ជាតិ
សិល្បះ
ចម្រៀង​៥៧​បទ​ទៀត​របស់លោក​ស៊ីន ស៊ី​សាមុត ទទួលបាន​កម្មសិទ្ធិបញ្ញា​
28, Jul 2016 , 9:59 pm        
រូបភាព
លោក ស៊ីន សេដ្ឋាកុល ចៅប្រុស​បង្កើត​របស់​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត
លោក ស៊ីន សេដ្ឋាកុល ចៅប្រុស​បង្កើត​របស់​អធិរាជ​សំឡេងមាស ស៊ីន ស៊ីសាមុត
​ក្រុមគ្រួសារ​របស់លោក ស៊ីន ស៊ី​សាមុត ទើបតែ​ទទួលបាន​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ចំនួន​៥៧​បទ​បន្ថែមទៀត​ពី​ក្រសួង​វប្បធម៌ និង​វិ​ចិត្ត​សិល្បៈ ។ ការទទួលស្គាល់​បន្ថែម​នេះ ធ្វើ​ឲ្យ​ចម្រៀង​របស់​អធិរាជ​សំឡេង​មាស ដែល​ទទួលបាន​កម្មសិទ្ធិ​បញ្ញា កើន​ដល់​១៣០​បទ​។​



​ក្រសួង​វប្បធម៌​និង​វិចិត្រសិល្បៈ​បានសម្រេច​ទទួលស្គាល់​នូវ​សិទ្ធិ​និពន្ធ​លើ​បទ​ចម្រៀង​ចំនួន​៥៧​បទ​បន្ថែមទៀត របស់លោក ស៊ីន ស៊ី​សាមុត ដែល​ស្នើឡើង​ដោយ​ក្រុមគ្រួសារ​របស់លោក ។

​លោក ស៊ិន សា​រ៉ា​ឌី ប្រធាន​នាយកដ្ឋាន​សិទ្ធិ​អ្នកនិពន្ធ និង​សិទ្ធិ​ប្រហាក់ប្រហែល នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ថា ក្រុមគ្រួសារ​របស់លោក ស៊ីន ស៊ី​សាមុត បាន​យក​បទ​ចម្រៀង​ជាង​១១០​បទ និង​ភស្តុ​តា​ពាក់ព័ន្ធ ដែល​បញ្ជាក់ថា បទ​ចម្រៀង​ទាំងនោះ គឺជា​ស្នាដៃ​របស់គាត់​មក​ស្នើ​ដល់​ក្រសួង​។ ប៉ុន្តែ​ក្នុងចំណោម​បទ​ចម្រៀង ជាង​១១០​បទ​នោះ ក្រសួង​ផ្ទៀងផ្ទាត់​ថា មាន​បទ​ចម្រៀង​ចំ​នួ​៥៧​បទ ដែលជា​ស្នាដៃ​របស់គាត់​។

​បើតាម​លោក ស៊ិន សា​រ៉ា​ឌី បញ្ជាក់​បន្ថែមថា​៖«​ក្រុមគ្រួសារ​របស់លោក​ស៊ីន ស៊ី​សាមុត បាន​យក​បទ​ភ្លេង ទំនុកច្រៀង និង​បទ​ចម្រៀង​ដែល​គាត់​(​ស៊ីន ស៊ី​សាមុត​) ច្រៀង​ដោយ​ខ្លួនឯង​ផង​ដាក់​មកដល់​នាយកដ្ឋាន​យើង​។  បន្ទាប់ពី​ផ្ទៀងផ្ទាត់​ភស្តុតាង សាក្សី​រួចមក ក្រសួង​ក៏​សម្រេច​ទទួលស្គាល់​បទ​ច​ម្រៀ​ង​៥៧​បន្ថែមទៀត​របស់គាត់​»​។

​កាលពី​ថ្ងៃទី​១៧ ខែធ្នូ ឆ្នាំ​២០១៥ កន្លងទៅ​ក្រុមគ្រួសារ លោក ស៊ីន ស៊ី​សាមុត ទទួលបាន​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ចំនួន​៧៣​បទ​តាមរយៈ​ក្រសួងពាណិជ្ជកម្ម និង​ក្រសួង​វប្បធម៌​។ រាប់ទាំង​បទ​ចម្រៀង ៥៧​បទ​នេះ​ទៀត ក្រុមគ្រួសារ​របស់​អធិរាជ​សំឡេង​មាស ទទួលបាន​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​សរុប​ចំនួន​១៣០​បទ​។ ក្រុមគ្រួសារ​របស់​អធិរាជ​សំឡេង​មាស ក៏​នឹង​ទទួលបាន​ប្រយោជន៍​ជាច្រើន​ពីបទ​ចម្រៀង​ទាំងនោះ​ផងដែរ​។​

​ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ​នៅ​ថ្ងៃទី​២៨ ខែកក្កដា​នេះ លោក ស៊ីន សេដ្ឋា​កុល ចៅប្រុស​របស់លោក ស៊ីន ស៊ី​សាមុត បាន​បញ្ជាក់ថា ចាប់តាំងពី​ទទួលបាន​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​ចំនួន​៧៣​បទ​មក ក្រុមគ្រួសារ​បាន ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​ស្មា​ត គឺ​ការដាក់​បទ​ចម្រៀង​ទាំងនោះ​ជា (Smart tune)  និង​ចុះកិច្ចសន្យា​ជាមួយ​ក្រុមហ៊ុន​កូរ៉េ ដើម្បី​ផលិត​ថាស​ចម្រៀង​ទាំងនោះ​ឡើងវិញ​។​

​ក្រៅពី​សាទរ​ចំពោះ​ការទទួលស្គាល់​ស្នាដៃ​របស់​ជីតា​របស់ខ្លួន​បន្ថែម​នេះ លោក ស៊ីន សិទ្ធិ​កុល អះអាងថា​ក្រុមគ្រួសារ​របស់លោក នឹង​ស្នើសុំ​កម្មសិទ្ធិបញ្ញា​លើ​បទ​ចម្រៀង​របស់​អធិរាជ​សំឡេង​បន្តទៀត​ផងដែរ​៕


Tag:
 ស៊ីន ស៊ី​សាមុត​
  ​ចម្រៀង​
 ​ កម្មសិទ្ធិបញ្ញា​
© រក្សាសិទ្ធិដោយ thmeythmey.com