អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
អូ​បា​ម៉ា រង​ការរិះគន់​ព្រោះ​ទៅពិនិត្យ​គ្រោះទឹកជំនន់​នៅ​ល្វី​ស្យា​ណា​យឺត​ជាង ដូ​ណា​ល់​ត្រាំ​
24, Aug 2016 , 7:39 pm        
រូបភាព
ដោយ: ថ្មីៗ
​លោក បា​រ៉ា​ក់ អូ​បា​ម៉ា អញ្ជើញ​ទៅ​ក្រុង Baton Rouge រដ្ឋ​ល្វី​ស្យា​ណា (Louisiana)​ដើម្បី​សួរសុខទុក្ខ​ប្រជាជន​ដែល​រងគ្រោះ​ដោយសារ ទឹកជំនន់ ស្រប​ពេលដែល​មានមតិ​រិះគន់ថា​លោក​មក​យឺត​ពេល ពោលគឺ​យឺត​ជាង ដូ​ណា​ល់ ត្រាំ​។ ប្រធានាធិបតី​ដែល​នៅសល់​ពេល​៥​ខែ​ប៉ុណ្ណោះ​ក្នុង​តំណែង​បាន​អះអាងថា វា​មិនមែនជា​ការថតរូប​ប​ង្ហា​ញ​ឲ្យ​ខ្លួន​ល្បី​ដែល​បានមក​ទីតាំង​រងគ្រោះ​ទឹកជំនន់​ឡើយ តែ​វា​ការរៀបចំ​ផែនការ​ឆ្លើយតប​តម្រូវ​ការ​និង​ជួយ​ប្រជាជន​ដែល​រងគ្រោះ​។​



​ទឹកជំនន់​វាយប្រហារ​ដ្ឋ​ល្វី​ស្យា​ណា បាន​ក្លាយជា​សមរភូមិ​នយោបាយ ស្រប​ពេលដែល​ការបោះឆ្នោត​អាមេរិក​កំពុង​បន្ត​ទៅមុខ​។ អ្នកនយោបាយ​ទៅមុន​បាន​ឆក់​ឱកាស​ទាញ​ប្រជាប្រិយភាព ដោយ​ប្រឹង​រិះគន់​អ្នកនយោបាយ​ផ្សេងទៀត​ដែល​ទៅ​ជួប​ប្រជាជន​យឺតយ៉ាវ​។

​លោក បា​រ៉ា​ក់ អូ​បា​ម៉ា រង់ចាំ​រហូតដល់​លើ​ពី ១​សប្តាហ៍ ទម្រាំ​លោក​ទៅធ្វើ​ដំណើរ​ទៅ​ជួប​ជាមួយ​ប្រជាជន​អាមេរិក​ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នៅ​ក្រុង Baton Rouge រដ្ឋ​ល្វី​ស្យា​ណា (Louisiana)​។ លោក​មិនបាន​លុបចោល​កាលវិភាគ​លំហែរ​កាយ​វិសមកាល​នៅ Martha's Vineyard​។  ប៉ុន្តែ​លោក​ប្រហែល​ជាមាន​ហេតុផល ដែល​ត្រូវ​ទុកពេល​មួយរយៈ​មុន​ទៅ​ត្រួតពិនិត្យ​ស្ថានការណ៍​ជាពិសេស​ពិនិត្យមើល​ការខូចខាត និង​សួរសុខទុក្ខ​ប្រជាជន​។​

​ចំណែក បេក្ខជន​ប្រធានាធិបតី​បក្ស​សាធារណរដ្ឋ​លោក ដូ​ណា​ល់ ត្រាំ បាន​ទៅកាន់​រដ្ឋ​ល្វី​ស្យា​ណា កាលពី​សប្តាហ៍​មុន នៅពេលដែល​គ្រោះទឹកជំនន់​កើតមានឡើង​ភ្លាមៗ​។  លោក​បាន​រិះគន់​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ដែល​នៅ​លំហែរ​កាយ ហើយ​មិន​គិតគូរ​ប្រជាជន​។ ប្រជាជន​នៅ​រដ្ឋ​ល្វី​ស្យា​ណា​ដែល​រងគ្រោះ ទំនង​ជាមាន​អារម្មណ៍​ថា​ខ្លួន​មិន​ទទួល​បានទទួល​ការយកចិត្តទុកដាក់​ពី​សំណាក់​អាជ្ញាធរ​ផង​។ 

​យ៉ាងណា​ក៏ដោយចុះ យោងតាម​សារព័ត៌មាន  CNN អ្នកនាំពាក្យ​សេត​វិមាន Josh Earnest បាន​ព្យាយាម​វាយបក​ចំពោះ​ការរិះគន់​ដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ដែល​ហាក់បីដូចជា​យឺត​ពេលនេះ​។ លោក​បាន​សង្កត់ធ្ងន់ថា​៖«  រដ្ឋាភិបាល​សហព័ន្ធ​បានផ្តល់​ជំនួយ​មាន​ទំហំ​ប្រហែល ១២០​លាន​ដុល្លារ​ដើម្បី​ជួយ​ដល់​ប្រជាជន​ដែល​រងគ្រោះ​រួចរាល់​ហើយ​។ ហើយ​ប្រធានាធិបតី​លោក​ធ្លាប់​ជួប​អស់ហើយ​អ្នក​ដែល​ប្រឹង​ទាញ​ប្រជាប្រិយភាព​យោ​បាយ​សូម្បីតែ​ក្នុង​កាលៈទេសៈ​ដែល​គេ​មិនគួរ​ធ្វើ​នោះ​»​។

​ចំណែក​លោក បា​រ៉ា​ក់ អូ​បា​ម៉ា ក៏បាន​បើក​សន្និសីទ​សារព័ត៌មាន​មួយ ក្រោយ​ត្រួតពិនិត្យ​ស្ថានភាព​គ្រោះទឹកជំនន់​ហើយ​នា​ថ្ងៃ​អង្គារ​ម្សិលមិញ​ដែរ​។  លោក បា​រ៉ា​ក់ អូ​បា​ម៉ា​បានចាប់ផ្តើម​ដោយ​ថ្លែង​ចូលរួម​សោកស្តាយ​និង​រម្លែក​ទុក្ខ​ចំពោះ​អ្នកស្លាប់​និង​ជនរងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់​នេះ​ផងដែរ​។ លោក​បញ្ជាក់ថា ប្រជាជន​ល្វី​ស្យា​ណា​ដែល​រងគ្រោះ​ដោយសារ​គ្រោះទឹកជំនន់ មិនមែន​នៅឯ​កោ​ឡើយ​។   គ្រោះទឹកជំនន់​នេះ​បាន​បង្ក​ផលប៉ះពាល់​ដល់​ប្រជាជន​១០៦០០០​គ្រួសារ និង​បំផ្លិច​បំ​ផ្លា​ច​ផ្ទះសម្បែង​ប្រជាជន​ច្រើនជាង ៦​ម៉ឺន​ខ្នង និង​សម្លាប់​មនុស្ស ១៣​នាក់​ឯណោះ​។

​ក្រៅពី​ចូលរួម​សម្តែង​ការសោកស្តាយ លោក​បាន​ពន្យល់ថា នៅពេល​ដែលមាន​គ្រោះមហន្តរាយ​នេះ គេ​គួរ​ទុក​បញ្ហានយោបាយ​មួយ​ឡែក​។ ឆ្លើយតប​ការរិះគន់​លោក​កន្ល​មក​នោះ​ជាពិសេស​សម្តី​លោក ដូ​ណា​ល់ ត្រាំ នោះ លោក អូ​បា​ម៉ា ក៏បាន​គូសបញ្ជាក់​ចំៗ​ថា វត្តមាន​របស់លោក​គឺ​ដើម្បី​ជួយ​ដោះស្រាយ​បញ្ហា​ប្រឈម មិនមែន​មក​ទស្សនកិច្ច​ដើម្បី​គ្រាន់តែ​ថតរូប​បង្អួត​សាធារណជន ឬ​ទាក់ទាញ​ប្រជាប្រិយភាព​ឡើយ​។

​លោក​ថា​៖ «​វា​មិនមែនជា​សកម្មភាព​ដែល​ធ្វើ​ម្តង​ហើយ​ឡើយ​។ វា​ក៏​មិនមែនជា​ការថតរូប​ប​ង្អួ​ត​ឬ​ទាញ​ប្រជាប្រិយភាព​ឡើយ​។ វា​ជាការ​ធ្វើយ៉ាងណា​ធានាថា ក្នុង​រយៈពេល ១​ខែ និង ៦​ខែ​ទៅមុខទៀត ប្រជាជន​ទាំងអស់​នៅតែ​អាច​ទទួលបាន​ជំនួយ​គ្រប់យ៉ាង​ដែល​ពួកគេ​ត្រូវកា​»៕


© រក្សាសិទ្ធិដោយ thmeythmey.com