក្នុងនោះ​មាន​អង្គការ Muslim Aid និង​សមាគម​គ្រូពេទ្យ​ឥស្លាម​កម្ពុជា​។​ល​៕


Tag:
 ឥណទាន​ឥត​ការប្រាក់​
  សហគមន៍​ឥស្លាម​
© រក្សាសិទ្ធិដោយ thmeythmey.com