ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក និ​ក ម៉ាក អ្នក​អភិរក្ស​សត្វព្រៃ​ភ្នំ​តា​ម៉ៅ ស្រឡាញ់​សត្វ​ខ្លា ជាង​មនុស្ស​
21, Aug 2016 , 8:30 pm        
រូបភាព
ដោយ:
​លោក និក ម៉ាក​(Nick Mark) បាន​ចំណាយពេល​ស្ទើរ​មួយជីវិត​រស់នៅ​ជាមួយ​សត្វព្រៃ​។ លោក​បានធ្វើ​ការងារ​ជា​អ្នក​អ​ភ​រិ​ក្ស​សត្វព្រៃ នៅ​ចក្រភព​អង់គ្លេស  ឥណ្ឌា និង​ប្រទេស​អា​ហ្វ្រិ​ច  និង​អស់​រយៈ​១៤​ឆ្នាំ​ចុង​ក្រោយនេះ​លោក​បានមក​ធ្វើ​ការងារ​អភិរក្ស​សត្វព្រៃ​នៅ​ឧ​ទ្យា​សួនសត្វ​ភ្នំ​តា​ម៉ៅ​។ ជនជាតិ​អង់គ្លេស​វ័យ​៦៥​ឆ្នាំ​រូបនេះ អះអាងថា រូបគាត់​ស្រឡាញ់​សត្វ​ខ្លា​ជាង​មនុស្ស និង​ចាត់ទុក​សត្វ​ខ្លា ជា​មិត្តភក្តិ​ដ៏​ល្អ​។

 
«​ខ្ញុំ​ស្រឡាញ់​សត្វ​ខ្លា​ជាង​មនុស្ស ព្រោះ​ខ្លា​អត់​ចេះ​ភូតកុហក និង​ស្មោះត្រង់​ជាង​មនុស្ស​។ ចំណែក​មនុស្ស​វិញ​ភូត​រហូត គិតតែ​លុយ​…»​។ នេះ​ជាស​ម្តី​មួយៗ​របស់ លោក និក ម៉ាក  នាយក​សង្គ្រោះ និង​ថែរក្សា​សត្វព្រៃ នៃ​អង្គការ​សម្ព័ន្ធមិត្ត​សត្វព្រៃ (Wildlife Alliance) ដែល​បាន​ផ្តល់ជំនួយ​ដល់​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ​តាំងពី​ឆ្នាំ​២០០១​មក​នោះ​។ 
 
​អ្នក​អភិ​រក្សា​សត្វព្រៃ​រូបនេះ និយាយ​ជា​ភាសា​ខ្មែរ​ទាំង​មិនសូវ​ច្បាស់​ថា មាន​សត្វព្រៃ​ជាច្រើន​ដែល​ខ្លួន​ស្រឡាញ់ តែ​តាំងពី​តូច​មក​លោក​ស្រឡាញ់​សត្វ​ខ្លា​ជាងគេ​។ ទោះ​ធ្លាប់​ត្រូវ​សត្វ​ខ្លាខាំ​ជាច្រើនលើក​មកហើយ​ក៏ដោយ តែ​បុរស​វ័យ​៦៥​រូបនេះ បានចាត់ទុក​សត្វ​ខ្លា​ជា​មិត្តភក្តិ​ដ៏​ល្អ​បំផុត ព្រោះ​លោក​យល់ថា ខ្លា​ជាស​ត្វ​មាន​ភាពស្មោះត្រង់​ជាង​មនុស្ស​។ 
 
​ការងារ​អភិរក្ស​ជាមួយ​សត្វ​ខ្លា​ជាច្រើន​ឆ្នាំ​មកនេះ ធ្វើ​ឲ្យ​លោក​ចេះ​ស្តាប់​ភាសាសត្វ​ខ្លា​បាន​យ៉ាងច្បាស់​លាស់​។ លោក​បញ្ជាក់បន្ថែម​៖ «​ខ្ញុំ​ចេះ​ភាសាសត្វ​ខ្លា ដូចជា សួស្តី​! សុខ​សប្បាយ​!... ព្រោះ​ខ្ញុំ​មាន​បទពិសោធ​ច្រើន​ជាមួយ​ខ្លា ធ្វើ​ការងារ​ជាមួយ​ខ្លា តាំងពី​នៅ​អា​ហ្វ្រិ​ច ឥណ្ឌា និង​នៅ​ស្រុកកំណើត​របស់ខ្ញុំ​។ សត្វ​ខ្លា វា​កាច ពេល​វា​ឃ្លាន តែ​វា​ស្មោះត្រង់​ណាស់​»​។  
​សូម​ស្តាប់​សំឡេង​លោក និក ម៉ាក ៖


 

 
​ជនជាតិ​អង់គ្លេស​រូបនេះ មិនបាន​រៀន​បាន​ជ្រៅជ្រះ​នោះ ពោលគឺ​លោក​មិនបាន​រៀន​បរិញ្ញាបត្រ​នោះទេ ប៉ុន្តែ​តាមរយៈ​ការងារ​ជា​អ្នក​អភិរក្ស​យូរ​ឆ្នាំ លោក​ត្រូវបាន​គេ​អញ្ជើញ​ឲ្យ​ចូលរួម​រៀន​អនុបណ្ឌិត (Master)​រយៈ​មួយឆ្នាំ ផ្នែក​អភិរក្ស​ជីវៈចម្រុះ​(Conservation Biology)​នៅ​សាកលវិទ្យាល័យ Kent នៅ​ចក្រភព​អង់គ្លេស​។ លោក និក ម៉ាក មិន​ចូលចិត្ត​ធ្វើ​ការងារ​នៅក្នុង​ការិយាល័យ​នោះទេ តែ​លោក​ចូលចិត្ត​ព្រៃ​ជាង ហើយ​នេះ គឺជា​មូល​ហេតុដែល រូ​ក​គាត់​ប្រឡូក​ជាមួយ​ការងារ​អភិរក្ស​សត្វព្រៃ​រហូតមក​។ «​ខ្ញុំ​អត់​ចូលចិត្ត​អង្គុយ​នៅ​ការិយាល័យ​មុខ​កុំព្យូទ័រ តែ​ខ្ញុំ​ចូលចិត្ត​ជនបទ ដើរ​ព្រៃ ថែរក្សា​សត្វ និង​ស្រឡាញ់​សត្វ​។ កាល​ខ្ញុំ​នៅ​រៀន Master នៅ​សាកលវិទ្យាល័យ ខ្ញុំ​អត់​ដែល​ប្រើ​កុំព្យូទ័រ​ទេ​។ ខ្ញុំ​ជា​អ្នក​ល្ងង់ តែ​ខ្ញុំ​ស្រឡាញ់​សត្វ​»​។​
 


​លោក និ​ក ម៉ាក បានមក​ធ្វើការ​ជាំ​អ្នក​អភិរក្ស​សត្វព្រៃ​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ​តាំងពី​ឆ្នាំ​២០០២​មក​។ រយៈពេល​១៤​ឆ្នាំ នៅ​កម្ពុជា   លោក រៀន​និយាយ​ភាសា​ខ្មែរ​ពី​មិត្តភក្តិ​ជនជាតិខ្មែរ ព្រមទាំង​អះអាងថា​មាន​មិត្តភក្តិ​ជា​ជនជាតិខ្មែរ ច្រើនជាង​ជនជាតិ​ផ្សេងៗ​ទៀត​។ លោក និក ម៉ាក​បន្ថែមទៀតថា​៖ «​ខ្ញុំ​ចូលចិត្ត​ជនជាតិខ្មែរ ព្រោះ​ប្រជាជន​ចិត្តល្អ ចេះ​លេងសើច ជាពិសេស​មនុស្ស​ធម្មតាៗ ខ្ញុំ​ចូលចិត្ត ទោះបី​ខ្ញុំ​អត់​ចេះ​សរសេរ​អក្សរ​ខ្មែរ តែ​ខ្ញុំ​អាច​និយាយ​ខ្មែរ​បាន​តាមរយៈ​ការរៀន​ពី​មិត្តភក្តិ​ជនជាតិខ្មែរ​»​។ 
 


​ទន្ទឹមនឹង​ការស្រឡាញ់ និង​ចូលចិត្ត​ការរស់នៅ​រប​ស់​ប្រជាជន​កម្ពុជា លោក និក ម៉ាក ក៏បាន​បង្ហាញ​កង្វល់រ​បស់​លោក​ផងដែរ ជុំវិញ​បញ្ហា​វិនាសកម្ម​សត្វព្រៃ​នៅ​កម្ពុជា​។  លោក​បន្ថែមថា​៖   «​បច្ចុប្បន្ននេះ សត្វ​ខ្លា​អស់ហើយ​នៅក្នុង​ព្រៃ ព្រោះ​មាន​អន្ទាក់​ដដែលៗ កាប់​ព្រៃ​ដដែលៗ​។ ត្បិត​នៅក្នុង​ព្រៃ​ធម្មតា​អស់​ខ្លា តែ​នៅ​ឧទ្យាន​សួនសត្វ​ដូចជា​នៅ​ភ្នំ​តា​ម៉ៅ​ខេត្តតាកែវ នៅ​ខេត្តបាត់ដំបង និង​ខេត្តកំពត គឺមាន​សត្វ​ខ្លា​ខ្លះ​ដែរ​»​។ 
 


​ម្យ៉ាងវិញទៀត នៅ​ថ្ងៃ​អនាគត លោក សន្និដ្ឋានថា សត្វព្រៃ​នៅ​កម្ពុជា​នឹង​ស្លាប់​ផុត​ពូជ​។         «​ឥឡូវ​ខ្ញុំ​និយាយ​ត្រង់ ប្រសិនបើ​យើង​ធ្វើ​ដដែលៗ ដាក់​អន្ទាក់​ដដែលៗ ក្រុម​ល្បាត​ចូល​ព្រៃ​ដោះ​អន្ទាក់​ចេញ ឯ​ព្រានព្រៃ​ចូល​ព្រៃ​ដាក់​វិញ ដដែលៗ សត្វព្រៃ​នឹង​អស់រលីង​។ អ្នក​ដែល​ប្រព្រឹត្ត​នោះ គឺ​ប្រជាជន​ខ្មែរ​ខ្លះ ជនជាតិ​វៀតណាម​ដែល​ចូលមក​រស់នៅ​ស្រុក​ខ្មែរ​ខ្លះ​»​។ លោក​លើកឡើង​ពី​មូលហេតុ​នៃ​បទល្មើស​ទាំងនេះ​ថា​៖«​ខ្ញុំ​ឧទាហរណ៍​នៅ​ខេត្តកោះកុង ក្រុម​ខ្ញុំ និង​អង្គការ​នៅ​ខេត្តកោះកុង គេ​ធ្វើការ​ហត់​ណាស់ ស្វែងរក​អន្ទាក់​ដើម្បី​ដោះចេញ តែ​ប្រជាជន និង​ព្រានព្រៃ ចូល​ព្រៃ​ម្តងទៀត​ដាក់​អន្ទាក់​ថែមទៀត នេះ​មកពី​ច្បាប់​ខ្សោយ​ពេក​អត់​ច្បាស់ អត់​ហ៊ាន​ចាប់​គេ​។ បញ្ហា​នេះ ទើប​មាន​សត្វ​ជាច្រើន​ពិការ និង​ងាប់​នៅ​ក្នុងព្រៃ​យ៉ាងច្រើន​»​។ 
 


​សព្វថ្ងៃនេះ ទោះបី​មានការ​បាត់បង់​សត្វព្រៃ​ជាច្រើន​សន្ធឹកសន្ធាប់​ក៏ដោយ លោក និក ម៉ាក បាន​កោតសរសើរ​ចំពោះ​ការគ្រប់គ្រង និង​ការអភិរក្ស​នៅ​ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មាន​លក្ខណៈ​ល្អប្រសើរ បើ​ធៀប​នឹង​ប្រទេស​វៀតណាម​។ បុរស​ជនជាតិ​អ​ងើ​គ្លេ​សរូប​នេះ បញ្ជាក់​ដូច្នេះ​៖«​បច្ចុប្បន្ន ភ្នំ​តា​ម៉ៅ​ល្អ​ជាង​កន្លែង​សួនសត្វ​នៅ​វៀតណាម​។ ភ្នំ​តា​ម៉ៅ យើង​មាន​លុយ​តិច តែ​សត្វ​យើង​សប្បាយ​នឹង​កើតកូន មាន​ទ្រុង​ធំ និង​ចំណី​គ្រប់គ្រាន់​»​។ 
 
​ជាមួយគ្នា​នោះ​លោក និ​ក ម៉ាក ប្តេជ្ញា​ថា នឹង​រស់នៅ​កម្ពុជា​រហូត ដើម្បី​រក្សា​សត្វព្រៃ​ដែល​នៅ​សេសសល់​ចុងក្រោយ ប្រសិនបើ​អង្គការ​របស់លោក មិន​ផ្លាស់ប្តូ​រលោក​ចេញពី​កម្ពុជា​នោះ​។ 
​សូមបញ្ជាក់ថា ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ និង​មជ្ឈមណ្ឌល​សង្គ្រោះ​សត្វព្រៃ មាន​ផ្ទៃដី​២៣០០​ហិច​តា ស្ថិតនៅក្នុង​ឃុំ​ត្រពាំង​សាប ស្រុក​បាទី ខេត្តតាកែវ ភាគខាងត្បូង​រាជធានី​ភ្នំពេញ ប្រហែល​៤០​គីឡូ​មែត្រ​។ ក្នុងនោះ មាន​សត្វព្រៃ​ចំនួន​១២០០​ក្បាល និង​ចំនួន​១០០​ប្រភេទ​។  ឧទ្យាន​សួនសត្វ​ភ្នំ​តា​ម៉ៅ មិន​ត្រឹមតែ​ជា​កន្លែង​អភិរក្ស​សត្វព្រៃ​ដ៏​ល្អ​ប៉ុណ្ណោះ​ទេ តែ​ក៏​ជា​កន្លែង​ទេសចរណ៍​សត្វព្រៃ​ដ៏​ពេញនិយម​បំផុត​នៅ​កម្ពុជា​ផងដែរ​៕            

Tag:
 Nick Mark
 ​ភ្នំ​តា​ម៉ៅ​
 ​សត្វ​ខ្លា
© រក្សាសិទ្ធិដោយ thmeythmey.com