អន្តរជាតិ
មិន​ដល់​ពីរ​ឆ្នាំ ប្រធានាធិបតី​ឥណ្ឌូណេស៊ី​រុះរើ​គណៈរដ្ឋមន្ត្រី​ពីរដង​
27, Jul 2016 , 8:19 pm        
រូបភាព
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី
លោក Joko Widodo ប្រធានាធិបតីឥណ្ឌូនេស៊ី
​ប្រធានាធិបតី​ឥណ្ឌូណេស៊ី បានប្រកាស​រុះរើ​គណៈរដ្ឋមន្ត្រី​របស់លោក​ជា​លើក​ទី​ពីរ ក្នុង​រយៈពេល​មិន​ដល់​ពីរ​ឆ្នាំ​ផង​នោះ ក្នុង​គោលដៅ​ជំរុញ​កំណើនសេដ្ឋកិច្ច​របស់​ប្រទេស​សេដ្ឋកិច្ច​ធំជាងគេ​របស់​អាស៊ាន​។ យ៉ាងណាក្ដី ក៏មាន​ការរិះគន់​មួយចំនួន ចំពោះ​សមាជិក​មួយរូប​នេះ​នៃ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ ដ្បិត​មាន​ប្រវត្តិ​មិនល្អ​ទាក់ទង​នឹង​អំពើហិង្សា នៅពេល​ទី​ម័​រ​ខាងកើត​ទាមទារ​ឯករាជ្យ​។​



​រដ្ឋមន្ត្រី​ថ្មី​ចំនួន​១២​រូប នឹងត្រូវ​ចូលកាន់​តំណែង នៅក្នុង​ការរុះរើ​គណៈរដ្ឋមន្ត្រី​របស់ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ វី​ដូ​ដូ (Joko Widodo) នៅ​ថ្ងៃទី​២៧ ខែកក្កដា​។ នេះ​ជាការ​រុះរើ​គណៈរដ្ឋមន្ត្រី​លើក​ទី​ពីរ​របស់លោក វី​ដូ​ដូ ចាប់តាំងពី​លោក​ចូលកាន់​តំណែង​ក្នុង​ឆ្នាំ​២០១៤​មក ហើយ​ការរុះរើ​នេះ គឺ​ដើម្បី​ប្រសិទ្ធភាព​ការងារ និង​ធ្វើ​យ៉ាង​ឲ្យ​សេដ្ឋកិច្ច​ឥណ្ឌូណេស៊ី កាន់តែ​រីកចម្រើន​។​

​ក្នុង​សន្និសីទកាសែត​នៅ​វិមាន​ប្រធានាធិបតី លោក វី​ដូ​ដូ និយាយថា លោក​តែងតែ​ចង់​ធ្វើការ​ឲ្យ​ច្រើន ដូច្នេះ​គណៈរដ្ឋមន្ត្រី​របស់លោក នឹង​ធ្វើការ​កាន់តែ​លឿន មាន​ប្រសិទ្ធភាព និង​កាន់តែ​រឹងមាំ​។ លោក បន្ថែមថា ការរុះរើ​គណៈរដ្ឋមន្ត្រី ក៏​នឹង​ជួយ​ពង្រឹង​ការងារ​របស់​រដ្ឋាភិបាល​ផងដែរ ខណៈ​បញ្ហា​ជាច្រើន​ដូចជា ភាពក្រីក្រ វិសមភាព​សេដ្ឋកិច្ច ដែល​សុទ្ធតែ​ត្រូវការ​វិធានការ​ចាំបាច់​។

​កាសែត The Jakarta Post ផ្សាយ​ថា ក្នុងកា​រុះរើ​គណៈរដ្ឋមន្ត្រី​ថ្មី​នេះ មាន​រដ្ឋមន្ត្រី​ចំនួន​បួន ត្រូវបាន​ដោះដូរ​ទៅកាន់​តំណែង​ថ្មី​។ ចំណែកឯ​ក្រសួង​ចំនួន​៩​ផ្សេងទៀត នឹងមាន​រដ្ឋមន្ត្រី​ថ្មី ស្រប​ពេលដែល​រដ្ឋមន្ត្រី​ចាស់ ត្រូវបាន​ដកចេញ​ពី​តំណែង ដែល​ភាគច្រើន​ជា​ក្រសួង​ដែល​ពាក់ព័ន្ធ​នឹង​វិស័យសេដ្ឋកិច្ច​។ ប្រធានាធិបតី វី​ដូ​ដូ បានតែងតាំង​លោកស្រី Sri Mulyani Indrawati  ដែលជា​មន្ត្រីជាន់ខ្ពស់រ​បស់​ធនាគារពិភពលោក ជា​រដ្ឋមន្ត្រី​សេដ្ឋកិច្ច​ថ្មី សំដៅ​ពង្រឹង​ការកែទម្រង់​វិស័យសេដ្ឋកិច្ច​របស់​ឥណ្ឌូណេស៊ី​។​

​យ៉ាងណាមិញ អ្វីដែល​ធ្វើ​ឲ្យ​គេ​ភ្ញាក់ផ្អើល​នោះ គឺ​ការតែងតាំង​អតីត​មេទ័ព​លោក​ឧ​ត្ត​ម​សេនីយ៍ Wiranto ជា​រដ្ឋមន្ត្រី​កិច្ចការ​នយោបាយ ច្បាប់ និង​សន្តិសុខ​ជាតិ ដែលជា​តួនាទី​សំខាន់​មួយ​។ លោក Wiranto ត្រូវបាន​ចោទប្រកាន់​ចំពោះ​ការធ្វើរ​ទារុណកម្ម អំឡុងពេល​កងទ័ព​ឥណ្ឌូណេស៊ី កាន់កាប់​ទី​ម័​រ​ខាងកើត​រយៈពេល​២៧​ឆ្នាំ ហើយ​ការ​តែង​តែង​រូបលោក ត្រូវបាន​អ្នកការពារ​សិទ្ធិមនុស្ស ចាត់ទុកជា​ការដើរថយក្រោយ​។

​ប្រភពព័ត៌មាន​ខាងលើ​បន្តថា អតីត​មេទ័ព​ខាងលើ ស្ថិតក្នុង​បញ្ជី​មន្ត្រីជាន់ខ្ពស់​រង​ការចោទប្រកាន់ របស់​រដ្ឋអាជ្ញា​អង្គការសហប្រជាជាតិ​។ អំឡុងពេល​កាន់កាប់​ជិត​បី​ទសវត្សរ៍ មនុស្ស​ប្រមាណ​មួយ​សែន​នាក់ បាត់បង់​ជីវិត​ក្រោម​ស្នាដៃ​ទាហាន​ឥណ្ឌូណេស៊ី ឬក៏​ស្លាប់​ដោយសារ​ខ្វះ​អាហារ និង​ជំងឺ ខណៈដែល​អតីត​មេ​ផ្ដាច់ការ ស៊ូ​ហារ​តូ (Suharto) កំពុង​គ្រប់គ្រង​អំណាច​នៅពេលនោះ​៕


Tag:
 ឥណ្ឌូណេស៊ី​
© រក្សាសិទ្ធិដោយ thmeythmey.com