ពីនេះ ពីនោះ
ពាក្យ​«​អាណោចអាធ័ម​» និង​«​អ​ណោ​ច​អ​ធ័​ម​» មួយណា​ទើប​ត្រឹមត្រូវ​?
24, Aug 2016 , 7:39 am        
រូបភាព
ដោយ: ថ្មីៗ
​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត ពាក្យ​ដែល​ត្រឹមត្រូវ​គឺ​ពាក្យ​«​អាណោចអាធ័ម​» ចំណែក​ពាក្យ​«​អ​ណោ​ច​អ​ធ័​ម​»​គឺ​គ្មាន​នៅក្នុង​វចនានុក្រម​ឡើយ​។



​ពាក្យ​«​អាណោចអាធ័ម​» មកពី​ពាក្យ​ថា អាណោច ជា​កិរិយាសព្ទ មានន័យថា  ស្រងោច​លន្លោចចិត្ត​, នឹក​អាណិត​ខ្លោចចិត្ត​, អាណោចចិត្ត​។ តែបើ​ប្រើ​ជា​គុណនាម មានន័យថា ដែល​ស្រងោច​លន្លោច​ក្រៃពេក​។ ចំណែក​ពាក្យ​ថា អាណោចអាធ័ម មានន័យថា ស្រងោច​លន្លោចចិត្ត​ពោរពេញ​ដោយ​ទុក្ខ​ឬ​ចង្អៀតចិត្ត​ណែន​តឹង​ស្ទើរ​ប្រេះ​ទ្រូងៈ នឹក​អាណោចអាធ័ម​ពុំ​ស្រាក​។

​ចំពោះ​ពាក្យ អាធ័ម អាច​ប្រើ​ជា អាធម្ម ក៏មាន ប៉ុន្តែ​ពាក្យ​ទាំងពីរ​នេះ​មាន​សេចក្ដី​ផ្សេងគ្នា គឺ​អាធ័ម មានន័យថា ដែល​ពេញ​, ដែល​ពោរពេញ​។ រីឯ ពាក្យ អាធម្ម ឬ អធម្ម ជា​គុណនាម មានន័យថា ដែល​មិនមែន​ធម៌​, ដែល​ខុស​ធម៌​, ក្រៅពី​គន្លង​ធម៌​, ខុសច្បាប់ ជាដើម​។ ឧទាហរណ៍ មនុស្ស​អាធម្ម មានន័យថា មនុស្ស​ក្រៅ​ធម៌​, មនុស្ស​ក្រៅច្បាប់​។​

​ដកស្រង់​ពី​វចនានុក្រម​ខ្មែរ​របស់ សម្ដេចព្រះសង្ឃរាជ ជួន ណាត


© រក្សាសិទ្ធិដោយ thmeythmey.com