English-Français
ពិសាកាហ្វេជាមួយគ្នា ផលិតសៀវភៅបានមួយក្បាល (Coffee makes a book)
× ភ្នំពេញ៖ ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ (Dr. Mengly, coffee and Me, healthy conversation) គឺជាចំណងជើងសៀវភៅរបស់លោក Drarmendra Singh Kshetrimayum ដែលនិយាយពីរឿងរ៉ាវរបស់លោក គួច ម៉េងលី។ លោកវេជ្ជបណ្ឌិត គួច ម៉េងលី គឺជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលីជេ.គួច អេឌ្យូខេសិន។ លោក Drarmendra Singh Kshetrimayum គឺជាជនជាតិឥណ្ឌា មានអាយុ៣២ឆ្នាំ មករស់នៅក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ២០១១ ហើយជំនាញរបស់លោក គឺអប់រំ។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី និងលោក Drarmendra Singh Kshetrimayum បានជួបគ្នាដោយសារលោក Drarmendra Singh Kshetrimayum ទទួលបានការងារធ្វើនៅក្នុងសាលារៀន និងវិទ្យាស្ថានអន្តរទ្វីបអាមេរិកាំង AIS និងAii។ មិនមែនរឿងទំនាក់ក្នុងការងារប៉ុន្មានទេដែលជំរុញឲ្យលោក Drarmendra Singh Kshetrimayum សរសេរសៀវភៅពីលោក គួច ម៉េងលី នោះ។ តាមពិត បុគ្គលទាំងពីរនាក់ចូលចិត្តពិសារកាហ្វេដូចគ្នា ហើយចូលចិត្តជជែកគ្នារឿងសង្គម និងរឿងរ៉ាវផ្សេងៗជាមួយគ្នា។ មិនត្រឹមតែប៉ុណ្ណោះ អ្វីដែលជំរុញឲ្យលោក Drarmendra Singh Kshetrimayum សរសេរនោះ គឺដោយសារលោកចាប់អារម្មណ៍រឿងរ៉ាវរបស់លោក ម៉េងលី ជាពិសេស។
សូមអញ្ជើញស្តាប់បទសម្ភាសន៍ជាភាសាអង់គ្លេសរវាងលោក គី សុខលីម អគ្គនាយកសារព័ត៌មានថ្មីៗ និងលោកវេជ្ជបណ្ឌិត គួច ម៉េងលី និងលោក Drarmendra Singh Kshetrimayum ដូចតទៅ៖
ការពិសាកាហ្វេជាញឹកញាប់ជាមួយគ្នាធ្វើឲ្យលោក Drarmendra Singh Kshetrimayum មានគំនិតចង់សេរសេរសៀវភៅពីលោកវេជ្ជបណ្ឌិត គួច ម៉េងលី។ សៀវភៅនេះនិយាយពីជីវិតអតីកាលខ្លះ, ពីទស្សនវិស័យខ្លះរបស់លោក គួច ម៉េងលី, ពីមនោគមន៍វិជ្ជារបស់លោក គួច ម៉េងលី និងពីបញ្ហាសង្គមខ្លះដែរ។
សំណេរនៅក្នុងសៀវភៅមានលក្ខណៈស្រួលអាន ព្រោះឃ្លាឃ្លោងត្រូវបានសរសេរឡើងជាលក្ខណៈសន្ទនារវាងលោកវេជ្ជបណ្ឌិត គួច ម៉េងលី និងលោក Drarmendra Singh Kshetrimayum។ ការសន្ទនាដែលមានលក្ខណៈសាមញ្ញ បណ្តុះគំនិតល្អៗ ថ្មីៗ បង្កើតឲ្យមានការយោគយល់គ្នារវាងដៃគូសន្ទនា នេះហើយ ទើបបុគ្គលទាំងពីបានហៅការសន្ទនារបស់ពួកគេថា៖«ការសន្ទនាស្មោះត្រង់ (Healthy conversation)»។
លោកវេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុនម៉េងលី ជេ. គួច អេឌ្យូខេសិន បានចេញលក់សៀវភៅ«ទស្សនៈអាជីវកម្ម»កាលពីថ្ងៃអាទិត្យកន្លងមក ហើយកាលពីដើមឆ្នាំ២០១៦នេះ លោកបានចេញលក់សៀវភៅ «You Are The Good. Better. Best» វគ្គទីមួយផងដែរ។
សូមបញ្ជាក់ថា ទាំងសៀវភៅ ជំនួបតុកាហ្វេរវាង ដុកទ័រ ម៉េងលី និងខ្ញុំ និងសៀវភៅ«ទស្សនៈអាជីវកម្ម» ត្រូវបានដាក់លក់ទៅបណ្ណាគា Monument Book និងបណ្ណាគាលក់សៀវភៅផ្សេងទៀតនៅទីក្រុងភ្នំពេញ និងតាមបណ្តាខេត្ត។ ថវិកាដែលទទួលបានពីការលក់សៀវភៅត្រូវយកទៅប្រើប្រាស់នៅក្នុងសកម្មភាពមនុស្សធម៌របស់លោកវេជ្ជបណ្ឌិត គួច ម៉េងលី។ នៅក្នុងរយៈពេលជាង១០ឆ្នាំកន្លងមកនេះ លោកវេជ្ជបណ្ឌិត គួច ម៉េងលី បានចំណាយប្រាក់ជាង៥លានដុល្លារអាមេរិកក្នុងបុព្វហេតុសកម្មភាពមនុស្សធម៌សុទ្ធសាធ៕
© រក្សាសិទ្ធិដោយ thmeythmey.com