ពីនេះ ពីនោះ
«​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​» គិត​វិជ្ជមាន​មានន័យ​អហិង្សា
24, Aug 2016 , 7:59 pm        
រូបភាព
ដោយ:
​ភ្នំពេញ​៖ មរតក​គតិបណ្ឌិតរ​បស់​ចាស់​បុរាណ​ខ្មែរ មាន​ច្រើនណាស់​ដែល​កូន​ខ្មែរ​ជំនាន់​ក្រោយ​ត្រូវតែ​គាស់កកាយ​យកមក​ពិចារណា ដើម្បី​ជា​ថ្នាល​គំនិត និង​មាគ៌ា​សម្រាប់​បង្ហាញ​ច្រក​ជីវិត​ខ្លួន និង​ដំណើរ​សង្គមជាតិ​ឲ្យ​ក្លាយជា​ឧត្ដម​ប្រទេស​។  ចំណា​និយាយថា "​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​" គឺជា​សុភាសិត​មួយ​ដែល​សាធារណជន​បច្ចុប្បន្ន កំពុង​វាយតម្លៃថា ជា​សុភាសិត​មួយ បើ​យកមកអនុវត្ត​ន៏ នោះ​នគរ​ទាំងមូល ប្រាកដជា មិនអាច​រក​ងារ ជន​ស្នេហា​ជាតិ ឧត្ដម​ជន​សម្រាប់​សង្គម និង​វីរជន បានទេ​។ តើ​ការវិនិច្ឆ័យ​បែបនេះ គឺជា​ការខុសឆ្គង​ដែរ​ឬ​យ៉ាងណា​?



​ដូនតា​ខ្មែរ​បាន​បន្សល់ទុក ទស្សនៈ គំនិត​ពិចារណា ដល់​ជន​ជំនាន់​ក្រោយ គឺ​សុទ្ធ​តែមាន​មូលហេតុ​។ ជាក់ស្ដែង​ណាស់​មាន​សុភាសិត​មួយ​លោក​ថា​"​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​" ទោះបី​មានការ​រិះគន់ថា ជា​គំនិត​មួយ ជា​ផ្នត់គំនិត​អន់ថយ​មួយ​ដែល​ចាស់​បុរាណ​លើកឡើង ហើយ​ពិតជា​មិនគួរ​យក​សុភាសិត​មួយ​នេះ​មក​អនុវត្ត​បានឡើយ​ក្នុងពេល​បច្ចុប្បន្ន​។

​ប៉ុន្តែ​បើ​យើង​ធ្វើការ​ពិចារណា​ពី​សុភាសិត​មួយ​នេះ នៅក្នុង​វិធី​គិត​បែប​វិជ្ជមាន​ជាមុន ទៅលើ​ចេតនា​របស់​ដូនតា​ខ្មែរ ដែល​បានលើកឡើង​នេះ​គេ​ឃើញថា​ជាធម្មតា មនុស្ស ឬ​បុគ្គល​ដែល​អះអាង​ខ្លួន​ខ្លាំង ខ្លួន​អង់អាច​ក្លា​ហ៊ាន មិនចេះ​ខ្លាច​អ្វី គឺ​ភាគច្រើន​តែងតែ​វិនាស ព្រោះតែ​ភាពក្លាហាន​របស់ខ្លួន​ដែល​បាន​អួតអាង​។ ប៉ុន្តែ​អ្នក​ដែល​មិន​អួតអាង មិន​ពាល បែរជា​ភាព​ច្រើន​រស់នៅ​មិនមាន​របួសស្នាម និង​មិន​ឈឺចាប់​ដោយហេតុ​ផ្សេងៗ​។ 

​ឧទាហរណ៍​ដ៏​សាមញ្ញ ការធ្វើ​ចរាចរណ៍​បច្ចុប្បន្ន ព្រោះតែ​ហ៊ាន ទើប​ធ្វើ​ឲ្យ​ឈាម​អ្នកស្លាប់​មាន​រាល់ថ្ងៃ​នៅតាម​ដងផ្លូវ​។ ប៉ុន្តែ​បើ​ខ្លាច​ប្រាកដ​ណាស់​ដើម្បី​មាន​សុវត្ថិភាព អ្នកបើកបរ​ទាំងអស់​នាំគ្នា​គោរព​ច្បាប់​និង​មាន​ទឹកចិត្ត អធ្យាស្រ័យ​គ្នា​ទៅវិញទៅមក គោរព​ច្បាប់ យល់ដឹង​អំពី​ច្បាប់​និង​តម្លៃ​នៃ​ជីវិត មិន​ប្រកាន់​ចិត្ត​យកឈ្នះ​និង​ខ្លាំង​រៀងខ្លួន​ឡើយ​។​

​ខាងលើនេះ​គឺជា​ហេតុផល​មួយ​ដែល​គេ​និយាយ​ក្នុង​ផ្លូវ​ដែល​សាមញ្ញ ប៉ុន្តែ​បើ​គិត​ចូល​ជ្រៅ​បន្តិច គំនិត​ដែល​លើកឡើងថា "​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​" គឺ​ច្បាស់​ណាស់​លោក​ចង់​កូនចៅ​ជំនាន់​ក្រោយ ឲ្យ​ចេះ​ប្រើប្រាស់​ភាព​វៃឆ្លាត និង​ភាព​បន់​បែន​របស់ខ្លួន​ក្នុងការ​ដោះស្រាយ​បញ្ហា​ផ្សេងៗ ទោះ​តូចក្ដី​ធំក្ដី​។ មូលហេតុ​អ្វីដែល​អាច​និយាយ​បែបនេះ​បាន​?

​ជាការ​ពិត គំនិត​មនុស្ស​គឺ​គេ​ពិបាក​ស្មាន​ឲ្យ​បាន​ច្បាស់​ពី​ចេតនា​របស់​ជន​នោះ​ដែល​បានលើកឡើង​ណាស់​។ ប៉ុន្តែ​រឿង​ដែល​សំខាន់​គឺ​បំណងល្អ ឬ​អាក្រក់​នៅក្នុង​គំនិត​នោះ​។  បក​មក​សុភាសិត​នេះ​វិញ គឺជា​សុភាសិត​មួយ​បាន​ដាស់តឿន ឲ្យ​ចេះ​ប្រមាណ​អំពី​កម្លាំង​របស់ខ្លួន ហើយ​ប្រើប្រាស់​ពេលវេលា​ឲ្យ​សមស្រប​ទៅតាម​បញ្ហា​ចំពោះមុខ​។ ភាពក្លាហាន​គ្មាន​យុទ្ធសាស្ត្រ គ្មាន​បញ្ញា គ្មាន​ការសិក្សា​ស្វែងយល់ វា​គ្រាន់តែ​ជា​ទង្វើ​លីលា ដែល​នាំ​ឲ្យ​វិនាស​ខ្លួន​តែប៉ុណ្ណោះ​។ ប៉ុន្តែ​បើ​ទុក​សេចក្ដី ហ៊ាន​នៅ​មួយកន្លែង  ហើយ​ថយ​មួយ​ជំ​ហ៊ាន​មក​រិះគិត រក​មធ្យោបាយ និង​សន្សំ​កម្លាំង​ឲ្យ​បាន​គ្រប់គ្រាន់ និង​រឹងមាំ​ដើម្បី​ប្រយុទ្ធ​ដោយ​ភាព​វៃឆ្លាត បែបនេះ​ទើប​គេ​ហៅថា​អ្នក​ក​ក្លាហាន​ពិតប្រាកដ ទោះ​មើល​មួយ​ភ្លែត​វា​ហាក់ដូចជា​"​កំសាក​" ប៉ុន្តែ​មិន​បរាជ័យ និង​វិនាស​ខ្លួន​។​
 
​ជា​មរតក​គតិបណ្ឌិត​នៃ​សុភាសិត​នេះ បើ​ធៀប​ជាមួយ​ទ្រឹស្ដី​ក្នុង​ព្រះពុទ្ធសាសនា សរ​បញ្ជាក់​ពី​តម្លៃ​នៃ​ការប្រើប្រាស់​ធម៌​អហិង្សា​។ 

​តែ​ទោះជា​យ៉ាងណា ភាពខ្វះខាត​នៃ​សុភាសិត នៅតែមាន ពេល​ការគិត និង​ការប្រតិបត្តិ ក្នុង​បរិបទ​សង្គម​ថ្មី ដែល​ចរន្ដ​នៃ​ការគិត​របស់​មនុ​ស្សចា​ប់​ផ្ដើម​ស្វែងយល់​កាន់តែច្បាស់​។ បើ​គិត​ក្នុង​ផ្លូវ អវិជ្ជមាន ដោយ​ធ្វើការ​បកស្រាយ​ថា​សុភាសិត​ខ្មែរ "​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​" ក្នុងន័យ​ការអប់រំ មហាជន​ខ្មែរ អោយ​ខ្លាច​និង​រណប​គេ បើ​យក មក​អនុវត្ត ច្បាស់​ណាស់​មនុស្ស​កាន់តែ​ច្រើន​នឹង​ទទួលរង​ភាពអយុត្តិធម៌ សង្គមជាតិ​ត្រូវគេ​មើលងាយ អ្នកចេះ​គ្មាន​ឱកាស​សាង​ស្នាដៃ​ឡើយ​។ បន្ថែម​ពីនេះ គឺ​បង្រៀន​ឲ្យ​មនុស្ស​ក្នុងសង្គម​កាន់តែ​នៅ​សម្ងំស្ងៀម ចាំ​អែបអប​យកបុណ្យ​សក្តិ ជិះជាន់​គេ​កាន់តែ​ច្រើនឡើង​។

​ជារួម​មកវិញ ពិភពលោក​ប្រទេស​ដែលមាន​ការ​អភិ​វ​ឌ្ប​ន៍ រីកចម្រើន សេរីភាព និង​ស​ន្ថិ​ភាព គឺ​មកពី​ប្រជាជនមាន​ការយល់ដឹង​ច្រើន ហើយ​ស្គា​ល់ពី​តួនាទី ស្គាល់​ភារកិច្ច និង​កាតព្វកិច្ច​ខ្លួនឯង​។ បន្ថែម​ពីនេះ ការនិយាយ​ចេះ​ស្តាប់​គ្នា និង​ចេះ​ស្គាល់​ហេតុផល​គឺជា​មាគ៌ា​ដ៏​ប្រសើរ​សម្រាប់​ជាតិ​។  ចំណែក​សុភាសិត "​អ្នក​ហ៊ាន​ស្បែក​ដាច អ្នកខ្លាច​ស្បែក​គង់​"​វា​មាន​ឥទ្ធិពល​ទៅតាម​អ្នក​ដែល​បកស្រាយ​ន័យ​តែប៉ុណ្ណោះ ព្រោះ​ម្ចាស់​សម្ដី​មិនអាច​ងើប​មក​តវា​ទាមទារ​រក​ខុសត្រូវ​ថា ការបកស្រាយ​នោះ​ត្រឹមត្រូវ ឬក៏​ខុស​ឡើយ​។ ប៉ុន្តែ​បើ​អ្នកបកស្រាយ​ចូលចិត្ត គិតតែ​លើផ្លូវ​អវិជ្ជមាន​ច្បាស់​ណាស់​សុភាសិត​នោះ​គឺ​គ្មាន​តម្លៃ​ឡើយ ប៉ុន្តែ​បើ​យកតែ​អ្វី​ដែលជា​ចេតនា​ល្អ មក​ពិចារណា ច្បាស់​ណាស់ តម្លៃ​របស់​សុភាសិត​នេះ​មាន​ជា​រៀងរហូត​៕


Tag:
 សុភាសិត​ខ្មែរ​
  វប្បធម៌
© រក្សាសិទ្ធិដោយ thmeythmey.com