ជាតិ
លោក ឱម យ៉ិនទៀង ជឿថា ពលរដ្ឋ​នឹង​កាន់តែ​ស្អាតស្អំ ក្នុង​រយៈពេល ១០​ឆ្នាំ​ខាងមុខ​
27, Jul 2016 , 7:39 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ ប្រធាន​អង្គភាព​ប្រឆាំង​អំពើពុករលួយ (ACU) លោក ឱម យ៉ិនទៀង ជឿជាក់​យ៉ាង​មុតមាំ​ថា ពលរដ្ឋ​កម្ពុជា​ពីមួយ​ជំនាន់​ទៅមួយ​ជំនាន់​នឹង​កាន់តែ​ស្អាតស្អំ​រយៈពេល ១០​ឆ្នាំ​ខាងមុខ តាមរយៈ​ការអប់រំ​ស្តីពី ការប្រឆាំង​អំពើពុករលួយ​ក្នុង​កម្មវិធីសិក្សា​ចាប់ពី​កម្រិត​បឋមសិក្សា រហូតដល់​ថ្នាក់​ឧ​ត្ត​មសិ​ក្សា នៅ​ទូទាំងប្រទេស​។​



​លោក ឱម យ៉ិនទៀង សង្ឃឹមថា គ្រូ​បង្គោល​ប្រឆាំង​អំពើពុករលួយ​ជាង ១០០ និង​លោកគ្រូ​អ្នកគ្រូ​ដទៃទៀត ដែល​នឹង​បណ្តុះបណ្តាល​សិស្សានុសិស្ស​កម្រិត​បឋម​សិក្សា​ជាង ៩​សែន​នាក់ ទូទាំងប្រទេស​នោះ នឹង​អាច​ជំរុញ​ឲ្យ​សិស្ស​ទាំងនោះ​ក្លាយជា​ពលរដ្ឋ​ស្អាតស្អំ​ដែល​ប្រឆាំង​អំពើពុករលួយ ស្របតាម​គោល​គំនិត​របស់ ACU និង​ក្រសួង​អប់រំ ដែលមាន​គោលបំណង​ជំរុញ​ការប្រឆាំង​អំពើពុករលួយ​នៅក្នុង​សង្គម​។​

​ថ្លែង​ក្នុង​ពិធី​បើក​វគ្គ​បណ្តុះបណ្តាល​គ្រូ​បង្គោល​សម្រាប់​ការអប់រំ ស្តីពី​ការប្រឆាំង​អំពើពុករលួយ ក្នុង​កម្មវិធីសិក្សា​បឋម​សិក្សា​ចំណេះ​ទូទៅ​នៅ​ព្រឹក​នេះ​ប្រធាន ACU រូបនេះ បានបញ្ជាក់​ដូច្នេះ​ថា​៖«​ខ្ញុំ​សង្ឃឹម​ជឿជាក់ថា ១០​ឆ្នាំ​ទៀត ក្មេងជំនាន់ក្រោយ​នឹង​គិត​ខុស​យើង​លើ​បញ្ហា​នានា រឿង​ប្រជាធិបតេយ្យ សិទ្ធិមនុស្ស គឺ​វា​មិនមាន​ធាតុ​មួយ​ខ្វះ​ធាតុ​មួយ​ទេ​លើ​បញ្ហា​នេះ​។ រាល់ថ្ងៃនេះ យើង​មាន​ធាតុ​ទាំង​មែន តែ​វា​នៅមាន​ទាប មាន​ខ្ពស់​ចឹ​ង​។ សិស្ស​ទាំងអស់​ក្លាយជា​ពលរដ្ឋ​មួយ​ដែល​ថ្មី​ជាង​យើង​។ យើង​អាច​គិតថា គេ​អាច​ថ្មី​ជាង​យើង អាច​ខុសពី​យើង​សព្វថ្ងៃ​ច្រើន​ដែរ​។ ហើយ លទ្ធផល​អស់នោះ កើតចេញ​សកម្មភាព​របស់​យើងទាំងអស់គ្នា នៅថ្ងៃនេះ​»​។

​បើតាម​លោក ឱម យ៉ិនទៀង វគ្គ​បណ្តុះបណ្តាល​រួមគ្នា​រវាង​អង្គភាព ACU និង​ក្រសួង​អប់រំ យុវជន និង​កីឡា រយៈពេល ២​ថ្ងៃ ក្នុង​ឆ្នាំ​ទី​៣​នេះ នឹង​ជួយ​ឲ្យ​គ្រូ​បង្គោល​យល់ច្បាស់​ពី​ខ្លឹមសារ និង​របៀប​បង្រៀន​មេរៀន​ស្តីពី ការប្រឆាំង​អំពើពុករលួយ​ដែល​ត្រូវបាន​រៀបចំឡើង​ដោយ​ភាព​ច្នៃប្រឌិត ស្របតាម​ឯកសារ ប្រឆាំង​អំពើពុករលួយ​ជាតិ និង​អន្តរជាតិ ក្នុង​កម្មវិធីសិក្សា​កម្រិត​បឋមសិក្សា (​ថ្នាក់​ទី​៤ ៥ និង​ទី​៦)​។

​សៀវភៅ​ប្រឆាំង​អំពើពុករលួយ​សម្រាប់​ក​ម្រិ​ត​បឋម សិក្សា​ចែកជា ១២​មេរៀន ក្នុងនោះ រួមមាន មេរៀន​ទី​១, អំពី​ភាពស្មោះត្រង់ ២, ការទទួលខុសត្រូវ​, ៣ ការគោរព​, ៤ សីលធម៌​, ៥ ការយកចិត្តទុកដាក់​, ៦ ការចែករំលែក​, ៧ អំពី​ទំនុកចិត្ត​, ៨ អំពី​កិច្ចសហការ​, ៩ អំពី​សមភាព និង​យុត្តិធម៌​, ១០ អំពី​សេរីភាព​, ១១ អំពី​ព្រហ្ម​វិហារធម៌ និង​មេ​រៀនទី​១២ ការរួម​គ្នា​មិន​ប្រព្រឹត្ត​អំពើពុករលួយ​។ លោកគ្រូ​អ្នកគ្រូ​បង្គោល​ទូទាំងប្រទេស នឹង​បណ្តុះ​ផ្នត់គំនិត​សិស្សានុសិស្ស ឲ្យ​មាន​ភាពស្មោះត្រង់ ការទទួលខុសត្រូវ គោរព​ខ្លួនឯង និង​អ្នកដទៃ ។ ជាពិសេស​ក្រមសីលធម៌ សមភាព យុត្តិធម៌ ដើម្បី​ធានា​តម្លៃ​កិត្តិយស​ពួកគេ គ្រួសារ និង​សង្គមជាតិ​ទាំងមូល​។​

​ក្រោយពី ACU និង ក្រសួង​អប់រំ​បា​នប​ញ្ជូ​ល​កម្មវិធី​អប់រំ​ប្រឆាំង​អំពើពុករលួយ​ក្នុង​កម្រិត​បឋមសិក្សា មធ្យមសិក្សា​បឋមភូមិ និង​ទុតិយភូមិ​រួច នៅ​ឆ្នាំ​បន្ទាប់​ពួកគេ​នឹង​ប​ញ្ជូ​ល ក្នុង​កម្មវិធី​កម្រិត​ថ្នាក់​ឧ​ត្ត​មសិ​ក្សា ទូទាំងប្រទេស​ទៀតផង​៕


Tag:
 ឱម យ៉ិនទៀង​
  ACU
© រក្សាសិទ្ធិដោយ thmeythmey.com